ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ចំនួន​២ ៖ ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវ​ដើរ​ទន្ទឹម​គ្នា មិន​អាច​ខ្វះ​មួយ​ណា​នោះ​ទេ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវ​ដើរ​ទន្ទឹម​គ្នា…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គូសបញ្ជាក់​ថា ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវ​ដើរ​ទន្ទឹម​គ្នា ដោយ​មិន​អាច​ខ្វះ​មួយ​ណា​បាន​នោះ​ទេ ។

ការ​បញ្ជាក់​រួម​គ្នា ខណៈ​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ នៃ គ​.​វ​.​រ​. និង​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជួប​ពិភាក្សា​គ្នា​លើ​ការងារ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ក្នុង​មតិ​ស្វាគមន៍ និង​មតិ​បើក​កិច្ចប្រជុំ ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូប បាន​លើក​ឡើង​ពី​ចំណុចរួម​មួយ​នោះ​គឺ សារៈសំខាន់ នៃ​ការ​សហការ​គ្នា ការ​បំពេញ​គ្នា ទៅ​វិញ​ទៅ​មក លើ​ការ​អនុវត្ត​ការងារ​លើ​ការដ្ឋាន​កែទម្រង់​រៀង​ៗ​ខ្លួន ទាំង​ការ​ទម្រង់​រដ្ឋបាល​សាធារណៈ និង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ឆ្លើយ​តប​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ក្នុង​ប្រសាសន៍​ស្វាគមន៍ ៖ “​កែទម្រង់​ទាំង​ពីរ​នេះ ត្រូវ​ដើរ​ទន្ទឹម​គ្នា ដោយ​មិន​អាច​ខ្វះ​មួយ​ណា​បាន​នោះ​ទេ​” ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​បន្ថែម “​ជោគជ័យ នៃ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ នឹង​ជួយ​គាំទ្រ​ដល់​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការ​ប្រើប្រាស់​ធនធាន​សាធារណៈ ឱ្យ​ឆ្លើយ​តប​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព​” ។

ទន្ទឹម​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​អនុប្រធាន​ប្រចាំការ នៃ គ​.​វ​.​រ​. មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ទាំង​ពីរ នឹង​បន្ថែម​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស្អិតរ​មួ​ត ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្ថែម​ថា កិច្ចប្រជុំ​ថ្ងៃនេះ នឹង​ចូលរួម​ផ្សព្វផ្សាយ​កាន់តែ​ច្បាស់លាស់​បន្ថែម​ទៀត​នូវ​គោលបំណង និង​គោលដៅ​នៃ​ការងារ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល ។

គួរ​រម្លឹក​ថា ដើម្បី​ផ្តល់​ជូន​វឌ្ឍនភាព​ការងារ និង​ការ​ពង្រីក​វិសាលភាព​ព័ត៌មាន ស្តី​ពី​ការ​អនុវត្ត​ការងារ និង​ដំណាក់កាល​នានា​នៃ​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ស៊ី​វិល​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា បាន​ជ្រាប​បន្ថែម និង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ នៃ​ភាព​ប្រទាក់ក្រឡា​គ្នា​បាន​កាន់តែ​ល្អ​ប្រសើរ ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំ​កិច្ចប្រជុំ ស្តី​ពី «​ការ​ពិនិត្យ​ឡើង​វិញ និង​ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​» ។

ជំនួប​នា​រសៀល​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ទទួល​បន្ទុក និង​មន្ត្រី​បច្ចេកទេស​លើ​ការងារ​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន នៃ​ក្រសួង​មុខងារសាធារណៈ ថ្នាក់ដឹកនាំ ដែល​មាន​តួនាទី​ចាប់ពី​អគ្គនាយក​ឡើង និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ដទៃ​ទៀត​ជា​ច្រើន​រូប​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ