ខេត្តព្រៃវែង ៖ ប្រជាពុទ្ធបរិស័ទ២ក្រុម បានប៉ះទង្គិចពាក្យសំដីគ្នា រហូតធ្វើឱ្យមានភាពរញ៉េរញ៉ៃពេញក្នុងព្រះវិហារវត្តពន្លៃ ដោយសារតែវត្តនេះមានព្រះគ្រូចៅអធិការពីរអង្គ ហើយដណ្ដើមគ្នាគ្រងត្រៃកឋិន ប្រៀបដូច «ភ្នំមួយមានខ្លា២» ។
ភាពចម្រូងចម្រាស់នេះ បានផ្ទុះកើតឡើងកាលពីថ្ងៃទី១៨ តុលា នៅក្នុងទីអារាមវត្តពន្លៃ ដែលស្ថិតក្នុងឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ក្នុងពេលដែលពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរអង្គកឋិនទានចូលមកកាន់វត្តពន្លៃនេះ។
ពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃនេះបានឲ្យដឹងថា វត្តពន្លៃនេះ មានព្រះគ្រូចៅអធិការវត្តចំនួន២អង្គតាំងពីឆ្នាំ២០១៩ មកម៉្លេះ អត់មានថ្នាក់លើមើលឃើញឡើយ ។ ដោយមួយអង្គព្រះនាម សាំង គីមឃុន និង១អង្គទៀតព្រះនាម ឆូយគង់នៅ ហើយពុទ្ធបរិស័ទក៏ដូចជាគណៈកម្មការអាចារ្យវត្ត ក៏បែងចែកគ្នាជា២បក្ស ទៅតាមនោះដែរ។ ប៉ុន្តែ៤-៥ឆ្នាំមកនេះ មិនដែលមានបញ្ហាអ្វីធំដុំកើតឡើងទេ ទើបតែនៅថ្ងៃទី១៨ តុលានេះ ដែលពុទ្ធបរិស័ទភាគីម្ខាងៗ ទាមទារឲ្យព្រះសង្ឃដែលខ្លួនគាំទ្រជាអ្នកគ្រងត្រៃ ហើយនិយាយមិនត្រូវគ្នា ទើបកើតជាបញ្ហាបែបនេះទៅ។
ចំណែកក្រុមគណៈកម្មការអាចារ្យវត្តបានឲ្យដឹងដែរថា មូលហេតុដែលធ្វើឲ្យមានបញ្ហាចម្រូងចម្រាស់នេះកើតឡើង គឺដោយសារតែពុទ្ធបរិស័ទទាំង២បក្ស បានធ្វើបុណ្យដង្ហែរអង្គកឋិនទានចូលវត្ត ចំថ្ងៃជាមួយគ្នា ។ លុះពេលធ្វើពិធីគ្រងត្រៃ ដែលតាមប្រពៃណីសាសនា គឺតម្រូវឲ្យចៅអធិការវត្តម្នាក់ជាអ្នកគ្រងត្រៃនោះ ទើបធ្វើឲ្យមានបញ្ហាឡើង ដោយពុទ្ធបរិស័ទទាំងសងខាងទាមទារឲ្យព្រះសង្ឃដែលខ្លួនគាំទ្រជាអ្នកគ្រងត្រៃរៀងៗខ្លួន ។ ចំណែកព្រះអនុគណស្រុកមេសាង បានស្នើឲ្យធ្វើការបោះឆ្នោតជ្រើសរើស បើចំឈ្មោះព្រះគ្រូអង្គណា ឲ្យព្រះគ្រូអង្គនោះជាអ្នកគ្រងត្រៃ ប៉ុន្តែពុទ្ធបរិស័ទទាំងសងខាងនៅតែមិនព្រម ហើយក៏នាំគ្នាប្រមូលយកត្រៃ យកលាងរបស់ខ្លួនទាំងអស់ ចាកចេញពីព្រះវិហារ ទើបធ្វើឲ្យកម្មវិធីគ្រងត្រៃ មិនអាចប្រព្រឹត្តទៅបាន ហើយកម្មវិធីបុណ្យកឋិនក៏ត្រូវបានបញ្ចប់ដោយមិនបានគ្រប់កិច្ច ដូចឆាចោល…ហេ! ហេ!។
ដោយឡែកខាងអាជ្ញាធរស្រុកមេសាងវិញ បានអោយដឹងថា ដោយមើលឃើញភាពចម្រូងចម្រាស់នេះ កើតឡើងដោយសារវត្តមាន២បក្ស ទើបនៅរសៀលថ្ងៃទី 19 តុលា អាជ្ញាធរស្រុកនិងមន្ត្រីធម្មការ បានកោះហៅព្រះសង្ឃទាំងពីរអង្គ និងគណៈកម្មការអាចារ្យវត្តមកធ្វើការជួបប្រជុំដោះស្រាយ នៅក្នុងវត្តពោធ៍មង្គល ហៅវត្តចំបក់ ជាវត្តព្រះអនុគណស្រុក ។ លទ្ធផលនៃការប្រជុំដោះស្រាយនេះ មន្ត្រីសង្ឃខេត្ត និងធ្វើការប្រកាសដោយមានឯកសារលាយលក្ខណ៍អក្សរ នៅព្រឹកថ្ងៃចន្ទ ទី21តុលា ដែលកោះសន្តិភាពនឹងចេញផ្សាយបន្តនៅពេលបានព័ត៌មានប្លែក ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ