ទីក្រុងតេអេរ៉ង់៖ តើជោគវាសនា-អនាគតនៃតំបន់មជ្ឈិមបូព៌ាអាចគេចផុតពីសង្គ្រាមដ៏មហាប្រល័យដែរឬទេនៅពេលស្ថានការណ៍កាន់តែឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ? រឿងនេះកាន់តែគួរឱ្យព្រួយបារម្ភបន្ទាប់ពីប្រទេសអ៊ីរ៉ង់តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនថ្លែងថាខ្លួនបានត្រៀមជើងព្រួលរួចហើយដើម្បីប្រឡូកនៅក្នុងសង្គ្រាមយ៉ាងពេញបន្ទុកជាមួយអ៊ីស្រាអែល។
ប្រមុខការទូតរូបនេះបញ្ជាក់ថាអ៊ីរ៉ង់មិនមែនជាប្រទេសល្មោភសង្គ្រាមទេ។ ប៉ុន្តែបើគេជំរុញឱ្យយើងដើរនៅលើផ្លូវដែលគេគូសឱ្យដើរ យើងត្រូវតែដើរ។ បើគេជន្លឆ្វេង ជន្លស្ដាំរហូតដល់យើងទ្រាំមិនបានត្រូវតែធ្វើសង្គ្រាម យើងត្រូវតែធ្វើដោយជៀសមិនរួច។ រដ្ឋមន្ត្រីរូបនេះព្រមានថាបើអ៊ីស្រាអែលចង់ធ្វើតេស្តការប្ដេជ្ញាចិត្តរបស់យើង យើងក៏ត្រៀមកំដរពួកគេវិញដែរ។
លោករដ្ឋមន្ត្រីអ៊ីរ៉ង់រូបនេះថ្លែងប្រាប់អ្នកសារព័ត៌មានថាបើសិនគេវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ពេលនោះអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបកាន់ខ្លាំងជាងមុន។ អ៊ីរ៉ង់ធ្លាប់វាយប្រហារអ៊ីស្រាអែលមួយប្រាវកាលពីសប្ដាហ៍មុនដោយប្រើប្រាស់មីស៊ីលផ្លោងជាង១រយគ្រាប់។ ប៉ុន្តែអ៊ីស្រាអែលអាចបាញ់ទម្លាក់បានភាគច្រើន។ អ៊ីស្រាអែលប្រកាសថាខ្លួនមិនឱ្យអ៊ីរ៉ង់រួចខ្លួនទេ។ អ៊ីស្រាអែលនឹងចាត់វិធានការវាយបកវិញ។
លោកបៃដិនក៏ប្រកាសគាំទ្រឱ្យអ៊ីស្រាអែលវាយសងសឹកវិញផងដែរ។ លោកគាំទ្រឱ្យអ៊ីស្រាអែលវាយប្រហារទីតាំងស្តុកទុកប្រេងឆៅ។ ប៉ុន្តែអ៊ីស្រាអែលមិនត្រឹមតែចង់វាយទីតាំងទាំងនេះទេ។ អ៊ីស្រាអែលចង់វាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថែមទៀត។ រដ្ឋមន្ត្រីអ៊ីរ៉ង់ថ្លែងថាគោលនយោបាយរបស់យើងមិនមែនចង់ធ្វើសង្គ្រាម ឬចង់បង្កភាពតានតឹងនោះទេ។ ប៉ុន្តែយើងក៏ត្រៀមខ្លួនធ្វើសង្គ្រាមផងដែរ។
រដ្ឋមន្ត្រីក្រសួងប្រេងឆៅអ៊ីរ៉ង់បានធ្វើដំណើរទៅដល់កោះខាក (Kharg) ដែលជាទីតាំងស្តុកទុកប្រេងឆៅសម្រាប់នាំចេញទៅក្រៅប្រទេស។ លោកបានជជែកគ្នាជាមួយមេបញ្ជាទ័ពជើងទឹកអ៊ីរ៉ង់ដែលឈរជើងការពារទីនោះ។ ចំណាត់ការនេះធ្វើឡើងនៅពេលមានសញ្ញាកាន់តែច្បាស់ថាអ៊ីស្រាអែលត្រៀមវាយប្រហារទីតាំងប្រេង និងថាមពលដទៃទៀតរបស់អ៊ីរ៉ង់។ ពាក់ព័ន្ធនឹងគម្រោងវាយប្រហារនេះ លោកបៃដិនថ្លែងថាអ៊ីស្រាអែលប្រហែលជាមិនទាន់សម្រេចចិត្តជាលើកចុងក្រោយថានឹងចាត់វិធានការឆ្លើយតបចំពោះអ៊ីរ៉ង់ដោយវិធីណានៅឡើយទេ៕
ចែករំលែកព័តមាននេះ