ខេត្តព្រៃវែង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានធ្វើឲ្យជ្រួលច្របល់ពេញផ្ទះសំណាក់ស្រែមានលាភ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ ចូលទៅក្នុងបន្ទប់ប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 4 និង 45 នាទីល្ងាច ថ្ងៃទី 8 តុលា រនៅក្នុងបន្ទប់លេខ 03 ផ្ទះសំណាក់ស្រែមានលាភ ដែលស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ សាំងស៊ីន ភេទប្រុស អាយុ 54 ឆ្នាំ មានទីលំនៅក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ស្រែមានលាភបានឲ្យដឹងថា នៅវេលាម៉ោង 11 និង 12 នាទីព្រឹក ថ្ងៃទី 8 តុលា ជនរងគ្រោះបានចូលមកជួលបន្ទប់ដេក នៅផ្ទះសំណាក់ខាងលើ ក្នុងបន្ទប់លេខ 03 ហើយមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ បើមិនស្គាល់អត្តសញ្ញាណ បានចូលទៅក្នុងបន្ទប់នោះដែរ ហើយប្រមាណជា 20 នាទីក្រោយមក ស្ត្រីរូបនោះក៏ចាកចេញទៅវិញបាត់។
ប្រភពដដែលនេះបានបញ្ជាក់ថា រហូតដល់ម៉ោង 4 និង 45 នាទីល្ងាច ដោយមិនឃើញជនរងគ្រោះចេញពីបន្ទប់សោះ បុគ្គលិកផ្ទះសំណាក់ម្នាក់ឈ្មោះ សេង សុខនី ភេទស្រី អាយុ 50 ឆ្នាំ បានចូលទៅគោះទ្វារ ឃើញទ្វារបើកមិនចាក់គន្លឹះ ក៏ចូលទៅមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ទើបមានការផ្អើលឆោរឡោឡើងតែម្ដង។
ក្រោពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចស្រុកពារាំង បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុ ហើយរហូតដល់ព្រឹកថ្ងៃទី 9 តុលា ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង ដឹកនាំកម្លាំងជំនាញចុះទៅត្រួតពិនិត្យ និងបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ក្រោយពីធ្វើកោសល្យវិច័យរួច។
ទោះជាយ៉ាងណាក៏ដោយ ជុំវិញរឿងរ៉ាវខាងលើនេះ ខាងសមត្ថកិច្ចក៏ដូចជាព្រះរាជអាជ្ញា មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលថតយករូបភាពនៅក្នុងកន្លែងកើតហេតុទេ ហើយក៏មិនបានផ្ដល់ព័ត៌មានអ្វីដល់អ្នកព័ត៌មានដែរ ដូច្នេះហើយទើបគេមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ប៉ុន្តែតាមការសង្ស័យ គឺអាចជាករណីនាំស្រីស្នេហ៍មកឡើងឋានសួគ៌ ហើយត្រូវស្លាប់លើបង្គង ៕
ចែករំលែកព័តមាននេះ