ទីក្រុងវ៉ាស៊ីនតោន៖ ខ្យល់ព្យុះមីលតុនបង្កការខូចខាតយ៉ាងធំធេងដូចជាការព្យាករទុកមិនខុសមែន។ រយៈពេលជិត១២ម៉ោងនៃការបោកបក់របស់វា មនុស្សយ៉ាងតិច១៦នាក់បានស្លាប់។ ចំនួននេះគិតតែសាកសពដែលបានរកឃើញតែប៉ុណ្ណោះ។ ដូច្នេះ ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ខណៈដែលមនុស្សមិនតិចនាក់ទេកប់នៅក្រោមគំនរបាក់បែក។ ក្រៅពីនេះ ផ្ទះរាប់លានខ្នងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ដោយសារខ្យល់ព្យុះបានវាយបំបាក់បង្គោលភ្លើង និងដើមឈើអស់ជាច្រើន។
ខ្យល់ព្យុះបានបង្កជាភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ស្ទើរតែគ្រប់ទីកន្លែង, ផ្ទះរបស់អ្នកស្រុកត្រូវបានបំផ្លិចបំផ្លាញ, ដំបូលអគារខ្លះត្រូវខ្យល់កួចរបើករបាញអស់រលីង, ដងស្ទូចក៏ដួលបះជើងច្រងាងទៅលើអគារការិយាល័យធ្វើការ១កន្លែង។ អាជ្ញាធរអះអាងថាមនុស្ស២នាក់ស្លាប់នៅសេនភីតថឺបឺក (St. Petersburg), ៤នាក់ស្លាប់នៅវូលូស្យា (Volusia), ម្នាក់នៅផូក (Polk) និងម្នាក់ទៀតនៅសាយត្រឺស (Citrus)។ ក្រៅពីនេះ មនុស្ស៦នាក់ស្លាប់នៅសេនលូស៊ី (St. Lucie) នៃឆ្នេរសមុទ្រខាងកើត។
ករណីដាច់ភ្លើងកើតឡើងច្រើនកន្លែងនៅពេលខ្យល់ព្យុះបក់ទៅឆ្នេរសមុទ្រខាងលិច។ ផ្ទះរបស់អ្នកស្រុក និងផ្ទះអាជីវកម្ម២,៦លានខ្នងនៅតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់រហូតមកដល់ពេលនេះ។ នៅពេលខ្យល់ព្យុះទើបតែស្ងប់ស្ងាត់ទៅវិញថ្មីៗបុរសម្នាក់វ័យជាង៦០ឆ្នាំក៏ដើរចេញទៅក្រៅផ្ទះដើម្បីបោសសម្អាតសំរាមដែលរាយប៉ាយ។ គាត់ដើរជាន់ខ្សែភ្លើងដែលដាច់ រលាត់ ហើយក៏ឆក់ស្លាប់ទៅដោយគ្មានអ្នកដទៃអាចជួយទាន់ពេលវេលាឡើយ។ នៅពេលសមត្ថកិច្ចចុះទៅដល់ឃើញគាត់ដេកស្តូកស្ដឹងលែងដឹងខ្លួនបាត់ទៅហើយ។
អនុប្រធានាធិបតីអាមេរិក លោកស្រីហារីស សន្យាថារដ្ឋាភិបាលសហព័ន្ធនឹងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ។ លោកស្រីថ្លែងដូច្នេះនៅក្នុងវេទិកាសាធារណៈរៀបចំនៅទីក្រុងហ្វូនិច រដ្ឋអារីហ្សូណា។ ប៉ុន្តែលោកត្រាំដែលជាគូប្រជែងរបស់លោកស្រីបាននិយាយរិះគន់ចំណាត់ការរបស់រដ្ឋាភិបាល។ លោកចាត់ទុកថាវិធានការនេះគ្មានប្រសិទ្ធភាពទេ៕
ចែករំលែកព័តមាននេះ