ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ត្រៀម​បញ្ជូន​ខែល​ការ​ពារ​ដែន​អាកាស​ទំនើប​ទៅ​អ៊ីស្រាអែល​

22 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ ថ្មី​ៗ​នេះ រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ថា​ខ្លួន​​​ត្រៀម​បញ្ជូន​​ប្រព័ន្ធ​មីស៊ីល​ការ​ពារ​ដែន​អាកាស​ដ៏​ទំនើប​ម៉ាក​សាត​ (THAAD) ទៅ​ប្រទេស​អ៊ីស្រាអែល​​ដើម្បី​​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដែល​មាន​ស្រា​ប់​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​​កំពុង​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​ ហើយ​​អាច​​នឹង​វាយ​​​ប្រហារ​​​គ្នា​​​ទៅ​វិញ​ទៅ​មក​​​​។ ជា​ពិសេស គេ​ដឹង​ថា​ឆាប់​ៗ​នេះ​​អ៊ីស្រាអែល​នឹង​ពន្លះ​អ៊ីរ៉ង់​១​​ប្រាវ​ដើម្បី​​​សង​សឹក​ចំពោះវគ្គ​មុន​ដែល​អ៊ីរ៉ង់​បាញ់​មីស៊ីល​១៨០​គ្រាប់​។…

ទី​ក្រុង​យេរូសាឡឹម៖ ថ្មី​ៗ​នេះ រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​ប្រកាស​ថា​ខ្លួន​​​ត្រៀម​បញ្ជូន​​ប្រព័ន្ធ​មីស៊ីល​ការ​ពារ​ដែន​អាកាស​ដ៏​ទំនើប​ម៉ាក​សាត​ (THAAD) ទៅ​ប្រទេស​អ៊ីស្រាអែល​​ដើម្បី​​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដែល​មាន​ស្រា​ប់​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​​កំពុង​សង្គ្រឺត​ធ្មេញ​ដាក់​គ្នា​ ហើយ​​អាច​​នឹង​វាយ​​​ប្រហារ​​​គ្នា​​​ទៅ​វិញ​ទៅ​មក​​​​។ ជា​ពិសេស គេ​ដឹង​ថា​ឆាប់​ៗ​នេះ​​អ៊ីស្រាអែល​នឹង​ពន្លះ​អ៊ីរ៉ង់​១​​ប្រាវ​ដើម្បី​​​សង​សឹក​ចំពោះវគ្គ​មុន​ដែល​អ៊ីរ៉ង់​បាញ់​មីស៊ីល​១៨០​គ្រាប់​។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក (មន្ទីរ​បញ្ចកោណ​) ដូច​ខាង​លើ​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​ទើប​តែ​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់ៗ និង​ដោយ​ប្រាកដ​ប្រជាថា​អាមេរិក​គួរ​​កុំ​រក្សា​ទុក​កង​ទ័ព​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​បើ​មិន​ចង់​មាន​រឿង​ជា​មួយ​គ្នា​។ គេ​ដឹង​ថា​ក្រៅ​ពី​គម្រោង​បញ្ជូន​មីស៊ីល​ការ​ពារ​ដែន​អាកាស​នេះ អាមេរិក​ក៏​ត្រៀម​បញ្ជូន​ទាហាន​មួយ​ចំនួន​ផង​ដែរ​។​

អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ ឧត្ដម​សេនីយ៍​ប៉ាទ្រីក រ៉ាយ​ដឺ​(Patrick S. Ryder)​ ថ្លែង​ថា​ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក​ លោក​ឡយ​អូស្ទីន​(Lloyd Austin) បាន​​អនុម័តរួច​ហើយ​ដើម្បី​​​​បញ្ជូន​មីស៊ីល​ម៉ាក​សាត​នេះ​​ទៅ​អ៊ីស្រាអែល​​​ស្រប​តាម​បទ​បញ្ជា​របស់​លោក​បៃដិន​។​ ​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់​មិន​អាច​មើល​ស្រាល​បាន​ឡើយ​បន្ទាប់​ពី​ប្រទេស​នេះ​បាញ់​មីស៊ីល​២​ដង​ចូល​អ៊ីស្រាអែល​។

​អ៊ីរ៉ង់​បាញ់​លើក​ទី​១​កាល​ពី​ខែ​មេសា​​ដើម្បី​​សង​សឹកអ៊ីស្រាអែល​ដែល​បាញ់​មីស៊ីល​ដាក់​ស្ថាន​កុង​ស៊ុល​អ៊ី​រ៉ង់​នៅ​ប្រទេស​ស៊ីរី​។ ក្រោយ​មក​ អ៊ីរ៉ង់​បាញ់​មីស៊ីល​លើក​ទី​២​​កាល​ពីដើម​ខែ​តុលា​​ដើម្បី​សង​សឹក​អ៊ី​ស្រា​អែល​ដែល​បាញ់​​សម្លាប់​មេ​ដឹក​នាំ​ក្រុម​ហា​ម៉ាស់​នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់​។​ លោក​បៃដិន​បញ្ជាក់​ថា​លោក​ពិត​ជា​បាន​បញ្ជា​ឱ្យ​បញ្ជូន​មីស៊ីល​​ការ​ពារ​ដែន​អាកាស​ទៅ​អ៊ី​ស្រាអែល​មែន​ដើម្បី​ការ​ពារ​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​។ តាម​ពិតទៅ​ អាមេរិក​ក៏​បារម្ភ​អំពី​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា​ផង​ដែរ​។

ឥឡូវ​នេះ គេ​កំពុង​បារម្ភ​ថា​​​ភ្លើង​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​មិន​អាច​ថយ​ចុះ​ទេ​​។​ ប៉ុន្តែ​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ទោះ​បី​​សហ​គមន៍​អន្តរ​ជាតិ​​​​ខិត​ខំ​​ធ្វើ​នយោបាយ​ការ​ទូត​យ៉ាង​ដុត​ដៃ​ដុត​ជើង​​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​​យ៉ាង​ណា​ក្ដី​​។ ​​ប្រភព​ខ្លះ​អះ​អាង​ថា​​​អ៊ីស្រាអែល​​មិន​ត្រឹម​តែ​មាន​គម្រោង​​វាយ​ប្រហារ​ទី​តាំង​ប្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់​វាយ​ទី​តាំង​នុយ​ក្លេអ៊ែរ​ថែម​ទៀត​។

ដូច្នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​តាម​រយៈ​ប្រមុខ​ការ​ទូត​របស់​ខ្លួន​បាន​ប្រកាស​ជា​ចំហ​ថា​ប្រទេស​របស់​លោក​មិន​ចង់​មាន​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​ទេ​។ ប៉ុន្តែ​អ៊ីរ៉ង់​ក៏​មិន​អាច​នៅ​ស្ងៀម​​បាន​ដែរ​បើ​គេ​រុញ​ខ្នង​ឱ្យ​ទល់​ជញ្ជាំង​។ រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​​​​រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រៀម​ខ្លួន​​ធ្វើ​​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​។ គ្រាន់​តែ​ថា​សង្គ្រាម​បើ​ផ្ទុះ​ឡើង​​​​កាន់​តែ​ខ្លាំង​ទូទាំង​​តំបន់​មជ្ឈិម​បូព៌ា​អាច​នឹង​បង្ក​បញ្ហា​ខ្លាំង​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ទី​ផ្សារអន្តរ​ជាតិ​ ហើយ​ធ្វើ​ឱ្យ​មាន​វិបត្តិ​ថាម​ពល​ទូទាំង​ពិភព​លោក​​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ