ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ជិះ​រថយន្ត ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ស្ទើរ​គ្រប់​ខេត្ត​-​រាជធានី ត្រូវ​អស់​លក្ខ​ណ៏​នៅ​ខេត្តបាត់ដំបង ចាប់ខ្លួន​៣​នាក់​បញ្ជូន​ទៅ​តុលាការ

20 ម៉ោង មុន

ខេត្តបាត់ដំបង ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​និង​កំពុង​បន្ត​នីតិវិធី សួរនាំ​ក្រុម​ជន​សង្ស័យ​ចំនួន​០៣​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ដែល​ក្រុម​នេះ ត្រូវ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ក្នុង​ករណី​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ…

ខេត្តបាត់ដំបង ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​និង​កំពុង​បន្ត​នីតិវិធី សួរនាំ​ក្រុម​ជន​សង្ស័យ​ចំនួន​០៣​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា​នេះ ដែល​ក្រុម​នេះ ត្រូវ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ក្នុង​ករណី​គាស់​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ស្ទើរ​គ្រប់​ខេត្ត​-​រាជធានី ក្នុង​ប្រទេស​កម្ពុជា តែ​ត្រូវ​អស់​លក្ខ​ណ៏​នៅ​លើក​ចុង​ក្រោយ ដែល​បាន​ប្រព្រឹត្ត​នៅ​ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង កាលពី​ស​ប្ដា​ហ៏​មុន​នេះ ។

តាម​រយៈ​របាយ​ការ​ណ៏ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត បានអោយ​ដឹង​ថា ក្រុម​ជន​ស្ស័​យ​ទាំង​០៣​នាក់​នោះ មាន ​៖
១. ឈ្មោះ គង់ រ៉ា​វុ​ធ ហៅ រ៉ា ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​និរោធ ខ័​ណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។
២. ឈ្មោះ ព្រំ សា​រិ​ទ្ធ ប្រុស​អាយុ​៤៥​ឆ្នាំ ស់​នៅ​ភូមិ​ភ្នៀ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។
និង​៣. ឈ្មោះ សា ស្រី​ណា ស្រី​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នៅ​លិច ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ចោរ​ប្រុស ស្រី​ទាំង ០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯ ឈឿ​ង គឹ​ម​សុង ស្នងការ​រង ទ​ទូល​ដឹកនាំ​ផ្ទាល់​តាម​ស្ទាក់​ចាប់​បាន កាលពី​ថ្ងៃ​ទី​១០ ខែតុលា នៅ​ស្រុក​មោង​ឬ​ស្សី នៅ​ពេល​ពួក​គេ​កំពុង​ជិះ​រថយន្ត​ព្យាយាម​គេចខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​បាន​សម្រេច នៅ​ស្រុក​រតន​មណ្ឌល ។

លោក ឈៀង គឹ​ម​សុង បាន​និយាយ​ដែរ​ថា ក្រុម​ជនសង្ស័យ​មាន​បក្ខពួក​ចំនួន​០៥​នាក់ តែ​នៅ​០២​នាក់​ទៀត កំពុង​រត់គេច​ខ្លួន​ ។

លោក​បន្ត​ថា ក្រុម​នេះ​ជា​មុខសញ្ញា​ជិះ​រថយន្ត​យ៉ាងតិច ចំនួន​០២​គ្រឿង ដើរ​ប្រព្រឹត្ត​បទល្មើស​ស្ទើរ​គ្រប់​ខេត្ត ក្នុង​ប្រទេស តែ​ត្រូវ​អស់​លក្ខ​ណ៏ ត្រឹម​ខេត្តបាត់ដំបង ក្រោយ​ធ្វើ​សកម្មភាព លើក​ចុង​ក្រោយ កាលពី​ស​ប្ដា​ហ៏​មុខ នៅ​ស្រុក​រតន​មណ្ឌល ។

លោក ឈៀង គឹ​ម​សុង បានអោយ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ក្រុម​ចោរ​ឆ្លងខេត្ត​នេះ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ុ​ន សុខ​ហេង ប្រុស​អាយុ​៣៨​ឆ្នាំ ។ ក្នុង​របាយ​ការ​ណ៏​សមត្ថកិច្ច គេ​មិន​បាន​និយាយ​ពី​ការ​បាត់បង់​ទេ តែ​បាន​ប្រាប់​ថា ក្រុម​ចោរ​អាជីព​នេះ បាន​គាស់​ប​ង្អូ​ច​ចូល​លួច​អស់​គ្មាន​សល់​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​។ ក្រោយ​លួច​បាន ក្រុម​ចោរ​នេះ​បាន​ព្យាយាម​ជិះ​រថយន្ត​គេចខ្លួន រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ទើប​កំណត់​មុខសញ្ញា​បាន ក៏​តាម​ស្ទាក់​ចាប់​ពួក​គេ​បាន​នៅ​ស្រុក​មោង​ឬ​ស្សី ពេល​ក្រុម​នេះ​ព្យាយាម​ជិះ​រថយន្ត​គេចខ្លួន ។

ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​តាម​ល្រ​បួ​ចក​ជាប់ នាំ​យក​មក​សួរនាំ​នៅ​ស្នងការ​ខេត្ត ក្រុម​ចោរ​មាន​ប្រុស​មាន​ស្រី​ទាំងនេះ បាន​សារភាព​ថា ពួក​គេ​មាន​គ្នីគ្នា ចំនួន​០៥​នាក់ ជិះ​រថយន្ត​០២​គ្រឿង ហើយ​ពិតជា​បាន​ធ្វើ​សកម្មភាព គាស់​ផ្ទះ​គេ​នៅ​ចំណុច​ខាងលើ រួច​បាន​ចូល​លួច​យក​ទ្រព្យ​សមត្តិ​មែន ។

ក្រុម​នេះ​បាន​អ៊ួ​ត​ប្រាប់​សមត្ថកិច្ច​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ​លួច​ទ្រព្យសម្បត្តិ ចំនួន​០៦​លើក​ផ្ទូ​ន​ៗ នៅ​ក្នុង​ខេត្ត​ចំនួន​០៣ គឺ​ខេត្តបាត់ដំបង ចំនួន​០៣​លើក នៅ​ខេត្ត​ប៉ៃលិន ចំនួន​០២​លើក និង​នៅ​ខេត្តកណ្ដាល​ចំនួន​០១​លើក តែ​លើក​ចុង​ក្រោយ​នេះ មក​ធ្វើ​សកម្មភាព​លួច​នៅ​ខេត្តបាត់ដំបង ក៏​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ខេត្ត​នេះ​ល្មម ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច ដែល​ដកហូត​បាន​វត្ថុ​តាង ដែល​ភាគច្រើន​ជា​ឧ​បករ​ណ៏​សម្រាប់​គាស់​ផ្ទះ រួម​មាន ៖
-​រថយន្ត​ម៉ាក​កា​មេ​រី (​ឆ្លាម​) ០១​គ្រឿង ព​ណ៏​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2J-0788
-​ដែក​ទុ​ណឺ​វី​ស ចំនួន​០២​ដើម និង កាំបិត​ចំនួន​០២​ដើម​ដែរ ។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​បន្ថែម​ថា កិច្ច​ប្រតិបត្តិការ​តាម​ក្របួច​ក​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ពន្យា​ពេល​យូរ​បន្តិច ដោយសារ​តែ​តាម​ចាប់​បក្ខពួក​ចំនួន​០២​នាក់​ទៀត ទៅ​ដល់​រាជធានី​ភ្នំពេញ តែ​រក​មិនឃើញ ។

លោក​បាន​បញ្ជាក់​ថា កិច្ច​ប្រតិការ​នេះ ក៏​មាន​កិច្ចសហការ​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​តាម​បណ្ដា​ខេត្ត ដែល​ជាប់​ពាក់ព័ន្ធ និង​បទល្មើស ដែល​បាន​កើតឡើង ប្រព្រឹត្ត​ដោយ​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ។

លោក ឈឿ​ង គឹ​ម​សុង ក៏​បាន​បញ្ជាក់​ប្រាប់​ពី​ប្រវត្តិ​ក្រុម​ចោរ​ឆ្លងខេត្ត​នេះ​ខ្លះ​ៗ​ដែរ​ថា បើ​តាម​ការ​ស្រាវជ្រាវ និង​ការ​ផ្ដល់​ចម្លើយ​ខ្លះ​ៗ​ពី​ក្រុម​ជនសង្ស័យ ក្រុម​នេះ​ដើរ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​គ្រប់​ទីកន្លែង​។ ហើយ​យប់​កន្លែង​ណា ដេក​កន្លែង​ហ្នឹង ធ្វើ​សកម្មភាព​លួច​កន្លែង​ហ្នឹង ហើយ​ថែម​ទាំង​ស្វែងរក​ទិញ​គ្រឿងញៀន​ប្រើប្រាស ដោយ​គ្មាន​ខ្លាចរអា​សមត្ថកិច្ច​ឡើយ​។ យ៉ាងណា ពេល​នេះ ក្រុម​នេះ​ជាប់អន្ទាក់​០៣​នាក់​ហើយ នៅឡើយ​០២​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ