រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃុំខ្លួនអតីតអ្នកសារព័ត៌មានបម្រើឲ្យកាសែតបរទេសម្នាក់ ដាក់ពន្ធនាគារគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៣៨ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្ត បន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង នឹងផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើនដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់ត រមណីយដ្ឋានបាភ្នំត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គម Facebook, Twitter,Telegrame,WhatsApp, និងSignal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
អំពើដែលប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌជាធរមាន ហើយជនជនត្រូវចោទរូបនេះ បានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ចែករំលែកព័តមាននេះ