ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីថ្លែងការណ៍ តប​ទៅ​នឹង​ចរន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ក្រៅប្រទេស​ មួលបង្កាច់​លាប​ពណ៌​លើ​កម្ពុជា ករណី Call Center!

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បណ្តាញ​ព័ត៌មាន​ពី​ក្រៅប្រទេស​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​មួលបង្កាច់…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បណ្តាញ​ព័ត៌មាន​ពី​ក្រៅប្រទេស​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​មួលបង្កាច់ លាប​ពណ៌​មក​លើ​កម្ពុជា ថា បណ្តែតបណ្តោយ​ឱ្យ​មានការ​ជួញដូរ​មនុស្ស ការ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម​លើ​ពលករ​បរទេស និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ពាក់ព័ន្ធ​នឹង Call Center ខុសច្បាប់​ជាដើម ។

ក្រសួងមហាផ្ទៃ មើលឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ ផ្ទុយ​ស្រឡះ​ពី​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​យក​រូបភាព​ពី​នេះ ពី​នោះ គ្មាន​ប្រភព​ច្បាស់ការ ឬ​យក​ពី​ក្រុម​អ្នក​បង្កើត​មាតិកា​រក​លុយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (MMO) និង​យក​រូបភាព​ចាស់​ៗ ដែល​សមត្ថកិច្ច​កម្ពុជា ធ្លាប់​ចុះ​បង្ក្រាប​កន្លង​ទៅ មក​ផ្តុំ​បញ្ចូល​គ្នា រួច​អត្ថាធិប្បាយ​បំផ្លើស​ពី​ការ​ពិត ហាក់បីដូចជា គម្រោង​ផែនការ​ទុច្ចរិត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ស្អាតស្អំ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

លើស​ពី​នេះ ក្រុម MMO បាន​យក​កម្ពុជា ធ្វើ​ជា​ប្រធានបទ​បង្កើត​មាតិកា​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍ ទាក់ទាញ​អ្នក​ទស្សនា នាំ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ពី​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​មក​លើ​កម្ពុជា​។ ដូច​បណ្តា​រដ្ឋ​ដទៃ​ទៀត ដែល​កើត​មាន​ករណី​ទាំងនេះ ក្រសួងមហាផ្ទៃ មាន​ឆន្ទៈ​មុតមាំ ក្នុង​ការ​សហការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​អំពើ​ខុសច្បាប់​ផ្សេង​ៗ ពាក់ព័ន្ធ​នឹង Call Center ដែល​ជា​បទល្មើស​សកល​។ ក្នុង​នោះ កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ថ្មី​ៗ​នេះ បាន​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០២៤-២០២៨ កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​កន្លង​ទៅ ដោយ​មាន​សមាសភាព​ចូលរួម​ពី​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​ប្រតិបត្តិ​ករ​។ ទន្ទឹម​នឹង​នេះ កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​បង្ក្រាប​ករណី​មិន​ប្រក្រតី​តាម​ប្រព័ន្ធ Call Center កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ និង​បាន​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជា​បន្តបន្ទាប់ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ រាជធានី​ភ្នំពេញ កោះកុង ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បា​វិត ខេត្តស្វាយរៀង ជាដើម ។

ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ថា អំពើ​ខុសច្បាប់​ពាក់ព័ន្ធ​នឹង Call Center នេះ គឺជា​បទល្មើស​សកល ដែល​កើតឡើង​តាម​បណ្តា​រដ្ឋ​ជុំវិញ​ពិភពលោក​ដែល​ត្រូវ​រួម​គ្នា​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​។ ជា​ការ​អនុវត្ត​ជាក់ស្តែង ស្ថានទូត នៃ​សាមីជន​បរទេស តែង​សហការ​ជាមួយ​រដ្ឋ ដែល​មាន​ករណី​កើតឡើង​។ ក្នុង​នោះ កម្ពុជា​ក៏​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​ប្រសិទ្ធភាព​ជាមួយ​បណ្តា​ស្ថានទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា និង​បណ្តា​រដ្ឋ​ដទៃ​ទៀត​ផង​ដែរ​។ ជា​ការ​កត់សម្គាល់ រាល់​ពាក្យ​ប្តឹង​របស់​សាមីខ្លួន ភាគច្រើន​នៅ​ពេល​សមត្ថកិច្ច ចុះ​ស្រាវជ្រាវ រក​ពុំ​ឃើញ​ដូច​កម្មវត្ថុ​បណ្ដឹង​ឡើយ តែ​ភាគច្រើន​ជា​ករណី​រដ្ឋប្បវេណី ទំនាស់​កិច្ចសន្យា លក្ខខណ្ឌ​ការងារ ទំនាស់​បុគ្គល​ឯកជន និង​ជា​លេស ដើម្បី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ជាដើម ។

ក្រសួងមហាផ្ទៃ សូម​អំពាវនាវ​សាធារណជន កុំ​លង់​ជឿ និង​ផ្សព្វផ្សាយ​បន្ត​។ អង្គភាព​សារព័ត៌មាន គប្បី​គោរព​ឱ្យ​បាន​ក្រមសីលធម៌​វិជ្ជាជីវៈ ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​។ ក្រុម MMO កុំ​តែ​ដើម្បី​ផលប្រយោជន៍​ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​រដ្ឋ​អធិបតេយ្យ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ចៀសវាង​កម្ពុជា​ប្រើ​សិទ្ធិ​ស្វ័យការពារ​តាម​ច្បាប់​ជា​ធរមាន ។

ជា​ថ្មី​ម្តងទៀត ក្រសួងមហាផ្ទៃ សូម​បញ្ជាក់​ជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី មាន​ឆន្ទៈ​យ៉ាង​មុះ​មុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​រាល់​អំពើ ខុសច្បាប់​ពាក់ព័ន្ធ​នឹង Call Center និង​ប្រយុទ្ធ​ប្រឆាំង​ចរន្ត​ព័ត៌មាន​ក្លែងក្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ