រាជធានីភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ។
ការប្តេជ្ញានេះខណៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ ការណ៍នេះ គឺជាមោទនភាពសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាន់តែច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។
ឯកឧត្តម បានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានបង្ហាញ នូវក្ដីរីករាយចំពោះវឌ្ឍនភាព និងភាពរឹងមាំ នៃទំនាក់ទំនងកម្ពុជា-ថៃ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបទ្វេភាគីកន្លងមក នៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌ រាជរដ្ឋាភិបាល និងខេត្តជាប់ព្រំដែន ។
សម្ដេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានកាត់បន្ថយតម្លៃទិដ្ឋាការការងារ និងតម្លៃបន្តសុពលភាពទិដ្ឋាការការងារ ព្រមទាំងលើកលែងតម្លៃ នៃការអនុញ្ញាតចូលប្រទេសថៃឡើងវិញ សម្រាប់ពលករកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លងមក។ សម្ដេចមហាបវរធិបតី បានលើកឡើងពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា អាចធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបបាន តាមរយៈការប្រើប្រាស់ប័ណ្ណព្រំដែន ។
សម្ដេចមហាបវរធិបតី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍ ៖ វិស័យការពារជាតិ និងសន្ដិសុខ ជាពិសេស ការបង្ក្រាបបទល្មើសឆ្លងដែន សំដៅ ប្រែក្លាយព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព សុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងពីរ ។ ក្រៅពីនេះ ក្នុងគោលដៅជំរុញវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្ដេចមហាបវរធិបតី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការជំរុញការឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត ជាពិសេសការបើកជាផ្លូវការ នូវច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ឱ្យបានឆាប់ ៕
ចែករំលែកព័តមាននេះ