ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ីវា.យតម្លៃខ្ពស់ចំពោះកម្ពុជាថាជាប្រទេសតូចតែមានសក្ដានុពលខាងវិស័យទេសចរណ៍

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ថា ជា​ប្រទេស​តូច តែ​មាន​សក្ដានុពល​ខ្ពស់ ជា​ពិសេស​ខាង​វិស័យ​ទេសចរណ៍ ។ ការ​លើក​ឡើង​របស់​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា…

រាជធានី​ភ្នំពេញ ៖ នៅ​ចំពោះ​មុខ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ថា ជា​ប្រទេស​តូច តែ​មាន​សក្ដានុពល​ខ្ពស់ ជា​ពិសេស​ខាង​វិស័យ​ទេសចរណ៍ ។

ការ​លើក​ឡើង​របស់​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ល្ងាច​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៤ ខណៈ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ Tan Sri Nazir Razak ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN-BAC) នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ក្នុង​ឱកាស​នៃ​ការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៤ និង​៤៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​រដ្ឋធានី​វៀង ច័ន្ទ​ន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ក្នុង​ឱកាស​នៃ​ជំនួប​លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​សម្ដេច​បវរ​ធិ​បតី​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែង​ការ​គួរសម ដើម្បី​ពិភាក្សា​អំពី​ផែនការ​សកម្មភាព​ការងារ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​នៅ​ពេល​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ក្លាយជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២៥​ខាង​មុខ ហើយ​រូប​លោក​ក៏​នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​ផង​ដែរ ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ា​ឡេ​ស៊ី បាន​លើក​ឡើង​អំពី​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​តំបន់​អាស៊ាន​តាម​រយៈ ៖ ១,​ការ​កំណត់​អត្តសញ្ញាណ​រួម​ពិសេស ក្នុង​នាម​ជា​ធុរជន និង​វិនិយោគិន​អាស៊ាន ។ ២, ការ​រៀប​ចំការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើក​ដំបូង​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​អាស៊ាន (ASEAN-IPO) ។ ៣,​ការ​ពង្រឹង​យន្តការ​នៃ​ការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ជាមួយនឹង​ការ​សម្រួល​ដល់​ការ​បរិច្ចាគ​ឆ្លង​ដែន​នានា និង​៤, ការ​ជំរុញ​ឱ្យ​មានការ​ចូលរួម​ផ្នែក​យេ​ន​ឌ័​រ​ប្រកបដោយ​សមធម៌ និង​បរិ​យា​ប័ន្ន​ក្នុង​ធុរកិច្ច និង​ការ​វិនិយោគ ។

លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ក៏​បាន​គោរព ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា កម្ពុជា​ជា​ប្រទេស​តូច តែ​មាន​សក្ដានុពល​ខ្ពស់ ជា​ពិសេស​ខាង​វិស័យ​ទេសចរណ៍ និង​បាន​លើក​ឡើង​ពី​ការ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើន​កា​រត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​តំបន់ និង​ពិភពលោក​ជាមួយនឹង​ការ​ផ្ដល់​ឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​កំណត់​គំរូ​អាជីវកម្ម​ថ្មី​ៗ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ឯកភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​ម៉ា​ឡេ​ស៊ី ដោយ​សម្ដេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ប្រែក្លាយ​គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​ទៅ​ជា​សកម្មភាព និង​លទ្ធផល​ជាក់ស្ដែង ។

សម្ដេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​សុខដុម​នី​យ​កម្ម​នៃ​ក្របខ័ណ្ឌ​គតិ​យុ​ត្តនៃ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​បង្កើត​ឱ្យ​បាន​នូវ​បរិស្ថាន​អំណោយផល​សម្រាប់​ធុរកិច្ច និង​វិនិយោគិន​ក្នុង​តំបន់​អាស៊ាន​, ការ​ប្រែក្លាយ​គំនិត​ផ្ដួចផ្ដើម​ស្ដី​ពី​ការ​បង្កើត​ឱ្យ​មាន​ទីផ្សារ​មូល ប​ត្រ​រួម​នៅ​ក្នុង​តំបន់​អាស៊ាន និង​ការ​ជំរុញ​ការ​ចូលរួម​បន្ថែម​ទៀត​របស់​វិស័យ​ឯកជន​ក្នុង​ធុរកិច្ច និង​ការ​វិនិយោគ ។

សម្ដេច​ធិ​បតី បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ចាត់​ទុក​ថា វិស័យ​ឯកជន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​លើកទឹកចិត្ត​ជា​ច្រើន​សម្រាប់​វិស័យ​ឯកជន​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ឯកជន​បាន​ដំណើរការ​ល្អ​ប្រសើរ និង​រីក​លូតលាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ