ក្នុងជំនួបនៅឯប្រទេសឡាវ តើនាយករដ្ឋមន្ត្រីវ័យក្មេង ថៃ-កម្ពុជា ជជែកគ្នាជុំវិញប្រធានបទសំខាន់ៗអ្វីខ្លះ?
- ភ្នំពេញ
ឡាវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ…
ឡាវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ…
ឡាវ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានឯកភាពបន្តពង្រឹង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទាញឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរក៏ដូចជា ត្រៀមសកម្មភាពសំខាន់ៗ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥ ខាងមុខ ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី និងលោកស្រី ផែថងថាន បានឆ្លៀតជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគ្នា ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល ។
ក្នុងជំនួបនោះ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ដែលបានផ្ញើសារអបអរសាទរលោកស្រី មុនគេបង្អស់នៅពេលលោកស្រីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ។ លោកស្រី នាយករដ្ឋមន្ត្រីថៃ បានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើនថែមទៀតនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ២០២៤នេះ ។ សម្តេចមហាបវរធិបតី និងលោកស្រីនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ៖ -ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន – ការសិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក – ការតភ្ជាប់រវាងប្រជាជន និងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខជាដើម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្តពាក់ព័ន្ធប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ