ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​០៣​រូប ជាប់​ចំណាត់ថ្នាក់ ចម្លាក់​ព្រះពុទ្ធ​បដិមា​ខ្មែរ ក្នុង​ឥរិយាបថ​សមាធិ

17 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ មហោស្រព​សិល្បៈ​ចម្លាក់ ក្រោម​ប្រធានបទ (​ព្រះពុទ្ធ​បដិមា​ខ្មែរ ក្នុង​ឥរិយាបថ​សមាធិ​) ដែល​បាន​ដំណើរការ​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ បាន​ប្រារព្ធ​ពិធី​បិទ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា…

ខេត្តពោធិ៍សាត់ ៖ មហោស្រព​សិល្បៈ​ចម្លាក់ ក្រោម​ប្រធានបទ (​ព្រះពុទ្ធ​បដិមា​ខ្មែរ ក្នុង​ឥរិយាបថ​សមាធិ​) ដែល​បាន​ដំណើរការ​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ បាន​ប្រារព្ធ​ពិធី​បិទ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ។

ពិធី​នេះ បាន​ប្រារ​ព្វ​ធ្វើ​នៅ​សារៈមន្ទីរ​ខេត្ត ដោយ​មានកម្ម​វិធី​ប្រគល់​ប័ណ្ណសរសើរ និង​ជ័យ​លា​ភី ដល់​បេក្ខជន​ជាងចម្លាក់ ដែល​ជាប់​ចំណាត់ថ្នាក់​ផង​ដែរ ។ បេក្ខជន​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន​២០​នាក់ មក​ពី​ក្រុង​ពោធិ៍សាត់ ស្រុក​កណ្ដៀង និង​ស្រុក​ភ្នំក្រវាញ ដែល​មាន​លោក រស់ សំណាង​, លោក សោម សុភា​, លោក ហៃ សុខ​លី​ម​, លោក គង់ រិ​ទ្ធ និង​លោក យិ​ន សុ​ផុ​ន ជា​គណៈមេប្រយោគ ។

ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ គណៈមេប្រយោគ​ទាំង​០៥​រូប បាន​បង្កើត និង​សិក្សា​យ៉ាង​ច្បាស់លាស់ អំពី​រូបមន្ត​ដាក់​ពិន្ទុ ដើម្បី​ធានា​សុ​ក្រិត​ភាព​ទាំង​លក្ខណៈ បច្ចេកទេស ក្បួន ខ្នាត និង​លក្ខណៈ​សិល្បៈ​។ ក្រោយ​ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ផ្ចិតផ្ចង់ វាស់វែង ចាក់​ខ្នាត សម្រង់​ទឹកដៃ សោភ័ណ​ភាព ការ​ច្នៃប្រឌិត និង​ការ​បញ្ចូល​ព្រលឹង នៃ​រូបចម្លាក់​ព្រះពុទ្ធ​បដិមា​របស់​បេក្ខជន​ទាំង​២០​នាក់ ម្ដង​មួយ​ៗ គណៈមេប្រយោគ​សម្រេច​ជ្រើសរើស​បាន​រូប​ព្រះពុទ្ធ​បដិមា ដែល​បាន​ពិន្ទុ​ខ្ពស់​បំផុត ចំនួន​០៣​រូប​គឺ ៖ បេក្ខជន​ឈ្មោះ ម៉ក់ ជាង ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១, បេក្ខជន​ឈ្មោះ ចាន់ វ៉ូ​លី​ម ចំណាត់ថ្នាក់​លេខ​២ និង​បេក្ខជន​ឈ្មោះ ម៉ក់ ចៀន ចំណាត់ថ្នាក់​លេខ​៣ ។

លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្ត បាន​អបអរសាទរ​ចំពោះ​បេក្ខជន ដែល​ទទួល​ជ័យ​លា​ភី ក្នុង​មហោស្រព​សិ​ល្បះ​ចម្លាក់ ព្រះពុទ្ធ​បដិមា​ខ្មែរ​ក្នុង​ឥរិយាបថ​សមាធិ ឆ្នាំ​២០២៤​នេះ ហើយ​ក៏​សូម​លើកទឹកចិត្ត​ដល់​បេក្ខជន ដែល​មិន​បាន​ទទួល​ជ័យ​លា​ភី បន្ត​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ ថែរក្សា​កេរ្តិ៍​ដំណែល​វប្បធម៌​ជាតិ​របស់​យើង​ឲ្យ​កាន់តែ​រីក​ចម្រើន និង​ប្រកបដោយ​និរន្តរភាព ដូចដែល​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា មហោស្រព​សិល្បៈ​ចម្លាក់​ខ្មែរ មិន​ត្រឹមតែ​ជា​វេទិកា​ប្រកួតប្រជែង​យក​រង្វាន់​ជ័យ​លា​ភី​នោះ​ទេ គឺជា​ឱកាស​ជួបជុំ​សិក្សា​ឈ្វេងយល់ ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​បន្ថែម​ទៀត ។

គោលបំណង នៃ​ការ​រៀបចំ​មហោស្រព​សិល្បៈ​ចម្លាក់​ខេត្តពោធិ៍សាត់ ឆ្នាំ​២០២៤​នេះ គឺ​ដើម្បី​ផ្ដល់​ឱកាស​សិក្សា លើ​ផ្នែក​ធនធានមនុស្ស បច្ចេកទេស នៃ​ការ​បង្ហាញ​ស្នាដៃ​ចម្លាក់ និង​ទេព​កោសល្យ​សិល្បៈ ស​ម្ដៅ​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​សិល្បៈ​ស្នាដៃ​ចម្លាក់​ខ្មែរ ដើម្បី​បន្ត​ការពារ ថែរក្សា និង​លើក​ស្ទួយ​មរតក​វប្បធម៌​អរូបី មួយ​នេះ ឲ្យ​គង់វង្ស ។

លោកស្រី ប៉ុក ណា​ឌី បាន​សម្ដែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជការ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ដែល​បាន​ផ្ដួចផ្ដើម និង​ជម្រុញ​ឲ្យ​មានការ​រៀបចំ​មហោស្រព សិល្បៈ​ចម្លាក់​ព្រះពុទ្ធ​បដិមា​ខ្មែរ​នេះ ឲ្យ​ចេញ​ជា​រូបរាង និង​បាន​ឈាន​ដល់​ថ្ងៃ បញ្ចប់​ប្រកបដោយ​លទ្ធផល​ផ្លែផ្កា​គួរ​ជាទី​មោ​ទ​នៈ ។

ជាមួយ​គ្នា​នេះ លោកស្រី​អភិបាលរង​ខេត្ត ក៏​បាន​កោតសរសើរ​ដល់​លោក​ព្រឹទ្ធាចារ្យ មេ​ប្រយោគ សិប្បករ អាជីវករ និង​ប្អូន​ៗ យុវជន​ខ្មែរ​ជំនាន់​ក្រោយ ដែល​បាន​បំពេញ​តួនាទី​យ៉ាង​សកម្ម ក្នុង​ការ​ហាត់រៀន ស្នាដៃ​ចម្លាក់​បន្តវេន​ពី​ដូនតា ក្នុង​ផ្នែក​សិល្បៈ​សូន​រូប និង​សិប្បកម្ម ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ទឹកចិត្ត​គោរព​ស្រលាញ់ ក្នុង​កាលៈទេសៈ​ប្រកួតប្រជែង​នា​សម័យ​សាកល​ភាវូបនីយកម្ម​។ សូម​ថ្លែងអំណរគុណ​គណៈមេប្រយោគ ដែល​បាន​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ភាព​សុ​ក្រិត យុត្តិធម៌ ក្នុង​ការ​ពិនិត្យ​វិនិច្ឆ័យ​ជ្រើសរើស​ស្នាដៃ​ចម្លាក់​យ៉ាង​ម៉ត់ចត់ សម្រាប់​មហោស្រព​យើង​នេះ ។

លោកស្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាម​រយៈ​ការ​ប្រារព្ធ​មហោស្រព​ចម្លាក់ ក្រោម​ប្រធានបទ (​ព្រះពុទ្ធ​បដិមា​ខ្មែរ​ក្នុង​ឥរិយាបថ​សមាធិ​)​ខេត្តពោធិ៍សាត់ ឆ្នាំ​២០២៤​នេះ ពិតជា​អាច​ផ្ដល់​នូវ​សារ​ប្រយោជន៍​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​ជា​បទ​ពិសោធន៍ និង​បាន​ចូលរួម​ចំណែក ថែរក្សា​ការពារ​នូវ​អត្តសញ្ញាណ និង​លើកកម្ពស់​វប្បធម៌​ជាតិ សំដៅ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។ ការ​ជ្រើសរើស​ប្រធានបទ​នេះ គឺ​ពិតជា​បាន​ឆ្លើយ​តប​យ៉ាង​ស៊ីជម្រៅ​ចំពោះ​ជាតិខ្មែរ ព្រោះថា ព្រះពុទ្ធ​បដិមា​តំណាង​ឲ្យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ តំណាង​ឲ្យ​សេចក្ដី​ស្ងប់ ស្ថេ​រ​ភាព និង​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ