ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ សូម​ឲ្យ​ប៉ូលិស​ចរាចរណ៍ ដក​ដៃ​ពី​ការ​ផាកពិន័យ មក​ជួយ​សម្រួល​កុំ​ឲ្យ​កកស្ទះ ពេល​សិស្ស​ប្រឡង​បាក់​ឌុ​ប

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពង្រឹង​វិធានការ​ការពារ និង​រក្សា​សន្តិសុខ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ដើម្បី​ពង្រឹង​វិធានការ​ការពារ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​«​បាក់​ឌុ​ប » នៅ​តាម​មណ្ឌល​ប្រឡង ក្នុង​រាជធានី​ភ្នំពេញ ។

កិច្ចប្រជុំ​នោះ ក្រោយ​អធិបតីភាព​លោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ ស្តីទី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អភិបាល និង​អភិបាលរង​ខណ្ឌ ទាំងអស់ ព្រមទាំង​មន្ត្រី រួម​ជាមួយ​សមត្ថកិច្ច​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ក្នុង​ឱកាសលោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ​ស្តីទី បាន​លើក​ឡើង​ថា ការ​ប្រឡង​នេះ គឺជា​ពានរង្វាន់​សម្រាប់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រក្សា​ពានរង្វាន់ ដែល​ប្រជាពលរដ្ឋ​សាទរ ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​នេះ​ឱ្យ​បាន ។

លោក កើត ឆែ អះអាង​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត យកចិត្តទុកដាក់​ពង្រឹង​ការ​អប់រំ តាំងពី​បឋម​សិក្សា​ឱ្យ​ខ្លាំង ជា​គោលនយោបាយ​រាជ​រដ្ឋ​ភិ​បាល អណ​ត្តិ​ទី​៧ ដោយ​សម្ដេច​ធិ​បតី បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត ធ្វើ​ដំណើរ​តាម​រថយន្ត​ចុះ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ដឹង​សុខទុក្ខ និង​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ បើ​ប្រទេស​យើង​មាន​មនុស្ស​ពូកែ​ច្រើន​នាក់ ធ្វើ​ឱ្យ​ប្រទេស​មានការ​រីក​ចម្រើន យើង​ហ្នឹង ដើរ​ដល់​គោលដៅ ។

លោក បន្ត​ទៀត​ថា មន្ត្រី​ពាក់ព័ន្ធ ត្រូវ​មានមុខ​នៅ​តាម​មណ្ឌល​ប្រលង នៅ​ថ្ងៃ​ទី​៨ ខែតុលា​នេះ សូម​ឱ្យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដក​ដៃ​ចេញពី​វិធានការ​ត្រួតពិនិត្យ ការ​ផាកពិន័យ ទៅ​ជា​ការ​ជួយ​សម្រួល និង​ដោះស្រាយ​ចរាចរ​ណ៌ ដោយ​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​របស់​អាជ្ញាធរ ដើម្បី​ជួយ សម្របសម្រួល​នៅ​ពេល​កកស្ទះ​តាម​ដងផ្លូវ ដើម្បី​ឲ្យ​បេក្ខជន​ទៅ​ប្រឡង​ឲ្យ​បាន​ទាន់​ពេលវេលា ។

លោក​បញ្ជាក់​ទៀត​ថា ដោយឡែក​រថយន្តក្រុង នៅ​រក្សា​ខ្សែ​រត់ និង​ពេលវេលា​ដដែល ។ លោក កើត ឆែ បាន​បញ្ជាក់​ច្បាស់​ថា ចំពោះ​ការ​ផ្ញើ​កង់​ម៉ូតូ នៅ​តាម​មណ្ឌល​ប្រឡង មិន​ឱ្យ​បង់ប្រាក់​ទេ ព្រោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ប្រាក់​ជំនួស​ហើយ ។

លោក ហែម ស៊ី​ណា​រ៉េ​ត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​សំ​ណេ​រ ចំនួន ៣២​មណ្ឌល ស្មើនឹង​១,០៣៧​បន្ទប់ មាន​បេក្ខជន​ចំនួន ២៥,៧៣៩​នាក់ និង​មណ្ឌល​កំណែ ចំនួន​១០​មណ្ឌល ។

លោក​ប្រធាន​មន្ទីរ បន្ត​ថា ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ឆ្នាំ​នេះ មាន​បេក្ខជនស្វ័យរិន ចំនួន​៥,៨៣៧​នាក់ និង​ជន​ពិការ​ភាព​(​គ​.​ថ្លង់​) ១៣​នាក់ ។ សម្រាប់​រាជធានី​ភ្នំពេញ បាន​ជ្រើស​យក​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ រក្សា​សុវត្ថិភាព វិញ្ញាសា និង​ធ្វើ​កំណែ​វិញ្ញាសា ។

សូម​បញ្ជាក់​ថា មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ តុលា ២០២៤ ទូ​ទាំង​ប្រទេស ត្រូវ​បាន​កំណត់​ថ្នាក់ ៖ វិទ្យាសាស្ត្រ មាន ៧៣​មណ្ឌល មាន ១,៦១៦​បន្ទប់ និង​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម មាន ១៥៧​មណ្ឌល មាន ៤,០២០​បន្ទប់ សរុប​ចំនួន ២៣០​មណ្ឌល ត្រូវជា ៥,៦៣៦ បន្ទប់ ។ ចំណែក​កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ចំនួន ៥៨៧​នាក់ បម្រុង ៦៤​នាក់ អ្នក​ស្ម័គ្រចិត្ត ១០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ