ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ បានឈ្នះក្នុងជំនួបទី៣ វគ្គសន្សំពិន្ទុពូល B ទល់នឹងក្រុមជម្រើសជាតិបារ៉ែនអាយុក្រោម២០ឆ្នាំក្នុងលទ្ធផល ១-០ នៅទីលាន Fu Jen Catholic University សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC U20 Asian Cup 2025 ដែលឆាយន្នីសតៃប៉ិជាម្ចាស់ផ្ទះ។
ជំនួបទី៤របស់កម្ពុជា ដែលជាជំនួបចុងក្រោយក្នុងពូល B នឹងត្រូវប៉ះម្ចាស់ផ្ទះឆាយន្នីសតៃប៉ិ នៅថ្ងៃទី២៩ ខែកញ្ញា នាវេលាម៉ោង ០៦:០០នាទីល្ងាច ម៉ោងនៅកម្ពុជា ដែលធ្វើឡើងនៅទីលាន Fu Jen Catholic University។
តាមរយៈលទ្ធផល៣ប្រកួតកន្លងមកនេះ ក្រុមគោព្រៃជំទង់កម្ពុជា ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកជនជាតិជប៉ុន កំពុងឈរនៅលេខ១ក្នុងនាមជាក្រុមលេខ២ល្អបណ្ណោះអាសន្ន សម្រាប់ឱកាសប្រជែងកៅអីឡើងទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ AFC U-20 Asian Cup ឆ្នាំ ២០២៥ ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៦ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានោះ ក្រុមព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា នៅក្នុងប្រកួតពានរង្វាន់ជើងឯកតំបន់អាស៊ាន Shopee Cup រដូវកាល ២០២៤-២៥ បានរបូត៣ពិន្ទុក្នុងជំនួបទី២ វគ្គសន្សំពិន្ទុក្នុងពូល A ដោយចាញ់ក្រុមម្ចាស់ផ្ទះ BG Phathum United សមាជិកលីគកំពូលថៃ ដោយលទ្ធផល ២-១ នៅឯកីឡដ្ឋាន BG កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ។
មុនឈានដល់ជំនួបទី២ ព្រះខ័នរាជស្វាយរៀងបានឈ្នះក្រុមម្ចាស់ផ្ទះ Terengganu FC សមាជិកលីគកំពូលម៉ាឡេស៊ីក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី២១ ខែកញ្ញា។ នៅក្នុងពូល A ក្រុមតំណាងវៀតណាម Dong A Thanh Hoa ឈរកំពូលតារាងបណ្តោះអាសន្ន ក្រុមតំណាងឥណ្ឌូណេស៊ី PSM Makassar នៅលេខ២ និងក្រុមតំណាងថៃ BG Pathum United នៅលេខ៣ ដោយមាន៤ពិន្ទុដូចគ្នា។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង នៅលេខ៤ មាន៣ពិន្ទុ ក្រុមតំណាងម៉ាឡេស៊ី Terengganu FC នៅលេខ៥ មាន១ពិន្ទុ និងក្រុមតំណាងមីយ៉ាន់ម៉ា Shan United នៅបាតតារាងគ្មានពិន្ទុរាប់។
ចែករំលែកព័តមាននេះ