ទីក្រុងយេរូសាឡឹម៖ អ៊ីស្រាអែលអះអាងថាមេដឹកនាំកំពូលរបស់ក្រុមហេសបូឡា លោកណាស្រាឡា (Nasrallah) បានស្លាប់ហើយនៅក្នុងការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះអ៊ីស្រាអែលទៅលើបញ្ជាការដ្ឋានសម្ងាត់របស់គាត់នៅទីក្រុងបេរូត ប្រទេសលីបង់កាលពីយប់ថ្ងៃសុក្រ។ បើសិនរឿងនេះជាការពិតមែន វាជាការទះកំផ្លៀងយ៉ាងដំណំទៅលើក្រុមហេសបូឡា។
រហូតមកដល់ពេលនេះមិនទាន់មានការផ្ទៀងផ្ទាត់ច្បាស់លាស់ដើម្បីបញ្ជាក់ថាលោកណាស្រាឡាស្លាប់-រស់ ឬមានសុខទុក្ខយ៉ាងណានៅឡើយទេ។ ក្រុមហេសបូឡាមិនទាន់ចេញសេចក្ដីថ្លែងការណ៍ ឬធ្វើអត្ថាធិប្បាយអ្វីទាំងអស់ពាក់ព័ន្ធនឹងជោគវាសនារបស់មេដឹកនាំកំពូលរបស់ខ្លួនដែលបានដឹកនាំចលនានេះតាំងពីឆ្នាំ១៩៩២។ គិតទៅរយៈពេល៣២ឆ្នាំមកហើយ។
យោធាអ៊ីស្រាអែលចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថាណាស្រាឡាត្រូវបានយើងកម្ទេចចោលហើយនៅក្នុងយុទ្ធនាការវាយប្រហារដ៏ខ្លាំង និងវាយចំគោលដៅល្អណាស់ទៅលើទីស្នាក់ការក្រោមដីរបស់គាត់នៅដាហ៊ីយេ (Dahiyeh) ទីក្រុងបេរូតភាគខាងត្បូង។ មេបញ្ជាការកំពូលរបស់ក្រុមហេសបូឡាឈ្មោះអាលីខារ៉ាឃី (Ali Karaki)ក៏បានស្លាប់នៅពេលនោះផងដែរ។
ការវាយប្រហារកាលពីយប់ថ្ងៃសុក្រធ្វើឱ្យកក្រើកទីក្រុងបេរូត។ ប្រភពពីមន្ត្រីសន្តិសុខជាតិលីបង់បង្ហើបឱ្យដឹងថាកម្លាំងផ្ទុះនៅពេលនោះមានសភាពខ្លាំងក្លាណាស់រហូតដល់បង្កើតជាក្រហូងដីជម្រៅម្ភៃម៉ែត្រ។ ក្រោយមកនៅថ្ងៃសៅរ៍ អ៊ីស្រាអែលវាយប្រហារតាមអាកាសបន្ថែមទៀតទៅលើតំបន់នោះ និងទីតាំងរបស់ហេសបូឡានៅទូទាំងប្រទេសលីបង់។ ដូច្នេះ ភ្នក់ភ្លើងសង្គ្រាមនេះចេះតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗរវាងអ៊ីស្រាអែល និងហេសបូឡាដោយគ្មានអ្វីអាចបញ្ឈប់បានឡើយ។
គេកំពុងតែបារម្ភថាបើបណ្ដោយបែបនេះតទៅទៀតមិនកើតទេ។ ស្រួលមិនស្រួលសង្គ្រាមនឹងបន្តផ្ទុះឡើងដល់ដំណាក់កាលដែលគេមិនអាចគ្រប់គ្រងបានតទៅទៀត។ ទៅថ្ងៃមុខ គេគិតថាប្រទេសអ៊ីរ៉ង់ក៏អាចនឹងចូលរួមនៅក្នុងសង្គ្រាមនេះផងដែរព្រោះអ៊ីរ៉ង់ជាប្រទេសឧបត្ថម្ភ-គាំទ្រដ៏ធំជាងគេរបស់ក្រុមហេសបូឡា។ ប្រទេសអាមេរិកក៏ប្រហែលជាត្រូវចូលរួមនៅក្នុងសង្គ្រាមនេះផងដែរ។ ដូច្នេះ ប្រទេសមហាអំណាចដទៃទៀតអាចនឹងត្រូវអូសទាញឱ្យធ្លាក់ចូលម្ដងមួយៗនៅក្នុងសង្គ្រាម។
មិនទាន់អីផង ប្រទេសរុស្ស៊ីថ្លែងនៅអង្គការសហប្រជាជាតិថាខ្លួនកំពុងព្រួយបារម្ភចំពោះស្ថានការណ៍នៅលីបង់។ រុស្ស៊ីចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលបណ្ដាលឱ្យមនុស្សស្លាប់ជាង៧០០នាក់ត្រឹមតែរយៈពេលបួនប្រាំថ្ងៃជា «អំពើឃោរឃៅ»។ គិតត្រឹមយប់ថ្ងៃសុក្រ ប្រភពដែលស្និទ្ធនឹងក្រុមហេសបូឡាប្រាប់ថាលោកណាស្រាឡាបានបាត់ដំណឹងសូន្យឈឹងតែម្ដង។
កាលពីពេលវាយប្រហារទៅលើទីស្នាក់ការនោះថ្មីៗ ប្រភពដែលស្និទ្ធនឹងក្រុមហេសបូឡាប្រាប់ថាលោកណាស្រាឡានៅរស់ និងមានសុវត្ថិភាពជាធម្មតា។ ក្រោយមកទៀតទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ផ្សាយថាគាត់មានសុវត្ថិភាពជាធម្មតាទេ។ ចំណែកមន្ត្រីសន្តិសុខជាតិអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយថាគាត់ស្លាប់ ឬរស់ទេ។ អ៊ីរ៉ង់ចង់ប្រមូលព័ត៌មានបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់រកការពិត៕
ចែករំលែកព័តមាននេះ