ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបច្ចុប្បន្នអូស្ត្រាលីក្លាយជាគោលដៅកំពូល សម្រាប់អ្នកវិនិយោគអចលនទ្រព្យអាស៊ី?

1 អាទិត្យ មុន

ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីបានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅអាស៊ី បើទោះបីជាថ្មីៗនេះមានការផ្លាស់ប្តូរមួយចំនួនរបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីអនុវត្តការគ្រប់គ្រងដ៏តឹងរ៉ឹងចំពោះអ្នកទិញបរទេសយ៉ាងណាក៏ដោយ។ របាយការណ៍ថ្មីៗនេះពីក្រុមបច្ចេកវិទ្យាអចលនទ្រព្យសកល Juwai IQI បានបង្ហាញថា ប្រទេស​អូស្ត្រាលី…

ប្រទេសអូស្ត្រាលី ៖ ប្រទេសអូស្ត្រាលីបានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅអាស៊ី បើទោះបីជាថ្មីៗនេះមានការផ្លាស់ប្តូរមួយចំនួនរបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីអនុវត្តការគ្រប់គ្រងដ៏តឹងរ៉ឹងចំពោះអ្នកទិញបរទេសយ៉ាងណាក៏ដោយ។

របាយការណ៍ថ្មីៗនេះពីក្រុមបច្ចេកវិទ្យាអចលនទ្រព្យសកល Juwai IQI បានបង្ហាញថា ប្រទេស​អូស្ត្រាលី គឺជាចំណុចដ៏សំខាន់នៃការកើនឡើង ក្រោយការរាតត្បាតជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការឆ្លងព្រំដែនពីអ្នកទិញដែលមានមូលដ្ឋាននៅអាស៊ី។ នេះមានន័យថា អូស្ត្រាលីបានវ៉ាដាច់សហរដ្ឋអាមេរិក និងកាណាដា ក្លាយជាទីផ្សារទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីបណ្តាអ្នកទិញ។

របាយការណ៍ដដែលបន្ថែមថា ការបើកទទួលជនចំណាកស្រុកយ៉ាងច្រើនរបស់ប្រទេសអូស្ត្រាលីបានជួយប្រទេសនេះ ក្លាយជារ៉ាដារបស់អ្នកវិនិយោគអន្តរជាតិ ហើយវាកើតឡើងនៅពេលតួលេខក្រុមប្រឹក្សាភិបាលត្រួតពិនិត្យការវិនិយោគបរទេសបានបង្ហាញថា អ្នកវិនិយោគអាស៊ីបានចំណាយប្រាក់រហូតដល់ ៥.១ពាន់លានដុល្លារលើវិស័យអចលនទ្រព្យក្នុងរយៈពេល៩ខែដំបូង កាលពីឆ្នាំមុន។ ហើយអ្នកវិនិយោគចិនមានចំនួនតិចជាងពាក់កណ្តាលនៃចំនួនសរុប ពោល ២.៥ពាន់លានដុល្លាររយៈពេលដូចគ្នា ខណៈហុងកុង តៃវ៉ាន់ និងវៀតណាម គឺជាប្រភពវិនិយោគធំបំផុតបន្ទាប់ ដែលមានការចំណាយ ៣០០លានដុល្លាររៀងៗខ្លួន។

លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមការងារ Juwai IQI បានលើកឡើងថា ការវិនិយោគលើអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី នឹងទទួលបានតម្លៃខ្ពស់ត្រឡប់មកវិញ ដោយតម្លៃបានកើនឡើង ៤២% ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺជាការទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេស។ កត្តាទាក់ទាញផ្សេងទៀតពាក់ព័ន្ធនឹងស្ថិរភាពសេដ្ឋកិច្ច និងគុណភាពខ្ពស់នៃការរស់នៅក្នុងប្រទេសអូស្ត្រាលី។

អូស្ត្រាលីកំពុងតែបន្តទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគអាស៊ីនៅឆ្នាំនេះ បើទោះបីជារដ្ឋាភិបាលសហព័ន្ធបានប្រកាសអំពីការផ្លាស់ប្តូរ ដើម្បីឈានដល់កាត់បន្ថយចំនួនជនចំណាកស្រុកមកកាន់ប្រទេសនេះយ៉ាងណាក៏ដោយ។ របាយការណ៍ស្តីពីការទិញអចលនទ្រព្យឆ្លងព្រំដែនអាស៊ីប៉ាស៊ីហ្វិកបង្ហាញថា ប្រទេសអូស្ត្រាលី គឺជាជម្រើសកំពូលសម្រាប់អ្នកវិនិយោគមកពីបណ្តាប្រទេសអាស៊ីជាច្រើន ដែលថ្លឹងថ្លែងដោយចំនួននៃការសាកសួរអ្នកទិញក្នុងត្រីមាសទី១ ឆ្នាំនេះ រួមបញ្ចូលទាំងអ្នកវិនិយោគមកពីហុងកុង ចិនដីគោក ម៉ាឡេស៊ី និងថៃ។ ការទទួលនិស្សិតបរទេស និងជនចំណាកស្រុកប្រចាំឆ្នាំដ៏ច្រើនរបស់អូស្ត្រាលី ក៏រួមចំណែកជួយបង្កើតតម្រូវការថ្មីផងដែរ។

យោងតាមតួលេខរបស់ការិយាល័យស្ថិតិប្រទេសអូស្ត្រាលី ABS ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា ជនចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពោល ៥៤៧,២០០នាក់ ដែលលើសពីកំណត់ត្រាចាស់ ៤៣៣,១០០នាក់ កាលពីឆ្នាំ ២០២២។

លោក Daniel Ho បានកត់សម្គាល់ថា អ្នកទិញមានមូលដ្ឋាននៅអាស៊ីភាគច្រើនកំពុងទិញអចលនទ្រព្យក្នុងប្រទេសអូស្ត្រាលី សម្រាប់ទាំងការរស់ផ្ទាល់ខ្លួន និងគោលបំណងវិនិយោគ។ លោកបានថ្លែងថា «ពួកគេទិញលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលី ប្រហែលជាការវិនិយោគដែលមានសុវត្ថិភាព ប៉ុន្តែតាមពិតទៅពួកគេកំពុងទិញកន្លែងដែលពួកគេចង់រស់នៅ។ ស្របពេលដែលឱកាសទទួលបានការអប់រំល្អក្នុងប្រទេសអូស្ត្រាលី គឺជាកត្តាជំរុញដ៏សំខាន់នៃការទទួលបានការទិញពីបរទេស ជាពិសេសក្នុងចំណោមអ្នកទិញជនជាតិចិន៕ (ប្រភព ៖ realestate.com.au)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ