ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតំណាងចែកចាយដែលចាញ់បោក iCon Group កើនដល់៧៤០នាក់ ខណៈតារាថៃមួយចំនួនក្លាយជាជនជាប់ចោទ

1 ថ្ងៃ មុន

បាងកក ៖ សំណុំរឿង​ឆបោក​ដ៏​កក្រើក iCon Group ត្រូវ​បាន​មេ​ប៉ូលិស​ថៃ បញ្ជាក់​ច្បាស់​ថា ទាំង Boss Paul…

បាងកក ៖ សំណុំរឿង​ឆបោក​ដ៏​កក្រើក iCon Group ត្រូវ​បាន​មេ​ប៉ូលិស​ថៃ បញ្ជាក់​ច្បាស់​ថា ទាំង Boss Paul និង​មេ​ធំ​ទាំង​៦ ដែល​សុទ្ធ​សឹង​ជា​បុគ្គល​ល្បី និង​កំពូល​តារា​ថៃ រួម​មាន Boss Ek,Peter,Sam,Min និង Kan​ជាដើម បាន​ក្លាយជា​ជនជាប់ចោទ ឬ​ជនសង្ស័យ​ហើយ ដែល​បច្ចុប្បន្ន​ប៉ូលិស​ថៃ កំពុង​រៀបចំ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​យោង​តាម​មាត្រា​១៣៤​របស់​ប្រទេស​ថៃ បើ​ទោះបីជា​ពួក​គេ​បាន​បដិសេធ​ថា ខ្លួន​គ្រាន់តែ​បុគ្គលិក​ពិធីករ និង​អ្នក​ប្រ​ម៉ូត នៅ​ក្នុង​ក្រុមហ៊ុន មិនមែន​ជា​អ្នក​បណ្តាក់ទុន និង​ប្រកាស​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ក្តី ។

លោក​ឧត្តមសេនីយឯក សោ​ភ័​ណ្ឌ សា​រ៉ា​ផាត អគ្គមេបញ្ជាការ​រង​នៃ​ការិយាល័យ​ស៊ើបអង្កេត​មជ្ឈិម​បាន​អះអាង​ទៀត​ថា មូលហេតុ​ដែល​ក្រុម​តារា​ល្បី​ទាំងនោះ​ក្លាយ​ខ្លួន​ជា​ជន​ជនសង្ស័យ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​បាន​ដាក់​ឈ្មោះ​របស់​ពួក​គេ​ទាំង​៦ នៅ​ក្នុង​ពាក្យបណ្តឹង ។

ប៉ូលិស​ថៃ បាន​ប្រកាស​ថា ក្នុង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់ ១៣ តុលា ឆ្នាំ​២០២៤ ចំនួន​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន iCon Group មាន​ចំនួន​៧៤០​នាក់ ដែល​សរុប​ជា​ទឹកប្រាក់​ដែល​បាន​ខាតបង់​មាន​តម្លៃ​ប្រមាណ​២៦៦​លាន​បាត ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Thai PBS នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ ។

ស្របគ្នា​នៃ​របាយការណ៍​ជន​រង​គ្រោះ នៅ​ក្នុង​ប្រទេស​ថៃ សារព័ត៌មាន​ថៃ The Nation បាន​ចុះ​ផ្សាយ​ថា គម្រោង​ពីរ៉ាមីត​របស់ The Icon Group ក៏​មាន​ជន​រង​គ្រោះ​ផង​ដែរ នៅ​ក្នុង​ប្រទេស​ជិតខាង​ចំនួន​បី គឺ មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា ហើយ​សូ​ម្បី​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​មាន​អ្នក​ចា​.​ញ់​បោក​ដែរ ។

របាយការណ៍​នេះ​ត្រូវ​បាន The Nation អះអាង​ថា យោង​ទៅ​តាម​ការ​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​នៅ​ក្នុង​ប្រទេស​ថៃ ។ មហាជន​ដែល​និយម​លេង​បណ្តាញ​សង្គម បាន​ចែករំលែក​រូបថត និង​វី​ដេ​អូ​ឃ្លី​ប​របស់​នាយក​ប្រតិបត្តិ iCon Group លោក Warathaphon Waratyaworrakul រហស្សនាម​ថា «Boss Paul» ដែល​បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ក្នុង​នៅ​ប្រទេស​ឡាវ កម្ពុជា មី​យ៉ា​ន់​ម៉ា ។ កម្មវិធី​មួយ​ៗ​របស់​ក្រុមហ៊ុន​នេះ តែងតែ​ប្រារព្ធ​ធ្វើ​ក្នុង​រូបភាព​អធិកអធម អម​ជាមួយនឹង​វត្តមាន​កំពូល​តារា​ថៃ​ល្បី​ៗ ដែល​ជាតា​រា​តំណាង​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ ដើម្បី​ធានា​នូវ​ភាព​ជឿជាក់​សម្រាប់​តំណាង​ចែកចាយ​នៅ​តាម​ប្រទេស​ទាំងនោះ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ប្រទេស​ឡាវ ក្រុមហ៊ុន iCon Group បាន​ជ្រើសរើស​សមាជិក និង​តំណាង​ចែកចាយ​ជាង​១​ពាន់​នាក់ ហើយ​ក្នុង​ចំណោម​នោះ​មាន​ទាំង​បុគ្គល​ល្បី អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម និង​តារា​ល្បី​ៗ​លំដាប់​ប្រទេស ។

ដោយឡែក ប្រជាពលរដ្ឋ​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​បាន​បញ្ចុះបញ្ចូល​ឱ្យមក​បណ្តាក់ទុន ដើម្បី​ក្លាយជា​អ្នក​ចែកចាយ​របស់​ក្រុមហ៊ុន​ដូច​គ្នា ។ ក្រៅពី​ឡាវ មី​យ៉ា​ន់​ម៉ា និង​កម្ពុជា ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​ចេញ​មក​ទម្លាយ​ក្នុង​បទ​សម្ភាសន៍​មួយ តាម​ផេ​ក​ហ្វេ​ស​បុក​ដ៏​ល្បី​មួយ​ថា នាង​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​ក្លាយជា​ប្រធាន​បណ្តាញ​ក្រោម​ការ​ដឹកនាំ​របស់ iCon Group នៅ​ប្រទេស​ជប៉ុន​ហើយ​នាង​បាន​ណែនាំ​អាជីវកម្ម​នេះ ទៅ​ដល់​ជនជាតិ​ថៃ​ជា​ច្រើន​ទៀត​នៅ​ទីនោះ ប៉ុន្តែ​ការ​បណ្តាក់ទុន​របស់​អ្នក​គ្រប់​គ្នា​សុទ្ធតែ​ខាត ។

ជាក់ស្តែង តំណាង​ចែកចាយ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​២៥០,០០០​បាត ប៉ុន្តែ​ពួក​គេ​អាច​រក​ចំណូល​បាន​មក​វិញ​ត្រឹមតែ​៤,០០០​បាត​ប៉ុណ្ណោះ​។ រឿងអាស្រូវ​របស់ Icon Group ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​គម្រោង​វិនិយោគ​ផុ​ន​ហ្ស៊ី​ស្គេ​ម (Ponzi Scheme) ដែល​មាន​ទម្រង់​ដូច​ពីរ៉ាមីត ដោយ​បញ្ចុះបញ្ចូល​មនុស្ស​ជា​ច្រើន​ឱ្យមក​បណ្តាក់ទុន​ជាមួយ​ក្រុមហ៊ុន ។ អ្នក​ចូល​ដំបូង​ៗ​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​បើក​វគ្គ​បណ្តាល​ដោយ​ឥត​គិតថ្លៃ ស្តី​ពី​របៀប​រកស៊ី​តាម​អន​ឡាញ ហើយ​ត្រូវ​បាន​ជំរុញ​ឱ្យ​ពួក​គេ​កៀងគរ​មនុស្ស​ជុំវិញ​ខ្លួន​ឱ្យ​ចូល​ធ្វើ​ជា​តំណាង​ចែកចាយ នៅ​ពេល​ណា​ប្រមូល​មនុស្ស​បាន​កាន់តែ​ច្រើន ពួក​គេ​នឹង​ទទួល​បាន​កម្រៃជើងសារ​កាន់តែ​ច្រើន​ពី​ការ​កាត់​យក​ផលិតផល​របស់​ក្រុមហ៊ុន​យក​ទៅ​លក់​បន្ត​ពី​មួយ​តង់​ទៅ​មួយ​តង់ ។

អ្នក​ដែល​សម្រេចចិត្ត​កាត់​យក​ផលិតផល​របស់​ក្រុមហ៊ុន​ទៅ​លក់ មាន​ក្តី​រំពឹង​ថា គេ​ទទួល​បាន​កំរៃ​មក​វិញ​ជា​ប្រចាំ ព្រោះតែ​ក្រុមហ៊ុន​អះអាង​ថា ផលិតផល​ទាំងនោះ​ស្រួល​លក់ និង​លក់ដាច់​ដូច​នំ​ខេ​ក​អ​ញ្ជឹ​ង​។ ប៉ុន្តែ​ពេល​ដែល​ផលិត​លក់​មិន​ចេញ ពួក​គេ​ត្រូវ​បង្ខំចិត្ត​លក់​ទាំង​ខាត ឬ​ទុក​ប្រើ​ខ្លួនឯង ខណៈ​ផលិតផល​ដែល​លក់​មិន​ចេញ​ហើយ​ហួស​ដឺ​ឡេ ក្រុមហ៊ុន​មិន​ព្រម​ទទួល​ទិញ​វិញ​ឡើយ រហូត​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ខ្លះ​ដែល​ខាត​ប្រាក់​ច្រើន ហើយ​ខ្លះ​ជំពាក់​បំណុល​វណ្ឌ​ករ សម្រេចចិត្ត​ធ្វើ​អត្ត​ឃា​.​ត​ថែម​ទៀត​ផង ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ជន​រង​គ្រោះ និង​បណ្តឹង​ចោទប្រកាន់ នៅ​ពេល​បង្ហាញខ្លួន​មុខ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល កាលពី​រសៀល​ថ្ងៃ​សៅរ៍ Boss Paul នាយក​ប្រតិបត្តិ iCON Group បាន​និយាយ​ប្រាប់​អ្នកកាសែត​ដោយ​បង្ហាញ​អារម្មណ៍​សោកស្ដាយ និង​អះអាង​ថា លោក​មក​ទី​នេះ ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់ និង​ឆន្ទៈ​ការ​ដោះស្រាយ​សំណង​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់ ៕

កែសម្រួលដោយ