ក្រុងប៉ារីស៖៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានអញ្ជើញជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារ ជាមួ យលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅរដ្ឋ ធានី ប៉ារីស ប្រទេស បារាំង នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ។
ក្នុងជំនួបនោះលោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាអនុប្រធានការិយាល័យអចិន្ត្រៃយ៏សមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង AIMF បានសម្តែងការស្វាគមន៍ និង ថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណ:អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងសិន្នីសិទ AIMF និងកិច្ច ប្រជុំ ការិយាល័យអចិន្ត្រៃយ៍ AIMF។
យោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្សអ្នកនាំពាក្យសាលារាជធានីភ្នំពេញនិងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញពីទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២៤នេះថា ក្នុងឱកាសនៃជំនួបសម្តែងការគួរសមខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈមដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន ៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។
លោកជំទាវបានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីសកំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរើសយកការសាងសង់បន្ថែមនូវរថភ្លេីង លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។
អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហា បរិស្ថាន៖ ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។ ជាមួយគ្នានេះ លោកជំទាវ អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស បានលើកឡើងថា៖ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការ ហូរចូល លាយឡំ ទឹក ភ្លៀង និងទឹកស្អុយនៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនេះ ផងដែរ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានអញ្ជើញឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងគណៈប្រតិភូដេីម្បី អញ្ជើញ ទស្សនា ផ្ទាល់ នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួចសម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយ ឯកឧត្ដម អភិបាល ក៏បានឯកភាពលើការអញ្ជើញនេះដែរ។
ជាមួយ គ្នា នេះ លោកជំទាវអភិបាលក្រុងប៉ារីសក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី ” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀនតំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថាជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានសម្តែងការចាប់អារម្មណ៍ពីសារៈសំខាន់ នៃ គម្រោងនេះហើយយ ឯកឧត្ដមបានស្នើសុំលោកជំទាវអភិបាលក្រុងប៉ារីសដើម្បីយកគំរូនៃ គម្រោងនេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញក្នុងការផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងអាច មានសេវាគ្រប់គ្រាន់បម្រើឱ្យជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងផងដែរ។
ជារួម ភាគីទាំងពីរបានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យកាន់តែប្រសើរឡើង ។
គួរបញ្ជាក់ថា៖កាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
ចែករំលែកព័តមាននេះ