ខេត្តព្រៃវែង ៖ ស្របពេលដែលទំនាស់រវាងអតិថិជនរាប់សិបនាក់ ជាមួយម្ចាស់គម្រោងផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កំពុងក្ដៅគគុក លុះពេលសារព័ត៌មានចុះផ្សាយទើបប្រគល់លុយអោយម្ចាស់គេវិញ ។
បែរជាភាគីពលរដ្ឋចេញមុខបកអាក្រាតនូវអំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ប្រធានការិយា ល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀចថែមមួយករណីទៀត ។ ដោយចោទថា លោកប្រធានការិយាល័យរូបនេះ បានទទួលសំណូកយកប្រាក់ចំនួន១.០០០.០០០រៀល ជាថ្នូរនឹងការចុះហត្ថលេខាលើឯកសារនៃទម្រង់បែបបទ ដើម្បីកាត់ឈ្មោះពីអ្នកលក់មកអ្នកទិញ សម្រាប់ដី១ប្លង់តូច គឺថ្លៃទឹកប៊ិច… ហេ! ហេ!
ករណីនេះ លោក អ៊ាង សារ៉ុម ប្រធានការិយាល័យភូមិបាលស្រុកកញ្ជ្រៀវបានប្រាប់ភ្នាក់ងារយើងអោយដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធ១លានរៀលនេះ គឺគេជូនសារគុណលោកដែលគេប្រើអោយចុះវាស់វែងដី៣-៤ដងនោះទេ មិនពាក់ព័ន្ធការស៊ីសំណូកនោះឡើយ….! ហើយរឿងនេះ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្ត ក៏ត្រូវបានបញ្ចប់រួចរាល់អស់ហើយផងដែរ គឺអ្នកស៊ីលុយរលាស់ខ្លួនព្រិលតែម្តង ។
ជុំវិញរឿងនេះ លោក ផន សាន ជាគ្រូបង្រៀន និងជាអាជីវករផ្សារក្ដឿងរាយបានអះអាងប្រាប់កោះសន្តិភាពដឹងថា លោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀច ពិតជាបានទទួលលុយចំនួន១លានរៀលពីគាត់ពិតប្រាកដមែន ។
លោក ផន សាន បន្តទៀតថា លុយចំនួន១លានរៀលនេះ គឺថ្លៃចុងប៊ិច លោក អ៊ាង សារ៉ុម ដែលត្រូវស៊ីញ៉េលើទម្រង់ឯកសារបែបបទ (ប្លង់រឹង) ក្នុងការកាត់ឈ្មោះពីអ្នកលក់មកឱ្យខ្លួនជាអ្នកទិញ ។
បើតាមលោក ផន សាន ដីលំនៅឋានផ្ទះល្វែងដែលត្រូវកាត់ឈ្មោះនោះ គឺរូបលោកបានទិញពីលោកឈាង ផាត ម្ចាស់កម្រោងផ្ទះល្វែងជាប់ផ្លូវចូលផ្សារក្ដឿងរាយ ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ការស្នើកាត់ឈ្មោះដីលំនៅឋាននៅពេលនេះ បន្ទាប់ពីលោកឈាង ផាត ម្ចាស់គម្រោងបានធ្វើការសម្របសម្រួលបញ្ចប់វិវាទជាមួយខ្លួន ដែលជាអ្នកទិញ ។ ក្នុងនោះ ភាគីអ្នកលក់ត្រូវផ្ទេរដី រួមនិងផ្ទះដែលសាងសង់មិនទាន់រួចរាល់ ឱ្យមកអ្នកទិញ តាមការព្រមព្រៀង១គុណជា២ ។
លោក ផន សាន បញ្ជាក់ទៀតថា ប្រាក់ចំនួន១លានរៀល ដែលខ្លួនប្រគល់ឱ្យលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀចកាលពីថ្ងៃទី១៧ ខែ០៩ ២០២៤ នោះ គឺពុំមែនសម្រាប់ឱ្យលោក
អ៊ាង សារ៉ុម យកទៅរត់ការ.ធ្វើសោហ៊ុយ.បង់សេវាច្រកចេញចូលតែមួយ ឬបង់ពន្ធចូលរដ្ឋអ្វី
ឡើយ ។
ជាក់ស្តែង លុយនោះ បង់ចូលហោប៉ៅ លោក អ៊ាង សារ៉ុម តែម្ដង ជាថ្នូរនឹងការវាស់វែងចុះហត្ថ លេខាលើលិខិតទម្រង់ក្នុងការបំពេញនីតិវិធីសម្រាប់កាត់ឈ្មោះតែប៉ុណ្ណោះ ។ លោក ផន សាន អះអាងថា ខ្លួនកំពុងទន្ទឹងរង់ចាំឯកសារទម្រង់ ពីលោក អ៊ាង សារ៉ុម យ៉ាងអន្ទះសាបំផុត ។ ដោយហេតុថា ទំនាស់រវាងខ្លួន និងលោកឈាង ផាត ទើបបញ្ចប់ ហើយត្រូវកាត់ឈ្មោះឱ្យរួចរាល់ឆាប់ៗ កុំឱ្យហ្មងសៅទៅថ្ងៃក្រោយទៀត ។
តែផ្ទុយទៅវិញ បន្ទាប់ពីទទួលបានលុយចំនួន១លានរៀលហើយ បែរជាលោក អ៊ាង សារ៉ុម ប្រធានភូមិបាលស្រុកកញ្ជ្រៀចមិនអើពើក្នុងការស៊ីញ៉េពន្លឿនឯកសារ ដោយយកទម្រង់ទៅទុកចោល មិនព្រមទម្លាក់ ឬប្រគល់ឱ្យទៅការិយាល័យជំនាញ ដើម្បីគូសប្លង់អ្វីឡើយ ។ ម្ល៉ោះហើយទើបខ្លួនរំលើកបើកកកាយ និងបកអាក្រាតអំពើពុករលួយរបស់លោក អ៊ាង សារ៉ុម តែម្ដងទៅ ។
បើតាមប្រភពបង្ហើបថា អំពើពុករលួយរបស់លោក អ៊ាង សារ៉ុម ពុំមែនមានតែ១ករណីហ្នឹងទេ ពោលគឺនៅមានច្រើនករណីទៀត ដែលស្ថិតក្នុងអាថ៌កំបាំង ដូចជាដីពាក់ព័ន្ធដីផ្ទេរកម្មសិទ្ធ ដីឯកសារមិនគ្រប់ ខុសនេះខុសនោះ ដីកាត់ឈ្មោះ ឬបំបែក(ប្លង់)ជាដើម ។ ក្នុងនោះដែរ ការកាត់ឈ្មោះនីមួយៗពលរដ្ឋត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះក្នុង១ប្លង់ ។
ទន្ទឹមនិងនោះ ក៏មានពលរដ្ឋរអ៊ូររទាំអំពីការផ្ដល់សេវាសាធារណៈមិនល្អពីសំណាក់លោក អ៊ាង សារ៉ុម ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀចទៀតផង ។
រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀចមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ។ ចំណែកលោក ប៉ែន ថុន មេឃុំក្ដឿងរាយបានថ្លែងថា រូបលោកពុំបានដឹងទេ ពាក់ព័ន្ធការយកលុយអីទាំង
នុង ។ ក្នុងរឿងនេះ គេសង្ឃឹមថា លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង នឹងចាត់វិធានការលើលោក អ៊ាង សារ៉ុម មិនខានឡើយ ។
ដើម្បីកុំឱ្យប៉ះពាល់សតិអារម្មណ៍ ពលរដ្ឋក្នុងស្រុកកញ្ជ្រៀចតទៅទៀត និងដើម្បីចៀសវាង កុំឱ្យខូចឈ្មោះដល់អង្គភាព មន្ទីរសុរិយោដីខេត្តព្រៃវែង ដែលកំពុងបម្រើសេវាសាធារណៈដល់ពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ។
សូមជម្រាបបន្ថែមថា គម្រោងផ្សារក្ដឿងរាយ បានអភិវឌ្ឍន៍លើដីស្រែទំហំប្រមាណជាង៥ហិកតា ស្ថិតនៅភូមិដូងវាល ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ហើយបច្ចុប្បន្ន គម្រោងមួយនេះ កំពុងកើតទំនាស់ជាខ្លាំងរវាងក្រុមពលរដ្ឋអ្នកទិញ និងម្ចាស់គម្រោង ។ ក្រោយអតិថិជនរាប់សិបនាក់ ទិញផ្ទះល្វែង ដីឡូត៍ និងតូប ក្នុងគម្រោងផ្សារក្ដឿងរាយ បង់លុយគ្រប់ចំនួនរយៈពេល២ ទៅ៣ឆ្នាំហើយ បែរជាមិនទាន់ទទួលបាន(ប្លង់) ឬលិខិតផ្ទេរកម្មសិទ្ធិ ។
ជាមួយគ្នានោះ ពលរដ្ឋចំនួន២៨គ្រួសារបានប្ដឹងលោកម៉ៅ អៀង ម្ចាស់គម្រោងវិនិយោគផ្សារក្ដឿងរាយចូលអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទ «រំលោភលើទំនុកចិត្ត» ពាក់ព័ន្ធលុយរាប់ម៉ឺនដុល្លារ ។
ចែករំលែកព័តមាននេះ