រាជធានីភ្នំពេញ ៖ សម្រាប់យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅ តាមតុលាការ នៅរយៈពេល៩ខែ មកនេះ តុលាការនៅទូទាំងប្រទេស បានចាត់ការសំណុំរឿងជាង១៣ម៉ឺនសំណុំរឿង ចំណោមសំណុំរឿងប្រមាណជាង១៨ម៉ឺន ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយៈពេល ៩ខែ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាព មិនប្រក្រតី នៅតាមតុលាការរបស់អ្នកនាំពាក្យក្រសួងយុត្តិមធ៌ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាក្នុងរយៈពេល៩ខែ កន្លងទៅ សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿង ដទៃទៀត បានសរុបចំនួន ១៣២,៨០៥ សំណុំរឿង ស្មើនឹង ៧៣,៥១% នៃសំណុំរឿងទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៨០,៦៦១ សំណុំរឿង ក្នុងនោះ មានទាំងសំណុំរឿង ដែលមានមុនពេល ប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿង ដែលចូលថ្មីក្រោយ ពេលប្រកាសដាក់ចេញយុទ្ធនាការ ។
ទន្ទឹមនេះ សាលាជម្រះក្តី និងអង្គ ការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ តាមរយៈការសម្រុះសម្រួលផ្សះផ្សា បានចំនួន ២៧៤ ករណី។
គណៈបញ្ជាការដឹកនាំ យុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលសម្រេចបានខាងលើ ដែលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះ ក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានលើកឡើងថា ក្នុងរយៈពេល ៩ខែ កន្លងទៅ គិតចាប់ តាំងពីពេលគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានប្រកាស ទទួលបណ្ដឹងអំពីភាព មិនប្រក្រតី នៃចំណាត់ការសំណុំរឿងរបស់តុលាការ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹង មកកាន់លេខាធិ ការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ សរុបចំនួន ១,៩៥០បណ្ដឹង ប៉ុន្តែម្ចាស់ពាក្យបណ្ដឹង បានដកពាក្យបណ្តឹងរបស់ខ្លួនវិញ ចំនួន ២៣ បណ្ដឹង ដូច្នេះ បណ្តឹងរបស់ប្រជាពលរដ្ឋ ដែលគណៈបញ្ជាការ ដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ១,៩២៧ បណ្ដឹង ។
ប្រភពបានលើកឡើងទៀតថា ជាលទ្ធផល គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំប០ប គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋរួច សរុបចំនួន ១,៥៧៤ ករណី ស្មើនឹង ៨១,៦៩% ដោយក្នុងនោះ ៖ ករណីស្នើសុំជំរុញ និងពន្លឿននីតិវិធីតុលាការ មានចំនួន ៩៩០ ករណី ស្មើនឹង ៥១,៣៧% ករណីដែលម្ចាស់បណ្ដឹងបង្ហាញ នូវកង្វល់ អំពីភាពមិនប្រក្រតីចំពោះសំណុំរឿងរបស់ខ្លួនដែល កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ មានចំនួន ២៦៤ ករណី ស្មើនឹង ១៣,៧០% ករណីដែលរកពុំឃើញមានភាពមិនប្រក្រតី ហើយ តុលាការសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ ត្រឹមត្រូវ និងច្បាស់លាស់ មានចំនួន ២៧២ ករណី ស្មើនឹង ១៤,១២% ករណីដែលអាចមានតម្រុយសង្ស័យថាមានភាពមិនប្រក្រតី មានចំនួន ៤៨ ករណី ស្មើនឹង ២,៤៩% ក្នុងនោះ បានចាត់ឱ្យចុះធ្វើអធិការកិច្ចចំនួន ២៩ ករណី, ស្នើសុំឱ្យជំនុំជម្រះសាជាថ្មី ចំនួន ១៥ ករណី, សម្រុះសម្រួលផ្សះ ផ្សាបញ្ចប់ វិវាទដោយជោគជ័យ ចំនួន ២ ករណី និង ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ ២ ករណី ។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងទៀតថាសំណុំរឿងនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួន ៣៥៣ ករណី ស្មើនឹង ១៨,៣១%។ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានធ្វើការសម្រប សម្រួល ផ្តល់មេធាវីស្ម័គ្រចិត្ត ដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ១៣៣ រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុង សំណុំរឿងចំនួន ១៣៣ ករណី ៕
ចែករំលែកព័តមាននេះ