ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០១និង០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងបន្ទាន់របស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ ស្ដីពីករណី ចោរលួចម៉ូតូ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកវត្ថុតាងម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីធ្វើការស្ដាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញទទួលបានតម្រុយ នៃបទល្មើសពាក់ព័ន្ធលួចម៉ូតូ ហើយយកទៅលក់នៅកន្លែងទទួលទិញ និងបញ្ចាំមួយកន្លែង ។
បន្ទាប់មក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សុំគោលការណ៍ និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែងនោះ ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ ពេលកម្លាំងត្រួតពិនិត្យ និងឆែកឆេរទីតាំងខាងលើនោះ រកឃើញមានម៉ូតូចំនួន ៣១គ្រឿង និងម៉ូតូកង់បី ចំនួន០១គ្រឿងផងដែរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ចំណែកឯជនសង្ស័យ ដែលជាអ្នកទទួលបញ្ចាំ បានរត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ចំពោះវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម ។
ចំណែកជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយរាល់សកម្មភាពលួចម៉ូតូបាន ខ្លួនតែងតែយកទៅលក់ឱ្យហាងបញ្ចាំខាងលើ ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំ សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន ចាត់តាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងទទួលការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយ នូវឯកសារផង ៕
ចែករំលែកព័តមាននេះ