រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីអ្នកលក់សាច់ក្រកម្នាក់ បានសម្រេចបន្ទាប់មកបានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវបានស្ត្រីរងគ្រោះស្រែកថា «ចោរៗ»បង្កការភ្ញាក់ផ្អើលដល់នគរបាល ហើយរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ក៏ត្រូវបាននគរបាលខណ្ឌដង្កោ ស្ទាក់ចាប់បានទាំង២នាក់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកនារីរងគ្រោះដែលជាអ្នកលក់សាច់ក្រក ក៏ពុំទាន់ស្គាល់អត្តសញ្ញាណដែរ ហើយកំពុងស្ថិតនៅក្រោមការសាកសួរពីកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ។
នគរបាលមិនទាន់បានប្រាប់ឲ្យដឹងលម្អិតនូវសកម្មភាពនោះទេ គ្រាន់តែប្រាប់ខ្លះៗថា ជនសង្ស័យបានឆក់កាបូបលុយពីស្ត្រីអ្នកលក់សាច់ក្រកខាងលើ ហើយក្រោយពេលឆក់បានសម្រេចបានព្យាយាមជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿង គេចខ្លួនចូលរាជធានីភ្នំពេញ ។
ពេលនោះជនរងគ្រោះបានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ និងប្រកាសតាមវិទ្យុទាក់ទងឲ្យកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ទាំងអស់ចេញពួនស្ទាក់ ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ហើយរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ខណៈពេលជនសង្ស័យគេចខ្លួនដល់ត្រង់ចំណុចភ្លើងស្តុបផ្សារថ្នល់បត់ចំការដូង ស្ថិតនៅតាមផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ក៏ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនបានទាំង២នាក់ បន្ទាប់មកនាំទៅធ្វើការសាកសួរ និងឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ