រាជធានីភ្នំពេញ ៖ ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខ ដែលអាចឆក់យកអាយុជីវិតមនុស្សបានភ្លាមៗ ប្រសិនបើអ្នកជំងឺនោះពុំទទួលបានការសង្គ្រោះ និងព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា ។ តួយ៉ាងបើតាមទិន្នន័យពីអង្គការសុខភាពពិភពលោក ជំងឺបេះដូង ឬការស្ទះសរសៃឈាមបេះដូង គឺជាប្រភេទជំងឺដែលអាចសម្លា.ប់ជីវិតមនុស្សច្រើនជាងគេ បើធៀបនឹងជំងឺផ្សេងៗទៀត ។
កត្តាអ្វីខ្លះបង្កឲ្យមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ហើយនរណាខ្លះដែលប្រឈមនឹងកើត ជំងឺនេះខ្លាំងជាងគេ ? លោកវេជ្ជបណ្ឌិត Paul Ong ឯកទេសផ្នែកជំងឺបេះដូង និងសរសៃឈាមបេះដូង នៃមន្ទីរពេទ្យ Mount Elizabeth Novena បានអះអាងថា បេះដូង គឺជាសរីរាង្គ ដែលមានតួនាទីច្របាច់បញ្ជូនឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗនៅក្នុងរាងកាយ ប៉ុន្ដែប្រសិនបើបេះដូងមានបញ្ហា ឬមានការកកស្ទះសរសៃឈាម បេះដូងនោះវានឹងមិនអាចបញ្ជូនឈាម និងអុកស៊ីហ្សែនបានគ្រប់គ្រាន់ទៅចិញ្ចឹមសាច់ដុំបេះដូង និងសរីរាងផ្សេងទៀតបានឡើយ ។ បញ្ហាស្ទះសរសៃឈាមបេះដូងនេះ តែងកើតឡើងដោយសារតែការកើនឡើងនៃសារធាតុខ្លាញ់ ឬហៅថា Cholesterol ។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ទៀតថា ជាទូទៅអ្នកដែលប្រឈមនឹងការកើតមាននូវជំងឺស្ទះសរសៃឈាមបេះដូងភាគច្រើន គឺជាអ្នកជក់បារី, អ្នកមានជំងឺប្រចាំកាយរ៉ាំរៃដូចជា ទឹកនោមផ្អែម លើសឈាម និងបញ្ហាលើសជាតិខ្លាញ់នៅក្នុងសរសៃឈាមជាដើម ។ ចំពោះអាការៈដែលច្រើនកើតមានលើអ្នកជំងឺស្ទះសរសៃឈាមបេះដូង រួមមាន ឈឺទ្រូង, តឹងណែនក្នុងទ្រូង, ពិបាកដកដង្ហើម និងបែកញើសស្អិតត្រជាក់ខ្លួនខុសធម្មតា ។ អាការៈទាំងអស់នេះ តែងបង្ហាញឲ្យឃើញនៅពេលដែលអ្នកជំងឺធ្វើការហាត់ប្រាណ និងការដើរច្រើន ឬរត់ជាដើម ។
តើមានវិធីអ្វីខ្លះ ដើម្បីធ្វើរោគវិនិច្ឆយជំងឺបេះដូង ? ដើម្បីអាចដឹងប្រាកដថា អ្នកជំងឺមានជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ឬក៏អត់ លោកវេជបណ្ឌិត Paul Ong បានណែនាំឲ្យតាមដានត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ និងស្វែងរកការប្រឹក្សាយោបល់ និងធ្វើតេស្ដរោគវិនិច្ឆយ ជាមួយវេជ្ជបណ្ឌិតជំនាញតាមរយៈការធ្វើតេស្ដឈាម តាមដានលើសារជាតិកូលេស្តេរ៉ល់ និងការពិនិត្យតាមដានទៅលើជំងឺទឹកនោមផ្អែមផងដែរ ។ ក្នុងករណីសង្ស័យថា មានអាការៈជំងឺបេះដូង វេជ្ជបណ្ឌិតជំនាញ នឹងផ្ដល់អនុសាសន៍ឲ្យអ្នកជំងឺធ្វើការវាស់ចង្វាក់បេះដូង (ECG), ការឆ្លុះអេកូ និងការប្រើឧបករណ៍ដើម្បីពិនិត្យរកមើលសរសៃឈាមតូចៗដែលកកស្ទះ (CT coronary angiogram)ជាដើម ។
តើគេអាចព្យាបាលជំងឺបេះដូងដោយវិធីសាស្ត្រណាខ្លះ ? បើទោះបីជា ជំងឺបេះដូង អាចមានឱកាសឆក់យកជីវិតមនុស្សបានភ្លាមៗក្ដី ប៉ុន្ដែស្របតាមការជឿនលឿននៅក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន គេអាចព្យាបាលជំងឺនេះបានដោយជោគជ័យតាមរយៈវិធីសាស្ត្រផ្សេងគ្នា ។ បើតាមវេជ្ជបណ្ឌិត Paul Ong វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមបេះដូងនៃមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth Novena Hospital បានលើកឡើងថា ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូង ជាដំបូងគេគឺអ្នកជំងឺខ្លួនឯង ត្រូវផ្លាស់ប្ដូរររបៀបរបបនៃការរស់នៅរបស់ខ្លួនជាងមុនសិន ដូចជា ធ្វើការហាត់ប្រាណឲ្យបានញឹកញាប់, ត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ដូចជាថ្នាំទប់សម្ពាធឈាម និងបញ្ចុះសារធាតុខ្លាញ់ ។ វិធីសាស្ត្រផ្សេងទៀត ក្នុងករណីដែលអ្នកជំងឺមានបញ្ហាស្ទះសរសៃឈាមធ្ងន់ធ្ងរ វេជ្ជបណ្ឌិតនឹងធ្វើការដាក់ stent ឬ Balloon ដើម្បី កុំឲ្យសរសៃឈាមនោះបន្ដស្ទះតទៅទៀត ។ ប៉ុន្ដែប្រសិនបើការស្ទះសរសៃឈាមនោះមានច្រើនកន្លែងពេក វេជ្ជបណ្ឌិតអាចនឹងតម្រូវឲ្យអ្នកជំងឺត្រូវធ្វើការវះកាត់តាមវិធីសាស្ត្រ bypass operation ប៉ុន្ដែមានអ្នកជំងឺភាគតិចណាស់ដែលត្រូវឆ្លងកាត់ការព្យាបាលតាមរយៈការវះកាត់នេះ ។
បើតាមលោកវេជ្ជបណ្ឌិត Paul Ong សម្រាប់ការព្យាបាលជំងឺបេះដូង ឬស្ទះសរសៃឈាមបេះដូងនៅមន្ទីរពេទ្យសិង្ហបុរី Mount Elizabeth Novena គឺជាជម្រើសដ៏ល្អមួយ ដ្បិតកេរ្ដិ៍ឈ្មោះមន្ទីរពេទ្យដ៏ល្បីរបស់សិង្ហបុរីមួយនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ។ មន្ទីរពេទ្យ Mount Elizabeth Novena មានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗចុងក្រោយ ដែលមានសមត្ថភាពខ្ពស់សម្រាប់ការព្យាបាលអ្នកជំងឺ រួមផ្សំជាមួយនឹងក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានជំនាញច្បាស់លាស់ បទពិសោធន៍យូរឆ្នាំ និងមានក្រមសីលធម៌វិជ្ជជីវៈខ្ពស់ ។ កត្តាទាំងនេះបានធ្វើឲ្យមន្ទីរពេទ្យ Mount Elizabeth Novena មានឱកាស និងសមត្ថភាពគ្រប់គ្រាន់ដើម្បីព្យាបាល ថែទាំសុខភាពអ្នកជំងឺទទួលបានលទ្ធផលយ៉ាងល្អបំផុត ៕ អត្ថបទសហការ
Men in white shirt having chest pain – heart attack – heartbeat line
ចែករំលែកព័តមាននេះ