អតីតកីឡាករប្រដាល់ជាអ្នកទោ.សរង់ចាំការប្រហារជីវិ.តយូរបំផុតលើលោក ត្រូវបានលើកលែងទោ.ស
ប្រទេសជប៉ុន ៖ តុលាការជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានសម្រេចថា លោក អ៊ីវ៉ាអូ…
ប្រទេសជប៉ុន ៖ តុលាការជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានសម្រេចថា លោក អ៊ីវ៉ាអូ…
ប្រទេសជប៉ុន ៖ តុលាការជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានសម្រេចថា លោក អ៊ីវ៉ាអូ ហាកាម៉ាដា (Iwao Hakamada) អតីតកីឡាករប្រដាល់សកលរបស់ជប៉ុន ដែលបច្ចុប្បន្នអាយុ៨៨ឆ្នាំ គ្មានកំហុសក្នុងការជំនុំជម្រះឡើងវិញ សម្រាប់អំពើឃាតកម្ម៤ករណី កាលពីឆ្នាំ ១៩៦៦ ដោយតុលាការបានច្រានចោលការជំនុំជម្រះពីមុន ដែលធ្វើឱ្យលោកក្លាយជាអ្នកទោសរង់ចាំការប្រហារជីវិតយូរបំផុតលើពិភពលោក។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ការលើកលែងទោសលោក អ៊ីវ៉ាអូ ហាកាម៉ាដា ដោយតុលាការខេត្តស៊ីហ្ស៊ូអូកា (Shizuoka) ដែលធ្វើឱ្យលោកក្លាយជាអ្នកទោសប្រហារជីវិតទី៥ ដែលត្រូវបានរកឃើញថា គ្មានពិរុទ្ធក្នុងការជំនុំជម្រះឡើងវិញក្នុងយុត្តិធ៌មព្រហ្មទណ្ឌជប៉ុន។ ករណីនេះ ក៏អាចឈានដល់ការចាប់ផ្តើមការជជែកគ្នាឡើងវិញ ជុំវិញការលុបចោលទោសប្រហារជីវិតក្នុងប្រទេសជប៉ុនផងដែរ។
មេធាវីលោក ហាកាម៉ាដា បានថ្លែងថា ប្រធានចៅក្រមតុលាការបានប្រកាសថា តុលាការបានទទួលស្គាល់ការប្រឌិតភស្តុតាងជាច្រើន ហើយថាលោក ហាកាម៉ាដា មិនមែនពិរុទ្ធជននោះទេ។ បន្ទាប់ពីចប់ការពន្យល់ពេញលេញរយៈពេល២ម៉ោងនៃសេចក្តីសម្រេច បងស្រីលោក ហាកាម៉ាដា លោកយាយ ហ៊ីដេកូ ហាកាម៉ាដា (Hideko Hakamada) អាយុ៩១ឆ្នាំ បានដើរចេញពីតុលាការដោយស្នាមញញឹមស្វាគមន៍ជាមួយភួងផ្កា ដើម្បីអបអរសាទរការលើកលែងទោសប្អូនប្រុសរបស់លោកយាយ បន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេល៥៨ឆ្នាំ។
លោក អ៊ីវ៉ាអូ ហាកាម៉ាដា ត្រូវបានកាត់ទោសពីបទឃាតកម្មក្នុងឆ្នាំ ១៩៦៦ ពាក់ព័ន្ធការចាក់សម្លាប់អ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ ដែលជាមេរបស់លោក រួមទាំងសមាជិកគ្រួសារចំនួន៣នាក់ផ្សេងទៀតរបស់ជនរងគ្រោះ ហើយថែមទាំងដុតផ្ទះជនរងគ្រោះ ខណៈដែលប្រាក់ប្រហែល២០ម៉ឺនយ៉េនក៏ត្រូវបានលួចពីផ្ទះជនរងគ្រោះផងដែរ។ លោកត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩៦៨ ប៉ុន្តែការប្រហារជីវិតចេះតែឃ្វាងជាបន្តបន្ទាប់ ព្រោះការប្តឹងឧទ្ធរណ៍វែងឆ្ងាយ និងការកាត់ទោសប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មយឺតយ៉ាវដ៏ល្បីក្នុងប្រទេសជប៉ុន។ លោកបានសរសេរក្នុងសំបុត្រផ្ញើទៅម្តាយរបស់លោក ខណៈពេលដែលត្រូវបានកាត់ទោសថា «ខ្ញុំមិនបានពាក់ព័ន្ធអ្វីជាមួយករណីនេះទេ ខ្ញុំគ្មានកំហុសទេ»។
លោក ហាកាម៉ាដា បានចំណាយពេល៤៨ឆ្នាំក្នុងពន្ធនាគារ ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ លោកបានជាប់កំណត់ត្រាពិភពលោក Guinness ដោយបញ្ជាក់ថាជាអ្នកទោសរង់ចាំការប្រហារជីវិតយូរបំផុតលើពិភពលោក។ ដ្បិតតុលាការកំពូលបានចំណាយពេល២៧ឆ្នាំ ដើម្បីបដិសេធបណ្តឹងឧទ្ធរណ៍ដំបូងរបស់លោក សម្រាប់ការជំនុំជម្រះឡើងវិញ មុនពេលបណ្តឹងឧទ្ធរណ៍លើកទី២បានប្តឹងកាលពីឆ្នាំ ២០០៨ ដោយបងស្រីលោក។ លោកត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ ២០១៤ នៅពេលតុលាការបញ្ជាឱ្យមានការជំនុំជម្រះឡើងវិញផ្អែកលើភស្តុតាងបានបង្ហាញថា ការផ្តន្ទាទោសពីមុនផ្អែកលើការចោទដែលប្រឌិតឡើងដោយអ្នកស៊ើបអង្កេត។
លោកត្រូវអនុញ្ញាតឱ្យស្នាក់នៅក្នុងផ្ទះ ព្រោះសុខភាពចុះខ្សោយ និងវ័យចាស់ធ្វើឱ្យលោកមានហានិភ័យទាបក្នុងការរត់គេចខ្លួន ដើម្បីទុកពេលសម្រាប់ការជំនុំជម្រះឡើងវិញ ដែលចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។
នៅក្នុងសវនាការចុងក្រោយនៃតុលាការខេត្តស៊ីហ្ស៊ូអូកា កាលពីខែឧសភាកន្លងទៅ មុនឈានដល់ការលើកលែងទោស កាលពីថ្ងៃទី២៦ ខែកញ្ញា ព្រះរាជអាជ្ញាបានទាមទារការកាត់ទោសប្រហារជីវិតម្តងទៀត ដោយបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្សថា ព្រះរាជអាជ្ញាកំពុងព្យាយាមពន្យារការកាត់ក្តី។ ឧបសគ្គដ៏ចម្បងសម្រាប់ការជំនុំជម្រះឡើងវិញ ក៏បានជំរុញឱ្យអ្នកជំនាញផ្នែកច្បាប់អំពាវនាវឱ្យមានការពិនិត្យឡើងវិញលើប្រព័ន្ធតុលាការជប៉ុនផងដែរ។
អំឡុងការស៊ើបអង្កេតដំបូងបន្ទាប់ពីការចាប់ខ្លួនោះ លោក ហាកាម៉ាដា បានបដិសេធការចោទប្រកាន់ មុនពេលសារភាពទោស។ ហើយក្រោយមកលោកបានប្រាប់ថា លោកត្រូវបានបង្ខំឱ្យសារភាព ក្រោមការសួរចម្លើយដោយហិង្សាពីប៉ូលិស។ ចំណុចរសើបនៃរឿងក្តីនេះ គឺនៅត្រង់សម្លៀកបំពាក់ប្រឡាក់ស្នាមឈាម៥កន្លែង ដែលអ្នកស៊ើបអង្កេតអះអាងថា លោកពាក់អំឡុងពេលធ្វើឃាតកម្ម ហើយបានលាក់ក្នុងធុងផ្អាប់សៀងប្រពៃណីជប៉ុន ដែលបានហៅថា មីសូ (Miso)។ សម្លៀកបំពាក់នោះត្រូវបានរកឃើញជាង១ឆ្នាំ បន្ទាប់ពីការចាប់ខ្លួនលោក។
សាលក្រមតុលាការជាន់ខ្ពស់ទីក្រុងតូក្យូក្នុងឆ្នាំ ២០២៣ បានទទួលស្គាល់ការពិសោធន៍បែបវិទ្យាសាស្ត្រដែលថា សម្លៀកបំពាក់ត្រាំក្នុងធុងមីសូអស់ពេលជាង១ឆ្នាំនឹងធ្វើឱ្យស្នាមឈាមប្រែជាពណ៌ក្រមៅ ប៉ុន្តែតុលាការពុំដឹងពីការប្រឌិតភស្តុតាងដែលធ្វើឡើងដោយអ្នកស៊ើបអង្កេតនោះទេ។
អ្វីៗត្រូវបានលាតត្រដាង នៅពេលមេធាវីការពារក្តី និងការសម្រេចតុលាការក្នុងជំនុំជម្រះឡើងវិញរកឃើញថា គំរូឈាមមិនត្រូវគ្នានឹងឌីអឹនអេ (DNA) លោក ហាកាម៉ាដា ហើយខោដែលព្រះរាជអាជ្ញាដាក់ជាភស្តុតាងគឺមានទំហំតូចខ្លាំងពេកទៅនឹងរាងកាយលោក។ ចៅក្រមសន្និដ្ឋានដោយហៅការស៊ើបអង្កេតថា ការស៊ើបអង្កេតអមនុស្សធម៌ ដែលនាំឱ្យមានការសារភាពទោសដោយបង្ខំ។
គួរបញ្ជាក់ថា ការប្រហារជីវិតត្រូវបានអនុវត្តដោយសម្ងាត់នៅក្នុងប្រទេសជប៉ុន ហើយអ្នកទោសមិនត្រូវបានជូនដំណឹងមុនអំពីជោគវាសនាពួកគេឡើយ រហូតដល់ព្រឹកពួកគេត្រូវបានព្យួរក។
ទោះយ៉ាងណាក្នុងឆ្នាំ ២០០៧ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញឈ្មោះអ្នកទោសដែលត្រូវបានប្រហារជីវិត និងព័ត៌មានលម្អិតមួយចំនួននៃឧក្រិដ្ឋកម្មរបស់ពួកគេ ប៉ុន្តែការបង្ហាញក៏នៅមានកម្រិតនៅឡើយ។
សូមជម្រាបថា ចាប់ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៦១ លោក ហាកាម៉ាដា បានឡើងសង្វៀនប្រកួតប្រដាល់អាជីពចំនួន២៩ដង ដោយត្រូវបានចាត់ថ្នាក់ជាកីឡាករល្អលំដាប់ទី៦ នៅក្នុងទម្ងន់ Featherweight។ លោកបានបញ្ចប់អាជីពជាមួយនឹងកំណត់ត្រាឈ្នះ ១៦ដង ស្មើ២ដង និងចាញ់១១ដង ផ្តួលគូប្រកួតឱ្យសន្លប់១ដង ខណៈដែលការចាញ់ទាំងអស់របស់លោកគឺដោយពិន្ទុ។ បន្ទាប់ពីបញ្ចប់អាជីពប្រដាល់ លោកបានទៅធ្វើការនៅក្រុមហ៊ុនផលិតសៀងប្រពៃណីជប៉ុន ដែលស្ថិតនៅក្នុងខេត្តស៊ីហ្ស៊ូអូកា៕ (ដកស្រង់ ៖ AP និង New York Post)
ចែករំលែកព័តមាននេះ