ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋម្នាក់ៗ មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព អ្នកខ្លះព្រលឹងចុងសក់ ខណៈដែលឃើញមេឃខ្មៅងងឹតស្លុបបង្អុរភ្លៀង១មេយ៉ាងធំ អស់រយៈពេលច្រើនម៉ោង បណ្តាលឱ្យទឹកជនលិចច្រកទ្វារអន្តរជាតិព្រំ និងហូរបុកយ៉ាងកំហុក លិចផ្លូវ ព្រមទាំងផ្ទះប្រជាពលរដ្ឋជាង១០០គ្រួសារ ។
ហេតុការណ៍ភ្លៀងធ្លាក់១មេធំ បណ្តាលឱ្យលិចច្រកទ្វារអន្តរជាតិព្រំ និងលិចលំនៅឋានប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្សារព្រំ បានរៀបរាប់ឱ្យដឹងទាំងការភ័យស្លន់ស្លោរថា បន្ទាប់ពីផ្ទៃមេឃចាប់ផ្តើមខ្មៅស្រអាប់ តាំងពីពេលរសៀលថ្ងៃដដែល រហូតដល់មួយស្របក់ក្រោយមក ស្រាប់តែបង្អុរភ្លៀងយ៉ាងខ្លាំង អស់រយៈពេលជាច្រើនម៉ោង បណ្តាលឱ្យកម្ពស់ទឹកអូរព្រំដែន បានស្ទុះហក់ឡើង គួរឱ្យកត់សម្គាល់ ខណៈទឹកក៏ហូរបុកមកពីប្រទេសថៃ រហូតដល់លិចច្រកទ្វារអន្តរជាតិព្រំ ជាប់នឹងព្រំប្រទល់ប្រទេសថៃ ហើយក៏ហូរបុកចូលទៅក្នុងលំនៅឋាន បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង១០០គ្រួសារ ធ្វើឱ្យឱ្យអណ្តែតចាន ឆ្នាំង ម្ហូបអាហារ សម្ភារៈផ្ទះបាយ ទៅតាមទឹកស្ទើរអស់រលីង តែម្តង ។
ប្រភពបន្តទៀតថា ស្របពេលនេះដែរ មានប្រជាពលរដ្ឋខ្លះជាប់រវល់ធ្វើការ ហើយទុកកូនចៅរបស់ខ្លួនឱ្យពួកគេស្នាក់នៅផ្ទះ ខណៈដែលទឹកកំពុងហូរបុកខ្លាំង ក៏មានអ្នកស្រែកទ្រហោយំ ឱ្យជួយសង្គ្រោះដល់កូនចៅរបស់ខ្លួនដែលនៅជាប់នៅក្នុងផ្ទះ ផងដែរ ។
ប្រភពដដែល បានបញ្ជាក់ទៀតថា រហូតមកដល់វេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃដដែល ដោយសារភ្លៀងបានរាំងទៅវិញ ធ្វើឱ្យជំនន់ទឹកភ្លៀងនេះ ក៏បានស្រកទៅវិញដែរ ។ ប៉ុន្តែទឹកជំនន់នេះ មិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋណាម្នាក់ឡើយ គ្រាន់តែធ្វើឱ្យខូចខាត និងបាត់បង់សម្ភារៈផ្ទះបាយមួយចំនួន រួមជាមួយនឹងសម្លៀកបំពាក់ ត្រូវបានហូររសាត់អណ្តែតទៅតាមទឹក តែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ភ្លាមៗ រង់ចាំជួយជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ។ ចំណែកអាជ្ញាធរ ក៏បានប្រកាសប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងកូនចៅរបស់ខ្លួនផងដែរ ៕
ចែករំលែកព័តមាននេះ