ទីក្រុងប៊ែឡាំង៖ អង្គការណាតូចាប់ផ្ដើមរៀបចំសេណារីយោរបស់ខ្លួនជាបណ្ដើរៗហើយបើសិនផ្ទុះសង្គ្រាមជាមួយរុស្ស៊ីនាពេលអនាគត។ នៅក្នុងផែនការថ្មីនេះ ណាតូរៀបចំការដឹកជញ្ជូនកងទ័ពរបស់ខ្លួនដែលត្រូវរបួសចេញពីសមរភូមិដោយប្រើប្រាស់រថភ្លើងធ្វើជាមន្ទីរចល័តបណ្ដោះអាសន្ន។ មូលហេតុដោយសារការដឹកជញ្ជូនតាមយន្តហោះប្រហែលជាពិបាក ឬមិនអាចទៅរួចទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីឧត្ដមសេនីយ៍យោធាជាន់ខ្ពស់ម្នាក់របស់អង្គការណាតូ។
បើដូច្នេះមែន ពិភពលោកប្រហែលជាមិនស្រួលទេ។ នៅក្នុងសេណារីយោនេះ ណាតូចង់ប្រើប្រាស់យុទ្ធសាស្ត្រដឹកជញ្ជូនយុទ្ធជនដែលត្រូវរបួសខុសពីពេលផ្ទុះសង្គ្រាមនៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់។ នេះជាអ្វីដែលឧត្ដមសេនីយ៍អាឡិចសាន់ដឺ សូលហ្វ្រេង (Alexander Sollfrank) ជាប្រធានផ្នែកភស្តុភាររបស់អង្គការណាតូប្រាប់អ្នកសារព័ត៌មាននៅក្នុងបទសម្ភាស។
លោកថ្លែងថានៅក្នុងករណីផ្ទុះសង្គ្រាមរវាងណាតូ និងរុស្ស៊ី កងទ័ពរបស់ក្រុមបស្ចិមប្រទេសអាចប្រឈមនឹងសមរភូមិដែលលាតសន្ធឹងយ៉ាងធំទូលាយ, អាចប្រឈមនឹងករណីដែលទាហានត្រូវរបួសច្រើន ហើយអាចប្រឈមនឹងគ្រោះថ្នាក់តាមផ្លូវអាកាស (បើសិនណាតូប្រើប្រាស់យន្តហោះដើម្បីចូលទៅដឹកទាហានដែលត្រូវរបួសប្រហែលជាត្រូវរុស្ស៊ីទម្លាក់ខ្ទេច)។
ណាតូត្រូវផ្ដល់ការថែទាំអ្នករបួសប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។ គន្លឹះសំខាន់២នេះហើយដែលត្រូវដោះស្រាយ។ បើទាហានរងរបួសតិចតួចមិនអីទេ។ ប៉ុន្តែបើរបួសច្រើនក្នុងពេលតែមួយពិតជាបញ្ហាប្រឈមធំណាស់។ ឧត្ដមសេនីយ៍រូបនេះមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើណាតូអាចស្ទាបស្ទង់ទុកជាមុនថាទាហានរបស់ខ្លួនត្រូវរបួសប៉ុន្មាននាក់។
ណាតូដាក់ចេញសេណារីយោត្រៀមជម្លៀសយុទ្ធជនដែលត្រូវរបួសនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនបន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។ ណាតូចង់ធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់ និងការពារខ្លួនទល់នឹងលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី។ យោធាអាល្លឺម៉ង់ថ្លែងថារុស្ស៊ីអាចនឹងវាយប្រហាររដ្ឋជាសមាជិកណាតូនៅឆ្នាំ២០២៩។ លោកពូទីនមិនសប្បាយចិត្តទេនៅពេលក្រុមបស្ចិមប្រទេសបន្តផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន។
សង្គ្រាមអ៊ុយក្រែនជាការប្រឈមមុខគ្នារវាងរុស្ស៊ី និងបស្ចិមប្រទេសដ៏ខ្លាំងក្លាមិនធ្លាប់មានចាប់តាំងពីក្រោយវិបត្តិមីស៊ីលនៅគុយបាកាលពីឆ្នាំ១៩៦២។ ឧត្ដមសេនីយ៍សូលហ្វ្រេង (Sollfrank) ទទួលបន្ទុកខាងដឹកជញ្ជូនកងទ័ព និងរថក្រោះដើម្បីដាក់ពង្រាយទូទាំងទ្វីបអឺរ៉ុប។ លោកក៏ទទួលបន្ទុកខាងដឹកជញ្ជូននៅភាគខាងកើតផងដែរលើផ្នែកកាន់ឃ្លាំងស្តុកទុកគ្រាប់រំសេវ។
លោកថ្លែងថាបើសង្គ្រាមរវាងរុស្ស៊ី និងណាតូផ្ទុះឡើងមែន គេមិនអាចចូលទៅដឹកជញ្ជូនយុទ្ធជនដែលត្រូវរបួសនៅលើចម្ងាយផ្លូវដ៏វែងឆ្ងាយដល់ថ្នាក់នេះបានឡើយ។ ក្រុមគ្រូពេទ្យដែលចង់ទៅដឹកអ្នករបួសនៅលើសមរភូមិមិនអាចទៅរួចទេ។ មីស៊ីល និងយន្តហោះរបស់រុស្ស៊ីអាចនឹងបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនអ្នករបួសអស់គ្មានដល់។ មិនអាចធ្វើដូចនៅអាហ្វហ្កានីស្ថាន និងអ៊ីរ៉ាក់បានឡើយ។ ដូច្នេះ ជម្រើសដែលសមស្របគឺកែច្នៃរថភ្លើងធ្វើជាមន្ទីរពេទ្យ។ តាមមធ្យោបាយនេះ ណាតូអាចដឹកជញ្ជូនអ្នករបួសបានច្រើនជាងយន្តហោះ៕
ចែករំលែកព័តមាននេះ