ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​ឃុំ​ជីក្រែង ខេត្តសៀមរាប

23 ម៉ោង មុន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តសៀមរាប តំណាង​លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ចូលរួម​អមដំណើរ​ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផល​ប៉ះពាល់​បង្ក​ឡើង​ពី​ទឹកជំនន់​តាម​បណ្តោយ​ស្ទឹង​ជីក្រែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជីក្រែង ខេត្តសៀមរាប ។

ឯកឧត្តម គន់ គី​ម ក៏​បាន​ណែនាំ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ជន​ងាយ​រង​គ្រោះ មនុស្ស​ចាស់ ជន​ពិការ​ភាព កុមារ​ជាដើម ព្រមទាំង​ណែនាំ​ចំពោះ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​បេតុង ក្នុង​ឃុំ ត្រូវ​សិក្សា​ពី​កម្ពស់​ទឹកជំនន់​តាម​បណ្តា​ឆ្នាំ ហើយ​កសាង​ឱ្យ​បាន​ខ្ពស់ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ការ​ធ្វើ​ដំណើរ ហើយ​ក៏​អាច​ធ្វើ​ជាទី​ទួល​សុវត្ថិភាព នៅ​ពេល​មានទឹក​ជន់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក​ជីក្រែង និង​ឃុំ​ពាក់ព័ន្ធ សហការ​ជាមួយ​គណៈកម្មាធិការ​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង​អនុ​សាខា បាន​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ និង​សត្វពាហនៈ ទៅ​ទីទួល​សុវត្ថិភាព និង​បាន​បន្ត​ចុះ​អន្តរាគមន៍​ផ្តល់​ជំនួយ​សង្គ្រោះ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​ស្បៀង ទឹក​ស្អាត អនាម័យ ជម្រក និង​សន្តិសុខ​ជា​ប្រចាំ ៕