ថៃ ៖ តើលោកអ្នកធ្លាប់បានដឹងខ្លះៗដែរឬទេ អំពីអាយុកាលនៃទឹក ដែលជាវត្ថុធាតុដ៏សំខាន់សម្រាប់ជីវិតមនុស្សសត្វរុក្ខជាតិលើផែនដី? តើទឹក នៅលើផែនដីយើងមានអាយុកាលប៉ុន្មានហើយ? តើទឹកទាំងនោះមានប្រភពដំណើតកកើតដំបូងបំផុតចេញពីអ្វីដែរ?
យោងតាមការស្រាវជ្រាវជាបឋមពីអ្នកវិទ្យាសាស្ត្រក្រុមដោយពឹងផ្អែកទៅលើតម្រុយរបស់អាចម៍ផ្កាយបានឱ្យដឹងថា អាយុកាលរបស់ទឹក ដែលមាននៅលើផែនដីនេះអាចឈានដល់ខ្ទង់ពាន់លានឆ្នាំមកហើយ ដែលវា គឺជារយៈកាលដ៏យូរលង់ជាងអ្វីដែលមនុស្សគ្រប់គ្នាពុំធ្លាប់បានសម្រៃគិតដល់ ហើយអាយុកាលនៃទឹកនេះ ក៏ជាភស្តតាំងបង្ហាញឱ្យឃើញថា ជីវិតដែលមាននៅលើផែនដីក៏មានអាយុកាលពាន់លានឆ្នាំដូចគ្នា ។
យោងតាមការចុះផ្សាយលើគេហទំព័រ New York rural water association របស់សមាគមទឹកជនបទញូវយ៉ក បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្ររកឃើញអំណះអំណាងដែលអាចបញ្ជាក់បានថា តំណក់ទឹកដំបូងលើផែនដីអាចមានអាយុចំណាស់ដល់ទៅ៤៥០០លានឆ្នាំ ហើយពិតមែននោះមានន័យថា អាយុកាលរបស់ទឹក គឺដូចគ្នាទៅនឹងការកកើតរបស់ទឹកកក ឧស្ម័ន និងព្រះអាទិត្យផងដែរ ។
ប្រភពឯកសារស្រាវជ្រាវពី GeoScienceWorld បញ្ជាក់ថា អ្នកវិទ្យាសាស្ត្រ Cecilia Ceccarelli និងតារាវិទូ Fujun Du បានសន្និដ្ឋានដូចគ្នាថា ប្រភពទឹកធម្មជាតិនៅលើផែនដីរបស់យើង អាចមានអាយុកាលប្រហែល៤៥០០លានឆ្នាំមុន ។ ទ្រឹស្ដីមុនៗបានអះអាងថា ផែនដី និងភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ គឺស្ងួត ហើយក្រោយមកទើបមានទឹក ដោយសារបន្ទុះអាចម៍ផ្កាយដែលមានផ្ទុកទៅដោយទឹកកក និងឧស្ម័ន ។
លោក Sune Nielsen អ្នកជំនាញភូគព្ភវិទូ និងជាអ្នកនិពន្ធការសិក្សារបស់អង្គការ WHOI មានប្រសាសន៍ថា «អាចម៍ផ្កាយជំនាន់ដើមដែលត្រូវបានប្រទះឃើញលើភពផែនដី គឺស្រដៀងទៅនឹងសមាសធាតុនៃប្រព័ន្ធព្រះអាទិត្យ ហើយអាចម៍ផ្កាយទាំងនោះផ្ទុកទៅដោយទឹកនៅផ្នែកខាងក្នុង ដែលត្រូវបានគេគិតថា ជាវាប្រភពដើមនៃទឹកនៅលើផែនដី» ។
ដូចគ្នានេះ ក្រុមអ្នកស្រាវជ្រាវមកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុងឡុងដ៍ និងសកលវិទ្យាល័យ Glasgow របស់ប្រទេសស្កុតឡែន បានរួមគ្នាស្រាវជ្រាវលើដុំថ្មអាចម៍ផ្កាយមួយ ដែលបានធ្លាក់ក្នុងបរិវេណផ្ទះអ្នកស្រុកនាភាគនិរតីប្រទេសអង់គ្លេសនោះកាលពីឆ្នាំ២០២១ ហើយលទ្ធផលស្រាវជ្រាវត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ (Science Advances)។
លោក Luke Daly ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវមួយរូប និងជាសាស្ត្រាចារ្យផ្នែកភូគព្ភវិទ្យានៅសកលវិទ្យាល័យ Glasgow បានបញ្ជាក់ថា ដុំថ្មក្នុងទីអវកាសមួយចំនួន គឺមានផ្ទុកទៅដោយសមាសធាតុគីមីសំខាន់ៗដូចជា ទឹកជាដើម ហើយសមាសធាតុគីមីទាំងនោះត្រូវបាននាំមកកាន់ភពផែនដីដោយសារតែកម្ទេចកម្ទីថ្មអវកាស និងអាចម៍ផ្កាយ ដែលបានធ្លាក់ចុះមកអស់រយៈពេលជាច្រើនពាន់លានឆ្នាំ ហើយបានប្រមូលផ្តុំបង្កើតបានទៅជាប្រភពទឹក ដែលពោរពេញទៅដោយសារធាតុរ៉ែបង្កលក្ខខណ្ឌអំណាយផលសម្រាប់ការកកើតឡើងនូវសរីរាង្គមានជីវិតល្អិតតូចៗជាធាតុផ្សំ ពិសេសសម្រាប់ការវិវត្តឡើងជាភាវៈរស់មានជីវិតធំៗដទៃទៀតនៅលើភពផែនដីយើងនេះ ៕
ចែករំលែកព័តមាននេះ