ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​លុ​ច​សំបួ បង្ហាញ​នូវ​សុទិដ្ឋិនិយម​ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ

22 ម៉ោង មុន

ទីក្រុងវៀងចន្ទន៍ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ទីក្រុងវៀងចន្ទន៍ ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី​ត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ជា​រដ្ឋមន្ត្រី​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សកម្មភាព​មនុស្សធម៌ នៃ​ប្រទេស​លុ​ច​សំបួ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤៤ និង ៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ។

ជា​កិច្ច​ចាប់ផ្ដើម​សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង ​នូវ​ការ​ស្វាគមន៍ និង​ក្ដី​រីករាយ​ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ការទូត​កន្លង​មក រវាង​កម្ពុជា​-​លុ​ច​សំបួ ដោយ​សម្ដេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ច្រើន ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​លុ​ច​សំបួ​។ ក្នុង​ន័យ​នេះ ប្រទេស​ទាំង​ពីរ គប្បី​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​ នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ពិនិត្យ និង​កំណត់​អំពី​វិស័យ​សក្តានុពល នៃ​កិច្ច​សហប្រតិបត្តិការ​ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី​អំពី​បំណង​របស់​លុ​ច​សំបួ ក្នុង​ការ​ជ្រើសរើស​ប្រទេស​មួយ​ចំនួន រួម​ទាំង​កម្ពុជា ជា​ប្រទេស​ដៃគូ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា វិស័យ​សុខាភិបាល និង វិស័យ​អប់រំ ជាដើម ​។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​វិស័យ​ទេសចរណ៍​, វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​, បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ការ​បោសសម្អាត​មីន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ