ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះល្បាតត្រួតពិនិត្យតាមគោលដៅសំខាន់ៗ ក្នុងមូលដ្ឋានក្រុងពោធិ៍សាត់ ដោយបានឃើញជនគួរអោយសង្ស័យម្នាក់កំពុងជិះម៉ូតូ ក៏បានធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ និងឆែកឆេរ ។ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន និងបន្ដកិច្ចការងាររដ្ឋបាលរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ផ្សេងទៀត ។
លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា នៅវេលាម៉ោង១១និង៥៥នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ធ្វើការល្បាតក្នុងភូមិសាស្ត្រក៏បានឃើញជនគួរអោយសង្ស័យម្នាក់ កំពុងជិះលើម៉ូតូនៅចំណុចផ្លូវកៅស៊ូ មុខហាងសុភមង្គល ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ភ្លាមនោះកម្លាំងយើងបានឃាត់ខ្លួន ដើម្បីសួរនាំ និងឆែកឆេរ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យស់ វង្សរតនា (ហៅ ជ្រុយ) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+) ។
វត្ថុតាងចាប់យកបាន រួមមាន ៖ ម្សៅក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ (សាច់ថ្នាំសុទ្ធ ០.៥២ ក្រាម), ទូរសព្ទចំនួន ០១គ្រឿង ម៉ាក Vivo ពណ៌ខៀវ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក កែវ សារិ បន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានស្រង់ចម្លើយរបស់ឈ្មោះ យស់ វង្សរតនា ដោយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីឈ្មោះ ចាប វុទ្ធី ។
លោកអធិការនគរបាលក្រុងពោធិ៍សាត់ បានបន្តទៀតថា ក្រោយមកនៅវេលាម៉ោង១៦និង០០នាទី សមត្ថកិច្ចយើងបានអោយឈ្មោះ យស់ វង្សរតនា យកទូរសព្ទខលទៅទិញថ្នាំញៀនពី ឈ្មោះ ចាប វុទ្ធី ចំនួន ១,១០០,០០០រៀល (មួយលាន ដប់ម៉ឺនរៀល) ដោយឈ្មោះ វុទ្ធី អោយទៅចាំយកថ្នាំនៅក្រោមស្ពានអាកាស ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ជាលទ្ធផល ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ទៀត រួមមាន ៖
២.ឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+) ។
៣.ឈ្មោះ ជា សុភ័ក្ដ្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+) ។ ការឆែកឆេរភ្លាមៗ លើខ្លួនមានដូចជា ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ(មិនចាំឆ្នាំ), ទូរសព្ទចំនួន ០២គ្រឿង(១.ម៉ាក Redmi ពណ៌ស ចំនួន ០១គ្រឿង, ២.ម៉ាក Nokia ចុចពិលចំនួន ០១គ្រឿង) ។
អធិការនគរបាលក្រុងពោធិ៍សាត់ បានបន្ថែមថា បន្ទាប់មកសមត្ថកិច្ច បានបន្ដទៅឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ ចាប វុទ្ធី ដែលស្ថិតនៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងជនសង្ស័យ ទី៤ ដែលកំពុងនៅបន្ទប់ជួលនោះ ឈ្មោះ កែវ ដែន ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វើការរត់តុ (លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន+) ។ វត្ថុតាងឆែកឆេរ ចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់(សាច់ថ្នាំសុទ្ធ ០.៤២ក្រាម), ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០២ដើម និង ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ០១កំផ្លេរ ។
អធិការនគរបាលក្រុងពោធិ៍សាត់ បានអោយដឹងទៀតថា សមត្ថកិច្ចយើងក៏បន្តទៅធ្វើការឆែកឆេរនៅផ្ទះរបស់ ឈ្មោះ ចាប វុទ្ធី ផ្ទាល់បន្ដទៀត ដែលស្ថិតនៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រកឃើញវត្ថុតាងដូចជា ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ (សាច់ថ្នាំសុទ្ធ ២.០៩ក្រាម), ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ដើម, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ០១កំផ្លេរ និងថង់ច្រកសម្រាប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ