ទីក្រុងឥស្លាមម៉ាបាត៖ មានហេតុការណ៍បាញ់ប្រហារដ៏ខ្លាំងក្លាពីសំណាក់ជនប្រដាប់អាវុធរាប់សិបនាក់ទៅលើតំបន់ជីកយករ៉ែឯកជនមួយកន្លែងនៅប្រទេសប៉ាគីស្ថានភាគនិរតីកាលពីល្ងាចថ្ងៃសុក្របណ្ដាលឱ្យស្លាប់កម្មករយ៉ាងតិច២១នាក់។ សាក្សីនិយាយថាពួកជនប្រដាប់អាវុធបានលើកគ្នាចូលទីនោះទាំងហ្វូង និងបាញ់រះដោយឥតរើសមុខទៅលើកម្មករដោយឥតដឹងមូលហេតុច្បាស់លាស់។ ក្រៅពីនេះ ពួកគេហៅកម្មករឱ្យឈរតម្រង់ជួរ រួចហើយពួកគេបាញ់កម្មករទាំងនោះជាបន្តបន្ទាប់។
ហេតុការណ៍បាញ់ប្រហារពីសំណាក់ជនប្រដាប់អាវុធ៤០នាក់នោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលប្រទេសប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀងហៃ។ នេះក៏ជាហេតុការណ៍បាញ់ប្រហារដ៏ផ្ដាច់ផ្ដិលជីវិតមនុស្សបំផុត១មួយនៅក្នុងខេត្តប៉ាឡូជីស្ថានដែលសម្បូរធនធានរ៉ែ និងដែលស្ថិតនៅលើចំណុចព្រំដែននៃប្រទេសប៉ាគីស្ថាន, អាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់។
នាយនគរបាលប្រចាំតំបន់កើតហេតុនោះប្រាប់ថាក្រុមភេរវកម្មបន្ទាប់ពីបានបាញ់ប្រហាររួចហើយ ពួកគេនៅសំកុកទីនោះរយៈពេលប្រហែលមួយម៉ោងកន្លះជាបន្តទៀតមុននឹងដកថយទៅវិញ។ ពួកគេបាញ់មិនត្រឹមតែគ្រាប់កាំភ្លើងដៃធម្មតាប៉ុណ្ណោះទេ ប៉ុន្តែបាញ់សុទ្ធតែគ្រាប់រ៉ុកកែត និងគប់គ្រវែងគ្រាប់បែកទៅលើហ្វូងកម្មករអណ្ដូងរ៉ែថែមទៀត។ រហូតមកដល់ពេលនេះមិនទាន់មានក្រុមភេរវកម្មណាមួយប្រកាសថានេះជាស្នាដៃរបស់ខ្លួននៅឡើយទេ។
នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំង២១នាក់នោះក៏មានជនជាតិអាហ្វហ្កានីស្ថានបួននាក់ផងដែរ។ ក្រៅពីនេះមនុស្ស៦នាក់ទៀតរងរបួស។ ក្រសួងការបរទេសអាហ្វហ្កានីស្ថានប្រកាសថ្កោលទោសខ្លាំងៗចំពោះការបាញ់ប្រហារនេះ។ ក្រសួងក៏បានបង្គាប់ឱ្យមន្ត្រីស្ថានកុងស៊ុលរបស់ខ្លួនជួយសម្រួលការដឹកជញ្ជូនសាកសពជនរងគ្រោះត្រឡប់ទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ។
អាជីវករដែលលក់ដូរនៅក្បែរតំបន់កើតហេតុនោះបានសម្រេចបិទទ្វារហាង និងប្រមូលផ្ដុំគ្នានៅកន្លែងកើតហេតុដើម្បីទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនដៃដល់យកទៅផ្ដន្ទាទោស។ ម្ចាស់អណ្ដូងរ៉ែប្រាប់ថាលោកធ្លាប់ទទួលរងការគំរាមកំហែងពីសំណាក់ជនប្រដាប់អាវុធដែលមិនស្គាល់អត្តសញ្ញាណ។ ប៉ុន្តែគ្មាននរណានឹកស្មាននឹងមានករណីនេះកើតឡើងទេ។ គាត់ប្រាប់ថាពួកជនប្រដាប់អាវុធក៏បានដុតបំផ្លាញអណ្ដូងរ៉ែទាំងដប់កន្លែង រួមទាំងគ្រឿងបរិក្ខារ និងគ្រឿងចក្រជាច្រើនទៀត។
គួរកត់សម្គាល់ថាអំពើបះបោររបស់ក្រុមផ្ដាច់ខ្លួននៅខេត្តប៉ាឡូជីស្ថាននាំឱ្យមានការបាញ់ប្រហារជាហូរហែ។ គោលដៅរបស់ពួកគេគឺស្ថាប័នរបស់រដ្ឋាភិបាល, កងទ័ព និងក្រុមហ៊ុនឯកជនរបស់ប្រទេសចិនដែលទៅវិនិយោគនៅទីនោះ។ ពួកគេ (ក្រុមផ្ដាច់ខ្លួន) ចង់ដាក់សម្ពាធទៅលើរដ្ឋាភិបាលដើម្បីធ្វើសម្បទានខ្លះៗសម្រាប់ពួកគេនូវតំបន់ដែលសម្បូរភោគទ្រព្យធម្មជាតិ៕
ចែករំលែកព័តមាននេះ