ខេត្តកំពង់ឆ្នាំង ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីជាតិ ក្នុងគោលបំណងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតឡើងញឹកញាប់ ក្នុងរដូវបុណ្យទាន។
លោក មាស ឈុនលី ប្រធានការិកាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពី លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តដែលមាន ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិជាប្រធាន នៅព្រឹកថ្ងៃកាន់បិណ្យទី១៣នេះ ក្រុមការងាររបស់លោក បានសហការជាមួយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋ នៅចំណុចមុខផ្សារលើ និងផ្សារក្រោម ក្នុងក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងកាត់បន្ថយ និងមិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងក្នុងថ្ងៃបុណ្យប្រពៃណីជាតិ ។
ដោយក្នុងនោះបានណែនាំឲ្យពួកគាត់បើកបរគោរពច្បាប់ដោយប្រកាន់ស្ដាំ ពេលបត់ឆ្វេងឬស្ដាំត្រូវប្រុងប្រយ័ត្ន អ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពទាំងអ្នកជិះខាងមុខ និងអ្នកជិះខាងក្រោយ។ ហាមវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរក្នុងស្ថានភាពស្រវឹ ត្រូវបន្ថយល្បឿនដើម្បីគោរពសិទ្ឋអទិភាពលើផ្លួវប្រសប់ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងមិនត្រូវបើកបរលើសល្បឿនកំណត់។
ជាមួយគ្នានេះអ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងមិនលើសពី 125 cc ត្រូវមានអាយុចាប់ពី 15 ឆ្នាំឡើង និងត្រូវយកជាប់តាមខ្លួននូវអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលមានតម្លៃស្មើ។ អ្នកបើកបរម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី 126 cc ឡើងទៅ យកភ្ជាប់តាមខ្លួននូវប័ណ្ឌបើកបរប្រភេទ “ក” អ្នកបើកបរម៉ូតូកង់បី ត្រូវយកជាប់តាមខ្លួននូវបានបើកបរប្រភេទ “ក” , ប័ណ្ឌសម្គាល់ម៉ូតូត្រូវយកជាប់តាមខ្លួននិងពាក់ផ្លាកលេខត្រឹមត្រូវ មានកញ្ចក់មើលក្រោយ មានភ្លើងស៊ីញ៉ូ និងកញ្ចក់ចាំងពន្លឺត្រូវមានដំណើរការច្បាស់លាស់។
នៅក្នុងឱកាសនោះ លោកហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង ទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមគោរពច្បាប់ចរាចរណ៍និងបើកបរដោយប្រុងប្រយ័ត្ននៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក៏ដូចជាបុណ្យប្រពៃណីជាតិផ្សេងៗជាដើម។ប្រសិនបើយើងធ្វេសប្រហែសនោះយើងនឹងរងគ្រោះថ្នាក់ដល់អាយុជីវិតឬក៏បាត់បង់កាយសម្បទាណាមួយដែលនាំមានពិការភាព ខាតបង់ទាំងពេលវេលា ទ្រព្វ សម្បត្តិ និងរងទុក្ខលំបាកទាំងគ្រួសារ។
សូមបញ្ជាក់ថា៖ ក្នុងពិធីផ្សព្វផ្សាយនោះ ក៍មានចែកនូវខិតប័ណ្ឌអប់ស្តីពីច្បាប់ចរាចរណ៍ចំនួន៣៥២សន្លឹកផងដែរ ៕
ចែករំលែកព័តមាននេះ