រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរភ្នំពេញ បានកោះប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ។
កិច្ចប្រជុំនោះ ស្ថិតក្នុងអធិបតីភាព លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ ស្តីទី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួម ពីតំណាង អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រី និងសមត្ថកិច្ចក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ។
ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ មានមណ្ឌលសំណេរ ចំនួន៣២មណ្ឌល ស្មើនឹង១,០៣៧បន្ទប់ មានបេក្ខជនមានចំនួន ២៥,៧៣៩នាក់ និងមណ្ឌលកំណែ ចំនួន១០មណ្ឌល ។
សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ទូទាំងប្រទេស ត្រូវបានកំណត់ថ្នាក់ ៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល មាន ១,៦១៦ បន្ទប់ និងថ្នាក់ ៖ វិទ្យាសាស្ត្រសង្គម មាន ១៥៧មណ្ឌល មាន៤,០២០បន្ទប់ សរុបចំនួន២៣០ មណ្ឌល ត្រូវជា៥,៦៣៦ បន្ទប់ ។ ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ អ្នកស្ម័គ្រចិត្ត ១០០នាក់ ៕
ចែករំលែកព័តមាននេះ