ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ ប្រព្រឹត្តទៅស្របតាមគោលការណ៍ “អ្នកចេះ គឺជាប់” ខណៈអវត្តមានសរុប ២.៤០៦នាក់
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ…
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» ខណៈអវត្តមានសរុប ២.៤០៦នាក់ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាល្ងាចថ្ងៃទី៩ តុលា នេះ ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។
ក្រសួង បន្ដថា ដំណើរការសំណេរទាំងពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ព្រមទាំងការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ។
ក្រសួង បន្ថែមថា បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយស្ទើរតែគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
ក្រសួង ថា «គិតមកត្រឹមរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ចំនួនបេក្ខជនអវត្តមានសរុប ២.៤០៦នាក់ ស្រី ៩១៥នាក់ ត្រូវជា ១,៧៦ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយនៃបេក្ខជនអវត្តមានសរុប»។
ក្រសួង បន្ដទៀតថា ចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបានមានចំនួន ១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦នាក់។ នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបាន អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ ។
ដោយឡែក មណ្ឌលប្រឡងមួយចំនួន នៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈខ្លី នៅរសៀលថ្ងៃទី១ ប៉ុន្តែបានបន្តដំណើរការវិញដោយប្រក្រតី។ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងបានផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២។ បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬយកទូរសព្ទចូលក្នុងបន្ទប់ប្រឡងមានចំនួន ៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង រួចហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់មាន ៣ករណី ។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ បានឱ្យដឹងថា «ដំណើរការសំណេរបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។ ជារួម ដំណាក់កាលសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់» ។
តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា ដែលបានសហការយ៉ាងសកម្ម ដើម្បីធានាបានថា ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ៕
សូមបញ្ជាក់ថា ៖ រូបភាពខាងក្រោមទាំងអស់នេះ ជារបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចែករំលែកព័តមាននេះ