ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំង​គ្រប់​គ្នា​! ក្រោយ ម៉ៃ ថៃ​សាន់ ទម្លាយ​កាលវិភាគ​ហាត់​ប្រចាំ​ថ្ងៃ ត្រៀម​ប៉ះ ជេ​ក ផូ​ល

3 ខែ មុន

សហរដ្ឋអាមេរិក ៖ លោក ម៉ៃ ថៃ​សាន់ (Mike Tyson) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ទម្លាយ​កាលវិភាគ ក៏​ដូច​ជា​ទម្លាប់​ហ្វឹកហាត់​ប្រចាំ…

សហរដ្ឋអាមេរិក ៖ លោក ម៉ៃ ថៃ​សាន់ (Mike Tyson) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ទម្លាយ​កាលវិភាគ ក៏​ដូច​ជា​ទម្លាប់​ហ្វឹកហាត់​ប្រចាំ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ជាមួយនឹង​តារា​យូ​ធូប ជេ​ក ផូ​ល (Jake Paul) នៅ​ខែវិច្ឆិកា​ខាង​មុខ ខណៈ​ដែល​ពិធីករ​ទូរទស្សន៍​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក លោក ជី​មមី គី​ម​ម៉េ​ល (Jimmy Kimmel) និង​អ្នកគាំទ្រ​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុខភាព​អតីត​អ្នក​ប្រដាល់សកល​ទម្ងន់​ពិភពលោក​រូប​នេះ​។

អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ពិភពលោក ម៉ៃ ថៃ​សាន់ ដែល​ឈាន​ដល់​វ័យ​៥៨​ឆ្នាំ នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជាមួយនឹង​យុវជន ជេ​ក ផូ​ល វ័យ​២៧​ឆ្នាំ គឺជា​តារា​យូ​ធូប​អា​មេ​រិ​ក ដែល​បាន​ប្រែខ្លួន​ជា​អ្នក​ប្រដាល់​អាជីព​នោះ ន​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ខាង​មុខ​នេះ ធ្វើ​ឡើង​នៅ​កីឡដ្ឋាន AT&T ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៨​ម៉ឺន​នាក់ ស្ថិត​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។ ការ​ប្រកួត​អាជីព​ដ៏​ក្រើ​ក​នេះ នឹង​ត្រូវ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កម្មវិធី Netflix​។ ដើម​ឡើយ​ការ​ប្រកួត​ត្រូវធ្វើ​ឡើង​តាំងពី​ខែកក្កដា ប៉ុន្តែ​ត្រូវ​ពន្យារពេល ដោយសារ​តែ​ជំងឺ​ដំបៅ​ក្រពះ​របស់ ម៉ៃ ថៃ​សាន់ ស្រាប់តែ​រើ​ឡើង​ភ្លាម​ៗ ត្រូវ​ទទួល​ការ​សង្គ្រោះ​បន្ទាន់​។

កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ ម៉ៃ ថៃ​សាន់ បង្ហាញខ្លួន​ជា​ភ្ញៀវ​ពិសេស​ក្នុង​កម្មវិធី Jimmy Kimmel Live ដោយ​ពិភាក្សា​ពី​អាជីព​ប្រដាល់​របស់​លោក ក៏​ដូច​ជា​ការ​ប្រកួត​នា​ពេល​ខាង​មុខជា​មួយ ជេ​ក ផូ​ល ដែល​នឹង​ក្លាយជា​ការ​ប្រកួត​ដំបូង ដែល​លោក​ឈាន​ជើង​ឡើង​សង្វៀន​ជា​ថ្មី​ម្តងទៀត ចាប់តាំងពី​ការ​ប្រកួត​ក្រៅផ្លូវការ​ស្មើនឹង​គ្នា​ជាមួយ​លោក រ៉​យ ឡេ​វេ​ស្តា ចូ​ន (Roy Jones Jr.) កាលពី​ឆ្នាំ ២០២០​។

ម៉ៃ ថៃ​សាន់ ដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា​ផ្តួល​យុវជន ជេ​ក ផូ​ល បាន​ប្រាប់​ពិធីករ ជី​មមី គី​ម​ម៉េ​ល ថា «​ខ្ញុំ​ហ្វឹកហាត់​ខ្លាំង​ណាស់ ខ្ញុំ​ចាប់ផ្ដើម​ម៉ោង​១១» ស្រាប់តែ ជី​មមី គី​ម​ម៉េ​ល លាន់មាត់​ថា «​ម៉ោង​១១​ព្រឹក​» ថៃ​សាន់ ឆ្លើយ​ថា «​បាទ​! ម៉ោង​១១​ព្រឹក​» ភ្លាម​ៗ ជី​មមី គី​ម​ម៉េ​ល ឱនក្បាល​ចុះ​ហើយ​យកដៃ​ទប់​ក្បាល​ហើយ​និយាយ​ទាំង​ហួសចិត្ត​ថា «​អូ​! ទេ​»​។ ម៉ៃ ថៃ​សាន់ បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ចាប់ផ្ដើម​នៅ​ម៉ោង​១១​ព្រឹក​។ ហើយ​បន្ទាប់​មក​ខ្ញុំ​ចាក​ចេញពី​កន្លែង​ហ្វឹកហាត់​នៅ​ម៉ោង​៥​រសៀល មានការ​សម្រាក​បន្តិច​។ ហើយ​បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​ហាត់​ដាល់​ហើយ ខ្ញុំ​ទៅ​ម៉ាស្សា​រយៈពេល​១​ម៉ោង​។ បន្ទាប់​មក​ខ្ញុំ​ទៅ​កន្លែង​ហាត់​កាយសម្បទា និង​កម្លាំង​។ ពិធីករ ជី​មមី គី​ម​ម៉េ​ល បាន​ដកដង្ហើម​ធំ ក្រោយ​ស្តាប់​ការ​រៀបរាប់​ខាងលើ​នេះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ធ្ងន់​របស់ ម៉ៃ ថៃ​សាន់ បើ​ទោះជា ជេ​ក ផូ​ល ធ្លាប់​ប្រកួត​ប្រភេទ​ទម្ងន់​ស្រាល Cruiserweight យ៉ាងណា​ក៏​ដោយ​។ ហើយ​ការ​ប្រកួត​អាជីព​នេះ នឹង​ធ្វើ​ឡើង​ចំនួន​៨​ទឹក ដោយ​១​ទឹក​មាន​រយៈពេល​២​នាទី ហើយនឹង​តម្រូវ​ពាក់​ហ្គ​ង់​១៤​អោន ដែល​ស្មើនឹង​ទម្ងន់ ០.៤​គីឡូក្រាម​។

មនុស្ស​ដែក ម៉ៃ ថៃ​សាន់ បាន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​អាជីព​ក្នុង​ឆ្នាំ ១៩៨៥ ពោល​គឺ​ស្ថិត​នៅ​វ័យ​១៨​ឆ្នាំ ហើយ​បាន​ចូល​និវត្តន៍​ពី​អាជីព​ដ៏​អស្ចារ្យ​នេះ នៅ​ឆ្នាំ ២០០៥ ដោយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​ស្តេច​ប្រដាល់​ទម្ងន់​ធ្ងន់​អា​មេ​រិ​ក​» ជាមួយ​កំណត់​ត្រា​ប្រកួត​៥៨​ដង ឈ្នះ​៥០​ដង ចាញ់​៦​ដង និង​ចាត់ទុកជា​មោឃៈ ឬ No Contest ២​ដង ដោយ​បាន​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​៤៤​ដង​។

ចំណែក ជេ​ក ផូ​ល ចាប់តាំងពី​ឆ្នាំ ២០២០ បាន​ក្លាយជា​អ្នក​ប្រដាល់​អាជីព ដោយ​ឆ្លងកាត់​ការ​ប្រកួត​អាជីព​១០​ដង ឈ្នះ​៩​ដង ចាញ់​១​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​បោះបង់​ការ​ប្រកួត​៦​ដង ហើយ​ក៏​ធ្លាប់​ឈ្នះ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​នាក់​ផង​ដែរ​៕ (​ប្រភព ៖ SPORTbible)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ