ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដ៏​រ៉ាំរ៉ៃរវាង​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ម្ចាស់​សំណ​ង់​លើ​ចំណី​ផ្លូវជាតិ​លេខ​៣​អូស​បន្លាយជាង​១០​ឆ្នាំ​​រក​ទី​បញ្ចប់​គ្មាន

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តើ​ជា​ភាព​កម្សោយ​របស់​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ឬ​ក៏​មាន​មូលហេតុ​អ្វី​ផ្សេង​នៅ​ពីក្រោយ​ខ្នង ? ទើប​ធ្វើ​ឲ្យ​ទំនាស់​ក្ដីក្ដាំ​គ្នា​ រវាង​គណៈ​អភិបាល​ខណ្ឌ​មួយ​នេះ ជាមួយ​និង​អ្នក​សង់​សំណង់​លើ​ដី​ចំណី​ផ្លូវ បង្ក​ផល​ប៉ះពាល់​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ​ ៖ តើ​ជា​ភាព​កម្សោយ​របស់​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ឬ​ក៏​មាន​មូលហេតុ​អ្វី​ផ្សេង​នៅ​ពីក្រោយ​ខ្នង ? ទើប​ធ្វើ​ឲ្យ​ទំនាស់​ក្ដីក្ដាំ​គ្នា​ រវាង​គណៈ​អភិបាល​ខណ្ឌ​មួយ​នេះ ជាមួយ​និង​អ្នក​សង់​សំណង់​លើ​ដី​ចំណី​ផ្លូវ បង្ក​ផល​ប៉ះពាល់​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៣ បន្ត​អូស​បន្លាយពេល​ដ៏​រ៉ាំរ៉ៃ​រហូត​មក​ដល់​ពេល​នេះ ?

បើ​គិត​រហូត​មក​ដល់​ឆ្នាំ​២០២៤​នេះ ​មាន​រយៈពេល​១៣​ឆ្នាំទៅ​ហើយ ដែល​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​នាមខ្លួន​ជា​អាជ្ញាធរ​ផង​និង​ជាដើម​បណ្ដឹង​ដែល​បាន​ឈ្នះក្ដី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​ការ​គាំទ្រ​ពី​ក្រសួងយុត្តិធម៌ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ភាព​ទន់ខ្សោយ ។ ដោយ​មិន​អាច​អនុវត្ត​​សាលក្រម​របស់​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​សំណង់​របង​ថ្ម​មួយ​កន្លែង​ដែល​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវជាតិ​លេខ​៣​បាន ហើយ​បើ​គិត​ពី​ការ​កាន់​តំណែង​របស់​អភិបាល​រាជធានី​ភ្នំពេញ​វិញ​ចំនួន​៣​រូប និង​អភិបាល​ខណ្ឌ​នោះ ក៏​ចំនួន​៣​រូប​ហើយ​ដែរ ប៉ុន្តែ​រឿង​នៅ​តែ​អូស​បន្ត​បន្លាយ​មិន​អាច​បញ្ចប់ ​និង​រំដោះ​ដី​ចំណី​ផ្លូវ​បាន​ដដែល ។ ​

យោង​តាម​ឯកសារ​ជា​ច្រើន​បាន​បញ្ជាក់​ថា រឿង​ទំនាស់​មួយ​នេះ​ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ ​គឺ​រយៈពេល​១៣​ឆ្នាំ​មក​កន្លង​ហើយ រវាង​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ទល់​និង​បុគ្គល​ឈ្មោះ ហ៊ុ​ល មុំ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ដែល​អាជ្ញាធរ​ខណ្ឌ​នោះ​អះអាង​ថា ឈ្មោះ​ហ៊ុ​ល មុំ បាន​កាន់កាប់​ដី​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់​ប៉ះពាល់​ដល់​គម្រោង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៣​នៅ​ពេល​នោះ ហើយ​ឈ្មោះ ហ៊ុ​ល មុំ បាន​កាន់កាប់​ដី​ចំណី​ផ្លូវជាតិ​លេខ​៣​នេះ​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​សង់​រ​បង​ថ្ម​រឹង​មាំ​កម្ពស់​១,៨​ម៉ែត្រ ​និង​បណ្ដោយ​១២​ម៉​ត្រ ​ព្រមទាំង​កន្លែង​លក់ដូរ​នៅ​លើ​ដី​ចំណី​ផ្លូវជាតិ​លេខ​៣​នេះ​ផង​ដែរ ។​​

​បន្ទាប់​ពី​បានឃើញ​ថា មានការ​ប៉ះពាល់​ដល់​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៣​របស់​រាជរដ្ឋាភិបាល​បែប​នេះ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​សាលា​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ប្រើ​យន្តការ​ដោះស្រាយ​ផល​ប៉ះពាល់​នានា​ជូន​ប្រជាពលរដ្ឋ ហើយ​ឈ្មោះ​ហ៊ុ​ល មុំ ក៏​ទទួល​បាន​សំណង​គោលនយោបាយ​ចំនួន​៥៦០,៨(​ប្រាំ​រយ​ហុកសិប​ដុល្លារ ក្បៀស​ប្រាំបី​សេន​) ដែល​មាន​ប័ណ្ណ​ប្រគល់​ប្រាក់ លេខ​០០០២៥៤ ចុះ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១១ ជា​ថ្នូរ​និង​កា​រុះរើ​របង​ថ្ម​នេះ​ចេញ ។

នៅ​ពេល​នោះ​ គាត់​បាន​យល់ព្រម​ទទួលយក​សំណង​ និង​យល់ព្រម​ថា​ និង​រុះរើ​សំណង់​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ក្រោយ​ពី​ទទួល​ប្រាក់​សំណង​រួច​គាត់​ បែរជា​ពុំ​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ ។ ដោយឡែក ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​រុះរើ​ច្រើន​ដង ប៉ុន្តែ​មិន​ដែល​បាន​សម្រេច​នោះ​ឡើយ ដោយ​ខាង​ឈ្មោះ​ហ៊ុ​ល មុំ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​កាន់​ដុំឥដ្ឋ និង​ដុំ​ថ្ម​ធ្វើការ​រារាំង​ពាំង​មិន​ឲ្យ​គ្រឿងចក្រ និង​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​កើត​ឡើយ ទើប​ឈាន​ដល់​មានរឿង​ចម្រូងចម្រាស់​ប្ដឹងផ្ដល់​គ្នា​កើតឡើង​រហូត​មក ។​

​ឯកសារ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ខាងលើ​គឺជា​ដើមចម​នៃ​រឿង​ទំ​នា​សើ​ដែល​បាន​កើតឡើង រីឯ​ការ​ប្ដឹងផ្ដល់​គ្នា​នោះ ​ខាង​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ដោយ លោក ប៉ា​ង លី​ដា ជា​អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​លោក​មេធាវី ផេង ស៊ី​ដេ​ត ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ម្ចាស់បំណុល ។ ចំណែក​ឈ្មោះ ហ៊ុ​ល មុំ មាន​លោក​មេធាវី ពេជ្រ ផល្លា​សម្បត្តិ អត្តលេខ​១០៤១ និង​លោក​មេធាវី ឡាយ ចាន់​ឡេ​ង ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​កូនបំណុល ហើយ​ក្រោយមក​អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជូនដំណឹង​អំពី​ការ​អនុវត្ត​ន៍​​ដោយ​ស្ម័គ្រចិត្ត និង​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ ក៏​នៅ​តែ​មិន​បាន​សម្រេច ។

​ចំណែក​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សាល​ក្រុម​ឲ្យ​អនុវត្ត​​ការ​រុះរើ និង​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ដោយ​សម្រេច​ឲ្យ​ឈ្មោះ ហ៊ុ​ល មុំ រុះរើ​របង​ថ្ម​មានកំ​ពស់ ១,៨​ម៉ែត្រ បណ្តោយ ១២​ម៉ែត្រ​ចេញ​ជា​បន្តបន្ទាប់ ។ រហូត​ដល់​មាន​លិខិត​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​អាជ្ញា​ធម៌​ដែនដី​ចុះ​អនុវត្ត​យក​ដី​ចំណី​ផ្លូវ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ថែម​ទៀត​ផង ក៏​នៅ​តែ​មិន​អាច​យក​ដី​ចំណី​ផ្លូវ​ពី​ឈ្មោះ​ហ៊ុ​ល​ មុំ ​វិញ ​បាន​នៅឡើយ ដែល​​​នេះ​បាន​បញ្ជាក់​ពី​ភាព​កម្សោយ​របស់​អាជ្ញាធរ ដែល​ចង់​បញ្ចប់រឿង​ក៏​បញ្ចប់​មិន​បាន និង​ចង់​យក​ដី​ចំណី​ផ្លូវ​ពី​កណ្ដាប់ដៃ​ឈ្មោះ​ហ៊ុ​ល មុំ ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ក៏​យក​អត់​បាន ។

​ដោយឡែក ​ខ្លឹមសារ​១​ចំណុច​នៅ​ក្នុង​ដីកា​សម្រេច​រក្សា​ការពារ​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ ចេញ​ដោយ​លោក​ អ៊ុ​ម វណ្ណៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា តាម​កំណត់ហេតុ​សាកសួរ​ភាគី​កូនបំណុល ឈ្មោះ ហ៊ុ​ល មុំ ដោយ​មាន​លោក​មេធាវី ពេជ្រ ផល្លា​សម្បត្តិ និង​លោក​មេធាវី ឡាយ ចាន់​ឡេ​ង ជា​តំណាង​បាន​ថ្លែងការណ៍​ថា ខ្លួន​បាន​កាន់កាប់​អចលនវត្ថុ​ទំហំ​១២​ម៉ែត្រ គុណ​និង​១២​ម៉ែត្រ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តាំងពី​ឆ្នាំ​១៩៧៩ តាម​រយៈ​លិខិតបញ្ជាក់​កម្មសិទ្ធិ​ត្រឹម​សាលា​ខណ្ឌ​ពុំ​មាន​ប្លង់​រឹង​ទេ ។ កន្លង​មក ខ្លួន​បាន​ទទួល​​សំណង​ពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៣ ចំនួន​៥៦០ (​ប្រាំ​រយ​ហុកសិប​)​ដុល្លារ ពីសា​លា​រាជធានី​ភ្នំពេញ​ពិតប្រាកដ​មែន ហើយ​ខ្លួន​រុះរើ​សំយាបផ្ទះ​មាន​បណ្តោយ​១២​ម៉ែត្រ និង​ទទឹង​ម៉ែត្រ​ប្រហែល ៤​ម៉ែត្រ​រួច​ហើយ ចំណែក​របង​ថ្ម​ដែល​បាន​រុះរើ​បាន​កំពស់​១,៨​ម៉ែត្រ​និង​ប្រវែង​២​ម៉ែត្រ​។

បន្ទាប់​មក​ទៀត ​អាជ្ញាធរ​បាន​ចុះ​មក​វាយ​របង​ថ្ម​ខ្លួន​បន្ថែម​ទៀត ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ហាមឃាត់​មិន​ឲ្យ​វាយ​របង​នោះ​បន្ត​ទេ ព្រោះ​បើ​វាយ​បន្ថែម​ទៀត​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​សុ​វត្តិភាព​ក្រុម​គ្រួសារ ។ កន្លង​មក​ខ្លួន​បាន​ទទួល សំណង​គោលនយោបាយ​ពិតប្រាកដ​មែន ប៉ុន្តែ​អាជ្ញាធរ​ពុំ​មាន​បញ្ជាក់​ពី​ប្រវែង​របង​ប៉ះពាល់​ទេ ហេតុ​ដូច្នេះ ខ្លួន​សុំ​ច្រានចោល​ពាក្យសុំ​ចេញ​ដីកា​សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន ចុះ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ របស់​លោក​មេធាវី ផេង ស៊ី​ដេ​ត ​។

តាម​ការ​ពិនិត្យ​ស្ថានភាព​បច្ចុប្បន្ន​ខ្លួន​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​ទទួល បាន​សំណង​គោលនយោបាយ​ពីសា​លា​រាជធានី​ភ្នំពេញ ដែល​សុទ្ធតែ​ធ្វើ​សំណង់​រឹង​មាំ​រំលោភ​លើ​គោលការណ៍ របស់​សាលា​រាជធានី​ភ្នំពេញ ចាប់ពី​ភូមិ​ក្រាំង​ដូនតី​ដល់​រង្វង់​មូល​ចោម​ចៅ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដូច​គ្នា ពុំ​បាន​រុះរើ​តាម​ការ​ដោះស្រាយ​គោលនយោបាយ​របស់​សាលា​រាជធានី​ភ្នំពេញ
​ទេ ។

​យោង​តាម​ឯកសារ​របស់​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បច្ចុប្បន្ន ឈ្មោះ​ហ៊ុ​ល មុំ នេះ​ មិន​ត្រឹមតែ​វាយ​របង​ចោល​ទេ​ ថែម​ទាំង​ធ្វើ​កន្លែង​លក់ដូរ​លើ​ដី​ចំណី​ផ្លូវ​ថែម​ទៀត​ផង ហើយ​គាត់​ពុំ​មែន​គ្មាន​ផ្ទះ​នៅ​នោះ​ទេ គឺ​គាត់​មានផ្ទះ​ដល់​ទៅ​២​ល្វែង​នៅ​ម្ដុំ​នោះ​ដែរ ដោយ​ផ្ទះ​មួយ​បាន​ជួល​ឲ្យ​គេ​ដាក់​គ្រឿងសំណង់ និង​ផ្ទះ​មួយទៀត​គាត់​រស់នៅ​ដោយ​ខ្លួនឯង ។  

ទោះបីជា​បែ​ប​ណា​ ការ​អូស​បន្លាយពេល​នៃ​ការ​បោសសម្អាត​ការ​រំលោភ​បំពាន​កាន់កាប់​ចំណី​ផ្លូវ​សាធារណៈ​ដៃ​រ៉ាំ​រៃ​នេះ គូសបញ្ជាក់​ឲ្យ​ឃើញ​ថា ជា​ភាព​កម្សោយ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ​ និង​ធ្វើ​ឲ្យ​មានការ​កាន់កាប់​រំលោភ​បំពាន​យក​ដី​ចំណី​ផ្លូវ​ខាងលើ ពី​សំណាក់​បុគ្គល​ផ្សេង​ទៀត​ក្រៅពី​ឈ្មោះ​ហ៊ុ​ល មុំ មាន​កើនឡើង​និង​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ