ទីក្រុងប៉េកាំង៖ ក្រសួងការពារជាតិចិនថ្លែងថាប្រទេសជប៉ុនមិនគួរចូលរួមជាមួយប្រទេសអាមេរិកនៅក្នុងផែនការដាក់ពង្រាយជើងទម្របាញ់មីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ី-ប៉ាស៊ីហ្វិកទេ។ ក្រសួងបានលើកហេតុផលថាការធ្វើដូច្នេះនឹងប៉ះពាល់ចំពោះសន្តិសុខជាតិនៅក្នុងតំបន់។ ខាងលើនេះជាអ្វីដែលអ្នកនាំពាក្យចិន លោកសាងស៊ាវកាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។
តបទៅនឹងសំណួរថាតើលោកធ្វើអត្ថាធិប្បាយយ៉ាងដូចម្ដេចចំពោះដំណឹងថាប្រទេសអាមេរិកកំពុងជជែកគ្នាជាមួយជប៉ុនអំពីផែនការដាក់ពង្រាយជើងទម្របាញ់មីស៊ីល លោកសាងបង្ហាញការខ្វាយខ្វល់យ៉ាងខ្លាំង។ ក្រុមអ្នកវិភាគយល់ថាអាមេរិកអាចនឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលម៉ាកថាយហ្វុន (Typhon) នៅលើទឹកដីនៃប្រទេសជប៉ុន។ វាជាមីស៊ីលរយៈចម្ងាយមធ្យម។
លោកសាងយល់ថាការដាក់ពង្រាយនេះនឹងនាំទៅដល់ការរត់ប្រណាំងផ្នែកសព្វាវុធនៅអាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះ ការគំរាមកំហែងធ្ងន់ធ្ងរចំពោះសន្តិសុខនៅក្នុងតំបន់នឹងកើតមានឡើង ហើយនឹងប៉ះពាល់ការរក្សាតុល្យភាព និងស្ថិរភាពជាយុទ្ធសាស្ត្រនៅទូទាំងពិភពលោក។ លោកសាងបានសម្ដែងការប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះគម្រោងនេះ។ លោកថ្លែងថាអាស៊ី-ប៉ាស៊ីហ្វិកត្រូវការសន្តិភាព និងវិបុលភាព។ មិនមែនត្រូវការការប្រឈមមុខដាក់គ្នា និងជម្លោះប្រដាប់អាវុធនោះទេ។
អ្នកនាំពាក្យចិនរូបនេះសូមជំរុញឱ្យប្រទេសអាមេរិកលុបចោលគម្រោងនេះវិញ។ បើមិនដូច្នេះទេនឹងបង្កភាពតានតឹងកាន់តែខ្លាំង។ លោកក៏យល់ថាប្រទេសជប៉ុនមិនគួរជួយគាំទ្រអាមេរិកនៅក្នុងគម្រោងដាក់ពង្រាយនេះទេ។ ធ្វើបែបនេះប្រៀបបាននឹងអ្វីដែលលោកហៅថា «ការនាំយកសត្វឆ្កែចចកចូលទៅក្នុងផ្ទះ»។ បើជប៉ុននៅតែជម្នះចិត្តធ្វើបែបនេះទៀតមានន័យថាជប៉ុនកំពុងនាំទុក្ខដាក់ខ្លួនហើយ។
អ្នកនាំពាក្យរូបនេះសូមបញ្ជាក់ថាបើសិនជានិយាយទៅគេហើយគេនៅតែមិនស្ដាប់ ប្រទេសចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដោយលះៗគ្មានការរួញរាឡើយ។ ការចាត់វិធានការនេះទៀតសោតធ្វើឡើងដោយផ្អែកទៅលើសភាពការណ៍ជាក់ស្ដែង និងដោយអនុលោមទៅតាមតម្រូវការចាំបាច់ដែលប្រទេសជាតិរបស់ខ្លួនត្រូវតែធ្វើដោយខានពុំបាន៕
ចែករំលែកព័តមាននេះ