ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវនិង​ស្ពាន​មានស្ថានភាពទ្រុឌទ្រោម​​នៅ​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយ​ជ្រំ

12 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ…

ខេត្តស្វាយរៀង​ ៖ លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម​នៅ​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយ​ជ្រំ ​។

លោក ឆាយ ឫទ្ធិ​សែន អមដំណើរ​ដោយ​រដ្ឋលេខាធិការ​ប្រចាំការថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ព្រមទាំង​មានការ​ចូលរួម​ពី​លោក​អភិបាលស្រុក​ព្រះស្ដេច បាន​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែប្រវែង​១.៦​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ក្រូច និង​ភូមិ​ស្នាយ​ព្រី​ម ឃុំ​នគររាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។

លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ចុះ​ធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​គម្រោង​របស់​ក្រសួង ដោយ​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ DBST ឬ​ជា​ផ្លូវ​បេតុង​។

បន្ទាប់​មក លោក​រដ្ឋមន្ដ្រី និង​ប្រតិភូ​អមដំណើរ បាន​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដែល​សាងសង់​ដោយ​សាច់ប្រាក់​ពលកម្ម និង​ស្ពានឈើ​ចំនួន​១​កន្លែង មាន​ប្រវែង​៣៦​ម៉ែត្រ ទទឹង​៣.៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ទួល​វិហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

សូម​បញ្ជាក់​ថា ស្ពាន​នេះ​សាងសង់​អំពី​ឈើ​ឆ្លងកាត់​ព្រែក​របោះ​ព្រីង​ជាប់​ព្រំប្រទល់​ភូមិ​ទួល​វិហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មាន​សភាព​ទ្រុឌទ្រោម និង​មាន​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ឆ្លងកាត់​ស្ពាន​នេះ​ជា​អចិន្ដ្រៃយ៍ គឺ​ភូមិ​ទួល​វិហារ ភូមិ​របោះ​ព្រីង ភូមិ​ក្តី​ស្លា ភូមិ​ប្រមា និង​ភូមិ​ព្រៃ​បន្ទាយ សម្រាប់​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​សាលា​បឋម​សិក្សា​ស្វាយ​យា និង​អនុ​វិទ្យាល័យ​កៀន​តា​ស៊ីវ អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ កម្មករ​ទៅ​ធ្វើការ​នៅ​រោងចក្រ និង​ការ​ធ្វើ​ចរាចរ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ខេត្ត​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម សិក្សា​ពី​លទ្ធភាព​សាងសង់​ជា​ស្ពាន ឬ​ជា​ទំនប់​បង្ហៀរ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ