រាជធានីភ្នំពេញ ៖ គណៈប្រតិភូយុវជនកម្ពុជា ចំនួន០២ រួមជាមួយប្រតិភូយុវជនតំណាងសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត បានចូលរួមជំនួបរវាងប្រមុខដឹកនាំអាស៊ាន និងតំណាងយុវជនអាស៊ាន ឆ្នាំ២០២៤ ដែលជាកម្មវិធីមួយ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ នាទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ក្នុងជំនួបនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូយុវជនអាស៊ាន បានដាក់ជូនថ្នាក់ដឹកនាំអាស៊ាន នូវសេចក្តីថ្លែងការណ៍ជាអានុសាសន៍របស់យុវជន ដែលត្រូវបានរៀបចំឡើងដោយតំណាងយុវជនអាស៊ាន-ទីម័រខាងកើត ដោយផ្ទាល់ នៅក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ាន លើកទី៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៤ នៅខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះ ផ្តោតលើបញ្ហា រួមមាន (១) សុខភាព និងសុខុមាលភាពសង្គមរបស់យុវជនអាស៊ាន (២) ការអប់រំ និងបណ្តុះបណ្តាល (៣) ឱកាសការងាររបស់យុជន (ជំនាញឌីជីថល) ជម្រុញសហគ្រិនភាព និងការកសាងបណ្តាញ (៤) ជម្រុញ និងពង្រឹងការចូលរួមរបស់យុវជន (៥) ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាប័ន្ន និង (៦) ការគ្រប់គ្រង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ ។
នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអានុសាសន៍សម្រាប់យុវជនអាស៊ាន ដូចខាងក្រោម ៖
ទីមួយ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលមួយ ដ៏ផុយស្រួយ ដែលជម្លោះប្រដាប់អាវុធ នៅតែបន្តកើតឡើងគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាក្តីព្រួយបារម្ភ យុវជននៅតាមតំបន់មួយចំនួននៃពិភពលោក បានចាប់ផ្តើមគិតថាសន្តិភាពជារឿងធម្មតា។ កត្តាទាំងនេះគួរតែជាកង្វល់ សម្រាប់បណ្តាថ្នាក់ដឹកនាំ និងយុវជន ព្រោះវាការទទួលខុសត្រូវរួមគ្នាសម្រាប់យើងទាំងអស់គ្នា ក្នុងការការពារ និងថែរក្សាសន្តិភាពដែលមានស្រាប់ ប្រសើរជាងការកសាងសន្តិភាពដែលបានបាត់បង់រួចទៅហើយ ។
ទីពីរ នៅពេល ដែលវិសាលភាពនៃប្រព័ន្ធ ផ្សព្វផ្សាយសង្គមកាន់តែ មានភាពសកម្មឡើង, ខ្ញុំលើកទឹកចិត្តឱ្យយុវជនមានការប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ជាពិសេសនាយុគសម័យនៃព័ត៌មានក្លែងក្លាយ និងព័ត៌មានទាក់ទាញការចាប់អារម្មណ៍ ដែលអាចរុញច្រានឱ្យ មានការបែកបាក់ក្នុងសង្គម។ ជាមួយគ្នានេះ យុវជនគួរតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក, សុខដុមរមនា, និង សាមគ្គីភាពក្នុងសង្គមដែលមានភាពសម្បូរបែប។ ម្យ៉ាងវិញទៀត យុវជនគួរជៀសវាងនូវទង្វើ ឬការបញ្ចេញមតិបែបជ្រុលនិយម ដែលអាចបណ្តាលឱ្យមានការបែកបាក់គ្នារវាងប្រជាជន និងសហគមន៍ ។
ទីបី យើងកំពុងស្ថិតក្នុងពិភពលោក ដែលមាន ការប្រកួតប្រជែងខ្ពស់។ ហើយរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវលើការផ្តល់ឱកាសស្មើៗគ្នាសម្រាប់យុវជន នូវលទ្ធភាពទទួលបានការអប់រំ,ជំនាញ, និងការងារ ។
ជាមួយគ្នានេះ យុវជនក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ ឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពទាំងនេះ ដើម្បីភាពរីកចម្រើនរបស់ខ្លួន ក៏ដូចជាភាពរីកចម្រើន នៃអនាគតរបស់សង្គមជាតិយើងទាំងមូល។ ខ្ញុំលើកទឹកចិត្តដល់យុវជនរបស់យើងឱ្យប្រើប្រាស់គំនិតនវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិមិត្ត ដើម្បីជំរុញការផ្លាស់ប្តូរ និងបង្កើតដំណោះស្រាយចំពោះបញ្ហាប្រឈមដែលសង្គមរបស់យើងកំពុងជួបប្រទះ ៕
ចែករំលែកព័តមាននេះ