ខេត្តសៀមរាប ៖ ជនសង្ស័យ២នាក់វា.យគ្នាដោយដំបង (មានស្ថានទម្ងន់ទោស) គេចខ្លួន ជាង១០ឆ្នាំត្រឡប់ចូលផ្ទះមកលេងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាបឃាត់ខ្លួនបានជាបន្តបន្ទាប់ តាមអំណាចដីកា របស់តុលាការ ខេត្តសៀមរាបបញ្ហាឱ្យឃាត់ខ្លួន ។
ហេតុការណ៍ឃាត់ខ្លួនពិរុទ្ធជនទាំង២នាក់បានជាបន្តបន្ទាប់នោះមានឈ្មោះ ពិរុទ្ធជន ស៊ាំ សាង ឃាត់ខ្លួនថ្ងៃទី១ តុលា ២០២៤ និងពិរុទ្ធជន វុន វាន់ ឃាត់ខ្លួនថ្ងៃទី៣ តុលា ២០២៤ ធ្វើឡើងក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជា លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានឱ្យលោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រ និគម ដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមចុះប្រតិបត្តិការស្រាវជ្រាវ និងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនទាំងពីរនាក់ ដែលយកដំបងឈើវា.យគេបណ្តាលឱ្យរបួសធ្ងន់ រួចរត់គេចខ្លួនចេញពីស្រុកកំណើត អស់រយៈពេលជាង១០ឆ្នាំ ដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ស្រាប់តែកម្លាំងនគរបាលយើងបានដឹងព័ត៌មានថា ជនសង្ស័យឃើញនៅផ្ទះក៏សហការគ្នាជាមួយនគរបាលប៉ុស្តិ៍ កៀនសង្កែ និងនគរបាលប៉ុស្តិ៍ដានរុន ចុះចាប់ឃាត់ខ្លួនភ្លាមៗ ដោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន០២នាក់ ក្រោមបទល្មើស «ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស » ។
ប្រភពបញ្ជាក់ថា ករណីខាងលើនេះ ក្រោមកិច្ចសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្ងន់ធ្ងន់ដឹកនាំដោយលោកវរសេនីយ៍ ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រួចបញ្ជូនខ្លួនពិរុទ្ធជនទាំង០២នាក់ ទៅស្ថាប័នតុលាការ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ។
បច្ចុប្បន្ន លោក លឹម សុគន្ធា រ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បញ្ជូនទៅកាន់ពន្ធនាគារ ដាក់គុក បណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ