ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ៖ ការ​ថែរក្សា​អត្តសញ្ញាណប័ណ្ណ​​​​សញ្ជាតិ​ខ្មែរ​ឱ្យ​បាន​គត់មត់​ គឺចូលរួម​សន្សំ​សំចៃ​​ថវិការដ្ឋ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ឱ្យ​បាន​គត់មត់ ដើម្បី​ជួយ​សន្សំ​សំចៃ​ថវិការដ្ឋ ។ តាម​រយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ឱ្យ​បាន​គត់មត់ ដើម្បី​ជួយ​សន្សំ​សំចៃ​ថវិការដ្ឋ ។

តាម​រយៈ​សេចក្ដី​ជូន​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺជា​ឯកសារ​ផ្លូវការ​ដ៏​មាន​សារសំខាន់ សម្រាប់​បញ្ជាក់​អត្តសញ្ញាណ​ជា​ពលរដ្ឋ​ខ្មែរ និង​ត្រូវ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ជា​មូលដ្ឋាន​របស់​បុគ្គល ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​នីតិវិធី លក្ខខណ្ឌ​នៃ​ការ​សុំ​ផ្តល់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រង់​ប្រការ​៧​បាន​កំណត់​ថា «​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច​ហើយ ត្រូវ​ថែរក្សា​ឱ្យ​បាន​ល្អ បង្ការ​ការ​បាត់ ឬ​ខូច ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ៗ​តាម​ការ​កំណត់​នៃ​ច្បាប់​» ។

ទោះជា​យ៉ាងនេះ​ក្តី អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មិន​បាន​យល់​ពីសារ​សំខាន់​នៃ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ និង​បាន​ប្រើប្រាស់​ខុស​ពី​គោលបំណង​នៃ​ការ​ផ្តល់​ជូន​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន និង​មិន​បាន​ថែរក្សា​ឱ្យ​បាន​ត្រឹមត្រូវ​គត់មត់ ។

ជាក់ស្តែង នា​ពេល​ថ្មី​ៗ​នេះ មាន​ករណី​ផ្សព្វផ្សាយ​វី​ដេ​អូ​ពី​ពលរដ្ឋ​ម្នាក់ ដែល​បាន​យក​សន្លឹក​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ប្រើប្រាស់​ជា​ឧបករណ៍​ដេញ​ហ្គី​តា​លេង​កម្សាន្ត បណ្តាល​ឱ្យ​បាក់​របក​ខូច ដែល​ជា​ទ​ង្វើ​មិន​គប្បី និង​ជា​គំរូ​មិនល្អ ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ក្នុង​គោលបំណង​មិន​ត្រឹមត្រូវ​បាន​ធ្វើ​ឱ្យ​ខូចខាត​អសារ​បង់​ដែល​ជា​ការ​ខ្ជះខ្ជាយ​ការ​ចំណាយ​ថវិការដ្ឋ ។ សូម​បញ្ជាក់​ថា ក្នុង​គោលបំណង​គាំពារ​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បាន​ទទួល​បន្ទុក​ចំណាយ​ទាំងស្រុង​ទៅ​លើ ការ​ផលិត និង​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​ឥត​គិតថ្លៃ​។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​គូសបញ្ជាក់​ថា «​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សូម​មេត្តា​យកចិត្តទុកដាក់​ថែរក្សា​ឱ្យ​បាន​គត់មត់ ដើម្បី​ជួយ​សន្សំ​សំចៃ​ថវិការដ្ឋ និង​លើក​តម្លៃ​អត្តសញ្ញាណ​របស់​ជាតិ​យើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ