ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់ ធឿ​ន ធា​រ៉ា ប៉ះ ឈឿ​ង ល្វៃ ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ កីឡាការិនី​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤ បាន​ចំនួន​ជិត…

រាជធានី​ភ្នំពេញ ៖ កីឡាករ កីឡាការិនី​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី លើក​ទី​១ ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា ឆ្នាំ​២០២៤ បាន​ចំនួន​ជិត ៣០០​នាក់​ហើយ ខណៈ​កីឡាករ​ប្រដាល់​គុន​ខ្មែរ លំដាប់​កំពូល​ល្បី​ៗ​ជា​ច្រើន​ទៀត និង​អ្នក​ប្រដាល់​គុន​ខ្មែរ ធឿ​ន ធា​រ៉ា និង ឈឿ​ង ល្វៃ នឹង​ប៉ះ​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៧៥​គី​ឡ​ក្រាម ម្តងទៀត ក្រោយ​ខកខាន​ជួប​គ្នា​រយៈពេល ៥-៦ ឆ្នាំ​មក​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ ដែល​បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ។

លោក វ៉ា​ត់ ចំរើន គូសបញ្ជាក់​ថា ៖ «​ការ​រៀបចំ​របស់​គណៈកម្មការ​កំពុង​ដំណើរការ​ដោយ​រលូន ខណៈ​ការ​ចុះ​ឈ្មោះ​របស់​កីឡាករ កីឡាការិនី យុទ្ធ​គុន​ចម្រុះ​គ្រប់​ប្រភេទ គ្រប់​ទម្រង់​ទាំងអស់​បាន​ជិត ៣០០​នាក់​ហើយ​ៗ​យើង​នៅ​បន្ត​ទទួល​ការ​ចុះ​ឈ្មោះ​បន្ថែម​ទៀត ក្នុង​នោះ​ខាង​កង​យោធពលខេមរភូមិន្ទ បាន​ចុះ​ឈ្មោះ​ប្រមាណ ៥០​នាក់​ដែរ សរុប​បាន​ជាង ១០០​នាក់ ។ កាលពី​ពេល​មុន គណៈកម្មការ​បាន​កំណត់​ការ​បិទ​បញ្ជី នៃ​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ ប៉ុន្តែ​ពេល​នេះ គណៈកម្មការ​ពន្យារពេល នៃ​ការ​ចុះ​ឈ្មោះ​ចំនួន ១០​ថ្ងៃ​បន្ថែម​ទៀត ដូច្នេះ​ការ​បិទ​បញ្ជី នៃ​ការ​ចុះ​ឈ្មោះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ ដោយ​កីឡាករ កីឡាការិនី អាច​ចុះ​ឈ្មោះ​តាម​សហព័ន្ធ​ពាក់ព័ន្ធ​ក៏​បាន ឬ​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូ​រស​ព្ធ​នៅ​ក្នុង​វី​ដេ​អូ​ផ្សព្វផ្សាយ ដែល​ទើបនឹង​ចេញ​ថ្មី​ៗ​នេះ​ក៏​បាន​» ។

អនុប្រធាន​អចិន្ត្រៃយ៍​បាន​សង្កត់ធ្ងន់​ទៀត​ថា ៖«​អ្វី​ដែល​ពិសេស​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​មាន​កីឡាករ​កំពូល​ល្បី​ៗ ចូលរួម​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ ពានរង្វាន់​សម្តេច​ធិ​បតី ក្នុង​នោះ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បញ្ជូន​ឈ្មោះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កម្រិត​អាជីព លើ​ប្រភេទ​ទម្ងន់ ៦៥​គ​.​ក្រ និង ៧៥​គ​.​ក្រ ខណៈ​កីឡាករ ធឿ​ន ធា​រ៉ា និង​កីឡាករ ឈឿ​ង ល្វៃ ក្នុង​ប្រភេទ​ទម្ងន់ ៧៥​គ​.​ក្រ នឹង​ត្រូវ​ប៉ះ​គ្នា ដោយ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​ខកខាន​ប៉ះ​គ្នា ៥-៦​ឆ្នាំ​ហើយ​ៗ​។ សូម​មហាជន​រង់ចាំ​ទស្សនាការ​ប្រកួត​របស់​ធឿ​ន ធា​រ៉ា​និង​ឈឿ​ង ល្វៃ នឹង​កាន់តែ​ជក់ចិត្ត​យ៉ាងណា​ខ្លះ​ក្នុង​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​។ ក្រៅពី​នេះ នឹង​មាន​កីឡាករ កីឡាការិនី​លំដាប់​កំពូល​ល្បី​ៗ​ជា​ច្រើន​នាក់​ទៀត​ក្នុង​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ គុន​ល្បុក្កតោ និង​ប្រភេទ​យុទ្ធ​គុន​ផ្សេង​ៗ​ទៀត​មាន​លក្ខណៈ​បែប​ណា ក្នុង​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន ស្រប​ទៅ​តាម​បទបញ្ជា​ការ​ប្រកួត​ថ្មី ដែល​មាន​លក្ខណៈ​ច្បាស់លាស់​»​។

ជុំវិញ​ដំណើរ​រៀបចំ​នេះ លោក វ៉ា​ត់ ចំរើន បាន​ពន្យល់​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​គ្រប់​សមាសភាព​ពាក់ព័ន្ធ ក្នុង​នោះ​មានការ​លើក​ឡើង នៃ​វឌ្ឍនភាព​ការងារ ការ​រៀបចំ នៃ​ការ​ចុះ​ឈ្មោះ ការ​ផ្សព្វផ្សាយ និង​ត្រៀមលក្ខណៈ​លើ​ការងារ​មួយ​ចំនួន​ទៀត ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​ប្រកួត​រយៈពេល ៣​ថ្ងៃ ១៨-២០ ខែតុលា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាន់តែ​គគ្រឹកគគ្រេង​។ អ្វី​ដែល​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត​នោះ នឹង​មានការ​តាំងពិព័រណ៍ នូវ​ប្រវត្តិ​យុទ្ធ​គុន​របស់​ដូនតា​ខ្មែរ​យើង តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​សិលាចារឹក រូបភាព ខ្លឹមសារ​ពាក់ព័ន្ធ​សិលាចារឹក​របស់​ព្រះមហាក្សត្រ​សម័យ​អង្គរ ដែល​មាន​បារមី​ចេស្តា និង​យុទ្ធ​គុន​របស់​ព្រះ​អង្គ​នីមួយ​ៗ ។

ក្នុង​នាម​គណៈកម្មការ​ចំពោះ​កិច្ច លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត យុវជន​នានា​អាច​ចូលរួម​ទស្សនា​គាំទ្រ​ការ​ប្រកួត​ដោយ​សេរី ដោយ​មាន​កៅអីអង្គុយ​ទស្សនា ២,០០០​កៅអី និង​អាច​ឈ្វេងយល់​អំពី​ការ​តាំងពិព័រណ៍ នៃ​សិលាចារឹក​យុទ្ធ​គុន​ដូនតា​ខ្មែរ​របស់​យើង​។ ក្នុង​នាម​គណៈកម្មការ​សូម​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​រួមចំណែក​ជំរុញ​ដល់​ការ​អភិរក្ស និង​អភិវឌ្ឍ​យុទ្ធ​គុន​ដូនតា​ខ្មែ​របស់​យើង ។

ដោយឡែក​ចំពោះ​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់​បណ្តា​ក្រុមហ៊ុន​នានា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ ដ៏​ធំ​មួយ​នេះ ក៏​មាន​ភាព​ផុសផុល​ខ្លាំង​ដែរ ហើយ​បណ្តា​ក្រុមហ៊ុន​ទាំង​អស់នោះ​បាន​ស្ម័គ្រចិត្ត ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ស្មារតី​សប្បុរសធម៌ ដោយ​មិន​ទាមទារ​លើ​ការ​ស្វែងរក​ភាព​ចំណេញ​ខាត ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍ​ព្រឹត្តិការណ៍ ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ