រាជធានីភ្នំពេញ ៖ កុំបង្ខំកូនរបស់អ្នកឱ្យញ៉ាំ ប៉ុន្តែអ្នកត្រូវស្វែងរកវិធី ដើម្បីជួយពួកគេឱ្យមានអារម្មណ៍ល្អក្នុងការសាកល្បងរសជាតិថ្មី ។ ដរាបណាកូនរបស់អ្នកញ៉ាំអាហារច្រើនមុខ ហើយគ្រូពេទ្យនិយាយថា ពួកគេមានសុខភាពល្អ អ្នកមិនចាំបាច់តតាំង ឬតម្រូវតែឱ្យពួកគេញ៉ាំបន្លែគ្រប់មុខនោះទេ ។ ផ្ទុយទៅវិញ ព្យាយាមគោរពតាមចំណូលចិត្តរបស់កូនអ្នក ខណៈពេលដែលលើកទឹកចិត្តពួកគេឱ្យសាកល្បងអាហារថ្មីៗ ។
១. កុំបង្ខំកុមារឱ្យញ៉ាំអាហារ ៖ ខណៈពេលដែលយើងចង់ឱ្យកូនរបស់យើងញ៉ាំបន្លែ និងជីវជាតិគ្រប់មុខ ការបង្ខំអាចមានឥទ្ធិពលផ្ទុយ ។ ការបង្ខំ ការធ្វើឱ្យក្មេងអង្គុយនៅតុរហូតដល់ញ៉ាំបាយអស់សិន មិនមែនជាវិធីល្អបំផុតនោះទេ ។ ការបង្ខំអាចឱ្យអាហារធ្វើទុក្ខដល់កុមារ និងបង្កើតទំនាក់ទំនងអវិជ្ជមានរវាងអ្នក និងកូន ។ ដរាបណាគ្រូពេទ្យកុមារនិយាយថា កូនរបស់អ្នកមានសុខភាពល្អ ហើយគេកំពុងញ៉ាំអាហារច្រើនប្រភេទ កុំបង្ខំឱ្យកូនញ៉ាំបន្លែបៃតងតាមចិត្តរបស់អ្នកអី ។
២. ព្យាយាមបន្ថែមមុខអាហារបន្តិចម្តងៗ ៖ ចូរគោរពនូវអ្វីដែលកុមារចូលចិត្ត ខណៈពេលដែលលើកទឹកចិត្តពួកគេឱ្យសាកល្បងរបស់ថ្មី ។ អ្នកអាចធ្វើជាគំរូល្អដោយធ្វើជាអ្នកញ៉ាំអាហារច្រើនមុខ ។ ដាក់បញ្ចូលបញ្ជីមុខម្ហូបថ្មីសម្រាប់ក្រុមគ្រួសារសាកល្បង ។ ចូរសាកល្បងអាហារដែលអ្នកមិនចូលចិត្តកាលពីអតីតកាល ហើយពន្យល់ថា អ្នកកំពុងផ្តល់ឱកាសម្តងទៀត ពីព្រោះរសជាតិរបស់អ្នកប្រហែលជាបានផ្លាស់ប្តូរ ។ យើងចង់បង្ហាញកុមារថា យើងចេះសម្របខ្លួន ។
៣. កុំធ្វើម្ហូបទីពីរទុកឱ្យកូន ៖ នៅពេលកូនៗមិនចូលចិត្តម្ហូបណាមួយសម្រាប់អាហារពេលល្ងាច ឪពុកម្តាយខ្លះក៏ធ្វើមុខម្ហូបទីពីរមួយផ្សេងទៀតទុកឱ្យកូន វាជាគំរូមិនល្អនោះទេ ។ ជំនួសមកវិញ អ្នកអាចធ្វើម្ហូបងាយៗរហ័សទុកឱ្យវិញដូចជាសាឡាត ឬទឹកដោះគោ ឬធញ្ញជាតិមួយចានសម្រាប់ពេលយប់ ។
៤. ដោះស្រាយអាហារមិនចូលចិត្ត ៖ វាក៏សំខាន់ផងដែរក្នុងការបង្រៀនក្មេងៗថា អាហារមិនខូចរសជាតិទេ ទោះបីវាមានបន្លែអ្វីមួយដែលពួកគេមិនចូលចិត្តនៅក្នុងនោះក៏ដោយ ។ ឧទាហរណ៍ បើកូនមិនចូលចិត្តប៉េងបោះនៅក្នុងបឺហ្គ័រទេ ពួកគេអាចដកវាទុកមួយដុំ ហើយញ៉ាំបឺហ្គ័រនោះតាមធម្មតា មិនមែនមិនញ៉ាំបឺហ្គ័រទាំងមូលនោះទេ ។
៥. ធ្វើអាហារជាមួយគ្នា ៖ មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយជាមួយក្មេងរើសអាហារ គឺធ្វើឱ្យពួកគេចូលរួមកាន់តែច្រើនជាមួយនឹងអាហាររបស់ពួកគេ ។ វិធីដ៏ល្អមួយក្នុងការធ្វើរឿងនេះ គឺការទៅទិញទំនិញជាមួយគ្នា ចម្អិនជាមួយគ្នា ។ ការចម្អិនអាហាររួមគ្នា គឺជាវិធីដ៏ល្អក្នុងការធ្វើឱ្យកុមារមានអារម្មណ៍បើកចំហចំពោះអាហារថ្មី ៕ ប្រភព ៖ childmind
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ បវេសនកាលឆ្នាំសិក្សាថ្មីសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ចាប់ទទួលចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍រហូតដល់ ២០% ការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ និងបន្ថែមកម្មវិធីសិក្សាអមអន្តរជាតិ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ