ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំទ្រ IShow Speed ប៉ុន្តែ​ភ្លេច​គិតដល់​កិត្តិយស​ជាតិ ព្រោះតែ​ឆ្លៀត​តោង​គេ​ល្បី?

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ វត្តមាន YouTuber ល្បីឈ្មោះ IShow Speed នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​លើក​ទី​២ ដែល​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់…

រាជធានី​ភ្នំពេញ ៖ វត្តមាន YouTuber ល្បីឈ្មោះ IShow Speed នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​លើក​ទី​២ ដែល​បាន​ធ្វើការ​ផ្សាយ​ផ្ទាល់ នៅ​កណ្តាល​រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​សំខាន់​ៗ ជា​ច្រើន​នោះ ត្រូវ​បាន​មហាជន​ខ្មែរ​ចាត់​ទុក​ថា ចំណេញ​ច្រើន លើ​ការ​ផ្សព្វផ្សាយ​កម្ពុជា ទៅ​កាន់​មនុស្ស​ជុំវិញ​ពិភពលោក ។

ក្រៅពី​ជួយ​ផ្សព្វផ្សាយ​គោលដៅ និង​តំបន់​ទេសចរណ៍ វប្បធម៌​សំខាន់​ៗ ហើយ​នោះ ប្រជាប្រិយភាព​របស់ IShow Speed ជួយ​ឱ្យ​អ្នកគាំទ្រ​រាប់​លាន​នាក់ បាន​ស្គាល់​ពី គុន​ខ្មែរ ក្រ​ម៉ា ស៊ី​ក្លូ មួក​ស្លឹក​ត្នោត នំអន្សម​របស់​ខ្មែរ ជាដើម ជា​ពិសេស​នោះ គឺ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​សារមន្ទីរ​ជាតិ​របស់​កម្ពុជា ។

ផ្ទុយ​ពី​ភាព​ចំណេញ​ទាំងនេះ កំលុង​ពេល​ផ្សាយ​ផ្ទាល់​របស់ IShow Speed ត្រូវ​បាន​អ្នកវិភាគ​ជា​ច្រើន បាន​លើក​ឡើង​ពី​ក្រមសីលធម៌​របស់​យុវ​វ​ជន​ខ្មែរ ដោយ​ចាត់​ទុក​ថា បាន​ធ្វើ​ឱ្យ​អាប់អោន​ដល់​មុខមាត់​ប្រទេស​ជាតិ ជាក់ស្តែង រឿង​ដែល​បាន​កើតឡើង​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ។

សារមន្ទីរ​ជាតិ​កម្ពុជា បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​មិន​គួរ​គប្បី​របស់​យុវជន​មួយ​ចំនួន ដែល​បាន​សម្រុក និង​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​សារមន្ទីរ​ជាតិ នា​អំឡុង​ពេល IShow Speed បាន​ចូល​មក​ទស្សនា​សារមន្ទីរ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ដោយសារ​មន្ទីរ​ជាតិ​កម្ពុជា ចាត់​ទុក​ថា សកម្មភាព​នេះ បាន​បង្ហាញ​ពី​កង្វះខាត នៃ​ការ​គោរព និង​ឲ្យ​តម្លៃ​ទៅ​លើ​បេតិកភណ្ឌ​របស់​ជាតិ​។ លើស​ពី​នេះ សកម្មភាព​ខាងលើ ក៏​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រមទាំង​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ផ្សេង​ៗ ដែល​កំពុង​ចូល​ទស្សនា ។

ក្រៅពី​ស្ថាប័ន​សារមន្ទីរ​ជាតិ បណ្តា​បុគ្គល​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ជា​ច្រើន​រូប ក៏​បាន​ចេញ​មុខ​មក​អំពាវនាវ​ដល់​យុវជន​ខ្មែរ​ទាំងនោះ មេត្តា​គិតពិចារណា និង​ពង្រឹង​ឡើង​វិញ នូវ​ឥរិយាបថ​របស់​ខ្លួន​ឡើង​វិញ ។

Jonh Sey អ្នក​ផលិត​មាតិកា​រប​ច្ចេ​វិទ្យា​ល្បីឈ្មោះ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា «​លើក​ទី ១ ខ្ញុំ​ឃើញ​ក្មេង​ៗ​យើង​អោនក្បាល​មុខ​គេ លើក​ទី ១ ខ្ញុំ​ឃើញ​ក្មេង​ៗ​យើង​ត្រូវ​បាន​គេ​ដេញ​ចេញ ហ៊ាន​ហូប​ត​ពី​មាត់​គេ ត្រូវ​បាន​ច្រាន​ចេញ រុញ​ចេញ និង​ស្តីអោយ​ពីមុខ​គេ .. លើក​ទី ១ ខ្ញុំ​បានឃើញ​បែប​នេះ​.. ខ្ញុំ​ពិតជា​គ្មាន​អ្វី​ថ្លែង​ក្រៅពី​ស្តាយ​ដែល​យើង​មិន​អាច​បង្ហាញ​គេ​អោយ​បាន​ល្អ​ជាង​នេះ​!.. សិទ្ធិ​រាងខ្លួន តែ​យើង​គួរតែ​ធ្វើ​អោយ​បាន​ល្អ​ជាង​នេះ​..» ។

Eatame អ្នក​Review ម្ហូប​ឈានមុខ​នៅ​ស្រុក​ខ្មែរ ក៏​នៅ​មិន​ស្ងៀម​ផង​ដែរ ដោយ​ចេញ​មក​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា ៖ «​ហឹ​មមើ​ល Live Speed ហើយ​ចង់​ថប់​ទ្រូង​ជំនួស មួយ​ៗៗៗៗ សូម​សំណូមពរ​គ្រប់​គ្នា​រក្សា​តម្លៃ ក្រមសីលធម៌​ជា​ខ្មែរ​ដែល​មានការ​គោរព​អោយ​តម្លៃ មាន​វិន័យ ចេះ​ក្រែង​ចិត្ត និង​ចូលរួម​ដោយ​រីករាយ​ផង​ណា​កុំអោយ​ជ្រុល​ពេក រាល់​សកម្មភាព ។

Admin Ratanak អ្នក​ផលិត​មាតិកា​អប់រំ ចំណេះដឹង និង​ប្រវត្តិសាស្ត្រ​ល្បី​មួយ​រូប បាន​ចោទ​ជា​សំណួរ​ថា ៖ «​វត្តមាន IShowSpeed នៅ​ភ្នំពេញ យើង​ឃើញ​ថា សីលធម៌ សុជីវធម៌ ក្មេង​ៗ​មួយ​ចំនួន​តូច ពិតជា​ធ្លាក់​ចុះ​ខ្លាំង​! តើ​ការ​ធ្លាក់​ចុះ​សីលធម៌ និង​សុជីវធម៌​របស់​យុវជន​ខ្មែរ ជា​កំហុស​នរណា ? ៕

កែសម្រួលដោយ