ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយដំណឹងថា ក្លិប Man United កំពុងតែពិភាក្សាជាមួយអតីតគ្រូបង្វឹក Barcelona

1 ខែ មុន

ចក្រភពអង់គ្លេស ៖ យោងតាមប្រភពពីកាសែត Daily Mail ចក្រភពអង់គ្លេស កាលពីថ្ងៃទី២២ ខែតុលា បានរាយការណ៍ថា លោក…

ចក្រភពអង់គ្លេស ៖ យោងតាមប្រភពពីកាសែត Daily Mail ចក្រភពអង់គ្លេស កាលពីថ្ងៃទី២២ ខែតុលា បានរាយការណ៍ថា លោក Xavi Hernandez កំពុងក្លាយជាគោលដៅចម្បងរបស់ក្លិប Manchester United ប្រសិនបើក្លិបសម្រេចចិត្តបណ្តេញលោក Erik ten Hag ដែលជាចាត់ការទូទៅបច្ចុប្បន្ន។

ប្រភពដដែលបានរាយការណ៍ថា ក្លិប Man United បានទាក់ទងអតីតកីឡាករឆ្នើម និងគ្រូបង្វឹកក្រុម Barcelona ចំនួនពីរដងរួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមការងារដឹកនាំដោយលោក Omar Berrada នាយកប្រតិបត្តិក្លិប Man United បានហោះទៅកាន់ទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយកិច្ចពិភាក្សាជាច្រើនបានកើតឡើងនៅប្រទេសអេស្ប៉ាញកាលពីថ្មីៗនេះ ដោយសារមហាសេដ្ឋីជនជាតិអង់គ្លេស លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លិប Man United ក៏បាននៅទីនោះ ដើម្បីគាំទ្រផងដែរ។

ប្រភពដដែលបន្តថា ការរំពឹងទុកថា លោក Xavi គឺជាគោលដៅចម្បង ប្រសិនបើលោក Erik ten Hag ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំរយៈពេល២ឆ្នាំកន្លះ នៅទឹកដី Old Trafford។ ហើយសេណារីយ៉ូមួយបានបង្ហាញថា ជំនួយការគ្រូបង្វឹកជនជាតិហូឡង់រូបនេះ គឺលោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ការជំនួសបណ្តោះអាសន្នក្នុងរយៈពេលខ្លី។ លោក Xavi ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ដឹកនាំក្រុមនៅអេស្ប៉ាញម្តងទៀតនោះទេ ចាប់តាំងពីលាលែងចេញពីតំណែងគ្រូបង្វឹកក្រុម Barcelona កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយចូលដឹកនាំនៅឆ្នាំ ២០២១។

ក្រុមបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាករដូវកាលនេះ។ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី១២ តារាងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ក្រោយឆ្លងកាត់៨ប្រកួតកន្លងមក ឈ្នះ៣ ស្មើ២ និងចាញ់៣ ដោយមានគម្លាតរហូតដល់១០ពិន្ទុពីក្រុមកំពូលតារាង Liverpool។ កត្តានេះហើយ ទើបបានអ្នកដឹកនាំក្លិប ជាពិសេសអ្នកគាំទ្រកាន់តែមិនសប្បាយចិត្ត ក្រោមការដឹកនាំគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បើទោះបីជាចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើការទិញកីឡាករជាច្រើនយ៉ាងណាក៏ដោយ៕ (ប្រភព ៖ BBC និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ