ទីក្រុងរ៉ង់ហ្គូន៖ រដ្ឋាភិបាលឥណ្ឌាបានអញ្ជើញគូបដិបក្សនយោបាយ និងចលនាប្រដាប់អាវុធដែលកំពុងឈ្លោះគ្នានៅភូមាដើម្បីជួបគ្នា និងជជែកគ្នានៅរដ្ឋធានីញូដេលី។ នេះជាចំណាត់ការដ៏គួរឱ្យកត់សម្គាល់របស់ឥណ្ឌាក្នុងនាមជាមហាអំណាចអាស៊ីខាងត្បូង និងដែលមានព្រំដែនជាប់ភូមា។ ឥណ្ឌាបន្តដាក់ទំនាក់ទំនងការទូតជាប្រក្រតីជាមួយរបបសឹកមីនអុងឡាំង។
តាមពិត កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក៏សម្រាប់ប្រទេសជាតិរបស់ខ្លួនផងដែរ។ វិបត្តិនៅមីយ៉ាន់ម៉ាចាប់តាំងពីក្រោយរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១បានបង្កអស្ថិរភាពនៅតាមព្រំដែនឥណ្ឌា និងមីយ៉ាន់ម៉ាដែលមានប្រវែងសរុប១៦៥០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ការប៉ះទង្គិចគ្នាប្រដាប់អាវុធក៏ប៉ះពាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ឥណ្ឌាផងដែរ។
ថ្នាក់ដឹកនាំចលនាតស៊ូប្រដាប់អាវុធភូមា (ដែលប្រឆាំងនឹងលោកមីនអុងឡាំង) និងប្រភព២ទៀតដែលដឹងរឿងនេះច្បាស់បានបង្ហើបឱ្យដឹងថារដ្ឋាភិបាលបង្រួបបង្រួមជាតិ និងពួកឧទ្ទាមជនជាតិភាគតិចនៅរដ្ឋឈីន (Chin), រ៉ាក់ខាញ (Rakhine) និងកាឈីន (Kachin) ត្រូវបានឥណ្ឌាអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចជំនួបដែលរៀបចំនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ។
កិច្ចជំនួបនេះរៀបចំឡើងដោយស្ថាប័នមួយដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលឥណ្ឌា។ គេមិនទាន់ដឹងច្បាស់ថាតើរបបសឹករបស់លោកមីនអុងឡាំងត្រូវបានអញ្ជើញឱ្យចូលរួមដែរឬទេ។ ប៉ុន្តែកាលពីពេលកន្លងមក របបសឹកមិនព្រមចូលតុចរចាទេ និងចោទប្រកាន់ថាពួកឧទ្ទាមទាំងនេះជាក្រុមភេរវកម្ម។ ក្រុមឧទ្ទាម «រណសិរ្យជាតិឈីន» ថ្លែងថាខ្លួននឹងបញ្ជូនអ្នកតំណាងទៅចូលរួម។ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅអ្នកនាំពាក្យរបបសឹកដែរ។ ប៉ុន្តែគាត់មិនលើកទូរស័ព្ទ។ រដ្ឋាភិបាលឥណ្ឌា និងក្រុមប្រឹក្សាដែលរៀបចំកិច្ចជំនួបនេះក៏មិនមាត់មិនកទៅទៀតនៅពេលអ្នកសារព័ត៌មានព្យាយាមស្នើសុំសេចក្ដីពន្យល់។
ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថាចលនាប្រដាប់អាវុធមួយចំនួនដូចជាកងទ័ពអារ៉ាខាន់ (Arakan Army) និងកងទ័ពឯករាជ្យកាឈីនក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមផងដែរ។ ពួកនេះកម្លាំងយោធាក៏មិនអន់ប៉ុន្មានដែរអាចស៊ីសងគ្នាជាមួយរបបសឹកបាន។ អ្នកសារព័ត៌មានមិនទាន់អាចទាក់ទងទៅអ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួមជាតិ, ចលនាអារ៉ាខាន់ និងកងទ័ពកាឈីនដើម្បីធ្វើអត្ថាធិប្បាយទៅលើរឿងនេះនៅឡើយទេ។
រហូតមកដល់ពេលនេះ ឥណ្ឌាពុំដែលរិះគន់របបសឹកភូមាជាចំហទេ។ ទន្ទឹមនឹងនោះ របបសឹកក៏មិនសូវមានទំនាក់ទំនងល្អូកល្អឺនជាមួយឥណ្ឌាប៉ុន្មានដែរ។ លោកមីនអុងឡាំងច្រើនងាកទៅរកប្រទេសចិនច្រើនជាង។
ថ្វីដ្បិតគេមិនដឹងថាតើឥណ្ឌារៀបចំគម្រោងជួបគ្នាលើកនេះក្នុងគោលបំណងអ្វី ប៉ុន្តែកាលពីខែមិថុនា រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសម្ដែងការខ្វាយខ្វល់អំពីបញ្ហាអស្ថិរភាព និងអសន្តិសុខនៅតាមព្រំដែនដែលអាចនឹងប៉ះពាល់គម្រោងអភិវឌ្ឍរបស់ឥណ្ឌានៅភូមា។ រដ្ឋមន្ត្រីរូបនេះថ្លែងថាឥណ្ឌាបើកចំហជានិច្ចសម្រាប់ការចូលរួមពីគ្រប់ភាគីជម្លោះទាំងអស់ដើម្បីដោះស្រាយបញ្ហានេះទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ