ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ខ្លួន​មនុស្ស​១៨​នាក់​ពី​បទ​ឆ​បោ.ក​, មាន​ទាំង​តារា​ល្បី​ៗ​ផង​ដែរ

14 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ សមត្ថ​​កិច្ច​​ថៃ​ចាប់​ខ្លួន​មនុស្ស​១៨​នាក់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​តាម​បែប​ពី​រ៉ាមីត​ស្គីម (Pyramid Scheme)​ ឬ​បោក​​ជា​លក្ខណៈ​មេកញ្ច្រែង​ និង​កូន​កញ្ច្រែង។​ អ្នក​ណា​រក​ម៉ូយ​ឱ្យ​​ចូល​ទៅ​ក្នុង​ស៊ង​របស់​គេ​បាន​ច្រើន​នឹង​ទទួ​ល​បាន​ភាគ​លាភ​កាន់​តែ​ច្រើន​​។ គម្រោង​ឆ​បោក​លើក​នេះ​គេ​យក​ទំនិញ​ប្រភេទ​អាហារ​បំប៉ន​ធ្វើ​ជានុយ​បោក​។ នេះ​បើ​យោង​តាម​​មន្ត្រី​នគរ​បាល​ថៃ​ដែល​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ក៏​មាន​​តារា​ល្បី​ៗ​​ចំនួន​បី​នាក់​ផង​ដែរ​។ ​សមត្ថ​កិច្ច​រឹប​អូស​បាន​រថ​យន្ត​ទំនើប​​ជា​ច្រើន​គ្រឿង…

ទី​ក្រុង​បាងកក​៖ សមត្ថ​​កិច្ច​​ថៃ​ចាប់​ខ្លួន​មនុស្ស​១៨​នាក់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆ​បោក​តាម​បែប​ពី​រ៉ាមីត​ស្គីម (Pyramid Scheme)​ ឬ​បោក​​ជា​លក្ខណៈ​មេកញ្ច្រែង​ និង​កូន​កញ្ច្រែង។​ អ្នក​ណា​រក​ម៉ូយ​ឱ្យ​​ចូល​ទៅ​ក្នុង​ស៊ង​របស់​គេ​បាន​ច្រើន​នឹង​ទទួ​ល​បាន​ភាគ​លាភ​កាន់​តែ​ច្រើន​​។ គម្រោង​ឆ​បោក​លើក​នេះ​គេ​យក​ទំនិញ​ប្រភេទ​អាហារ​បំប៉ន​ធ្វើ​ជានុយ​បោក​។ នេះ​បើ​យោង​តាម​​មន្ត្រី​នគរ​បាល​ថៃ​ដែល​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ក៏​មាន​​តារា​ល្បី​ៗ​​ចំនួន​បី​នាក់​ផង​ដែរ​។

​សមត្ថ​កិច្ច​រឹប​អូស​បាន​រថ​យន្ត​ទំនើប​​ជា​ច្រើន​គ្រឿង និង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​។​ ​ការ​ចាប់​ខ្លួន​នេះ​តប​តាម​​​ការ​ត​វ៉ា​របស់​ពល​រដ្ឋ​ជាង​មួយ​ពាន់​នាក់​ដែល​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថ​កិច្ច​ថា​ខ្លួន​ចាញ់​បោក​ក្រុម​ហ៊ុន​អាយ​​ខុន​គ្រុប​ (The iCon Group)​​។ ក្រុម​ហ៊ុន​​បាន​អូស​ទាញ​ពួក​គេ​ឱ្យ​ទិញ​ផលិត​ផល​​ និង​​​​​សន្យា​ថា​ផ្ដល់​ប្រាក់​ចំណេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ត្រឡប់​មក​វិញ​។​​

លោក​បូស​ផូល (Boss Paul) ដែល​ជា​ស្ថាប​និក​ និង​ជា​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាយ​ខុន​គ្រុប (The iCon Group)

លោក​​វ​រ៉ា​ថាផន ហៅ​បូ​ស​ផូល (Boss Paul) ជា​បិតា​ស្ថបនិក និង​ជា​​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​អាយ​ខុន​គ្រុប​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​តាំង​ពី​ម្សិល​មិញ​ រួម​ជា​មួយ​ពិធី​ករ​ទូរ​ទស្សន៍​ និង​តារា​ភាព​យន្ត​ស្រី​​ដ៏​ល្បី​រាប់​សិប​ឆ្នាំ​មក​ហើយ​​ឈ្មោះ​នាង​វឌ្ឍនៈ​មន្ត្រី (Pechaya Wattanamontree)​។ អាជ្ញា​ធរ​ថ្លែង​ថា​ពួក​គេ​បាន​បង្កក​​​គណនី​ធនា​គារ​របស់​មេ​ធំ​ៗ​​​​នៃ​ក្រុម​ហ៊ុន​អាយខុន​គ្រុប​ដែល​សរុប​ជា​ទឹក​ប្រាក់​១២៥​លាន​បាត ឬ​ស្មើ​នឹង​៣,៨​លាន​ដុល្លារ​។

មិន​តែ​ប៉ុណ្ណោះ​បាន​រឹប​អូស​ឡាន​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​រួម​ទាំង​ឡាន​ម៉ាក​ផច​ឆឺ (Porsches) និង​ហ្វត​ម៉ាស់​ស្តាំង​ផង​ដែរ​ (Ford Mustang)​។​ ​សមត្ថ​កិច្ច​បន្ត​តាម​ដាន​ការ​ចរាចរ​សាច់​ប្រាក់​របស់​​គណ​នី​មួយ​ចំនួន​ទៀត​​​ដែល​ទាក់​ទង​នឹង​ជន​សង្ស័យ​ទាំង​នេះ​។ រឿង​នេះ​មិ​ន​ទាន់​ចប់​ត្រឹម​​ហ្នឹង​ទេ​។ សមត្ថ​កិច្ច​ចង់​ដឹ​ង​ថា​តើ​នរណាខ្លះ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ថៃ​ ឧត្ដម​សេនីយ៍​គីត្រាត ផាន់​ផេត (Kitrat Phanphet)។​

ក្រុម​ហ៊ុន​អាយ​ខុន​គ្រុប​រង​ការ​ចោទ​ប្រកាន់​ថា​បាន​អូស​ទាញ​មនុស្ស​ឱ្យ​ដាក់​ប្រាក់​ទៅ​ក្នុង​គម្រោង​ឆ​បោក​​របស់​ខ្លួន​​ដោយ​បើក​បង្រៀន​​វគ្គ​ថែ​ទាំ​សុខ​ភាពតាម​អន​ឡាញ​​​។ អ្នក​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​នេះ​ត្រូវ​ក្រុម​ហ៊ុន​​​និយាយ​អូស​ទាញ​របៀប​ជា​លក្ខណៈ​បង្ខិត​បង្ខំ​ឱ្យ​ទិញ​ផលិត​ផល​របស់​ខ្លួន​ និង​ដាក់​ប្រាក់​វិនិយោគ​​​ចាប់​ពី​២៥០០​-​២៥០០០០​បាត​​(​ហែល​​​៧៥០០​ដុល្លារ)​។

តារា​ល្បី​ៗ​ជា​តារា​ភាព​យន្ត​ (ស្ដាំ​បំផុត) និង​ពិធី​ករ​ទូរ​ទស្សន៍​ក៏​ជាប់​សង្ស័យ​នៅ​ក្នុង​អំពើ​ឆ​បោក​នេះ​ដែរ​

ជន​រង​គ្រោះ​ដែល​ចាញ់​បោក​ក្រុ​មហ៊ុន​ខាង​លើ​នេះ​មាន​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់​ មាន​តាំង​ពី​អ្នក​ក្រី​ក្រ​​រហូត​ដល់​តារា​បាល់​ទាត់កម្រិត​​អាជីព​ក៏​ចាញ់​បោក​ដែរ​។ ពួក​គេ​បង់​ប្រាក់​រហូត​ដល់​ជាង​៦​សែន​បាត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​។ រហូត​មក​ដល់​ពេល​នេះ សមត្ថ​កិច្ច​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​ទំហំ​ទឹក​ប្រាក់ដែល​​ចាញ់​បោក​នេះ​មាន​ចំនួន​ប៉ុន្មាន​ទេ​ព្រោះ​កំពុង​ស្រាវ​ជ្រាវ​ជា​បន្ត​ទៀត​។

​​ថៃ​ក៏​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​​​នោះ​ទេ​តែង​តែ​កើត​មាន​​អំពើ​ឆ​បោក​​​ជា​ហូរ​ហែ​មិន​​អាច​បិទ​បញ្ចប់​ទាំង​ស្រុងបាន​​ឡើយ​។ កាល​ពី​ឆ្នាំ​២០២៣​ មាន​ករណី​ឆ​បោក​វិនិយោគ​តាម​បែប​ហ្វ័រ​រិច​ (Forex) ដែល​អូស​ទាញ​មនុស្ស​រាប់​ពាន់​នាក់​ឱ្យ​ដាក់​ប្រាក់​វិនិយោគ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់។ ​ម្ចាស់​លុយ​គ្មាន​ហត់​នឿយ​អ្វី​ទាំង​អស់​ ចាំ​តែ​ទទួល​ប្រាក់​ចំណេញ​ប្រចាំ​ខែ​​។​

គេ​មិន​​ទាន់​ដឹង​ថា​តើ​ជន​សង្ស័យ​ដែល​ចាប់​ខ្លួន​ទាំង​នោះ​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​មែន​ពួក​គេ​នឹង​ជាប់​ពន្ធ​នា​គារ​កម្រិត​ណា​ទេ​។ ​ប្រទេស​ថៃ​ធ្លាប់​មាន​ជន​ឆ​បោក​ម្នាក់​ត្រូវ​តុលាការ​​ផ្ដន្ទា​​​ទោស​ដាក​​ពន្ធ​នា​គារ​រហូត​ដល់​ជាង​១​សែន​ឆ្នាំ​​កាល​ពី​ឆ្នាំ​១៩៨៩​ព្រោះ​ទំហំ​ទឹក​ប្រាក់​ឆ​បោក​ច្រើន​ពេក។ ក្រោយ​មក​ជាប់​គុក​បាន​៨​ឆ្នាំ​ក៏​ត្រូវ​តុលាការ​ដោះ​លែង​វិញ​៕​

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​ជន​សង្ស័យ​ឈ្មោះ​បូស​ផូល (Boss Paul)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ