ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជិត​១៥០​គ្រួសារ​ដាក់​បណ្តឹងតវ៉ា​រឿង​មេឃុំ​ព្នាយ​លើក​​លោក ជា ភី​ន ឱ្យធ្វើ​ជា​មេ​ភូមិ​ដែលពួកគេ​មិន​​ពេញ​ចិត្ត​

10 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៤៩​គ្រួសារ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្នុង​សាលា​បុណ្យ​មួយ​កន្លែង​ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៤៩​គ្រួសារ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ក្នុង​សាលា​បុណ្យ​មួយ​កន្លែង​ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤ និង​ផ្តិត​មេដៃ​ដាក់​ពាក្យបណ្តឹង​ទៅ​លោក​អភិបាលស្រុក​សំរោង​ទង ដើម្បី​ឱ្យ​ជួយ​ពិនិត្យ​និង​អន្តរា​គមន៍​ទម្លាក់​លោក​ជា ភី​ន អាយុ​ជាង​៥០​ឆ្នាំ​ ដែល​ជា​មេ​ភូមិ​លើក​បន្តុប​ដោយ​លោក​មេឃុំ​ព្នាយ ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់​​មិន​ពេញចិត្ត​ឡើយ ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង ​លោក ហ៊ុយ មុត អាយុ​៥១​ឆ្នាំ មុខរបរ​​ប្រជា​ការពារ​ភូមិ លោក អ៊ួ​ង ថា អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង​អ្នកស្រី ផល សូ​យ​ អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១៤៩​គ្រួសារ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នាថា ពួក​គាត់​មិន​ពេញចិត្ត​ចំពោះ​លោក​មេ​ភូមិ​ឈ្មោះ ជា ភី​ន ដែល​ទើប​ឡើង​កាន់​តំណែង​ជាង​១​ខែ​មក​ហើយ​នោះ​ទេ​ ដោយសារ​តែ​លោក​មេឃុំ​ព្នាយ​បាន​លើក​បន្តុប​ជា​សាច់ញាតិ​របស់គាត់ផង​ដែរ​ ។  

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពួក​គាត់​ទាំង​១៤៩​គ្រួសារ​​ កើត​​ទុក្ខ​មិន​សុខចិត្ត​នោះ​ទេ ដោយសារ​តែ​លោក​មេឃុំ​ព្នាយ​បាន​និយាយ​ថា រឿងលើក​មេ​ភូមិ​ឡើង​គឺ​គាត់​ជា​អ្នក​សម្រេច គ្មាន​ប្រជាជន​ណា​ម្នាក់​មាន​សិទ្ធិ​តវ៉ា​នោះ​ឡើយ​ ។ ក​ក្តា​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​មិន​សប្បាយចិត្ត ក៏​ព្រោះថា ឈ្មោះ ជា ភី​ន នេះ មិនមែន​ជា​អ្នកមាន​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់​នេះទេ គឺជា​អ្នក​ចំណូល​ថ្មី​ ។ ពួក​គាត់​សូម​ឱ្យ​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ធ្វើការ​ពិនិត្យ​និង​ពិចារណា​ឡើង​វិញ និង​ធ្វើការ​បោះ​ឆ្នោត​រៀបចំ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ផង​។ ពួក​គាត់​មិន​ជំទាស់​នោះ​ទេ បើ​រៀបចំ​បោះ​ឆ្នោត ហើយ​ជ្រើសរើស​អ្នក​ណា​ក៏​បានឱ្យ​តែ​មានកំណើត​កើត​នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់​នេះ ពួក​គាត់​សប្បាយចិត្ត​ទទួលយក​ដោយ​ឥត​ល​ក្ខខណ្ឌ​ឡើយ​៕​​

ព័ត៌មានបន្ត​នឹង​មានផ្សាយជូន​នៅលើ​កាសែត​កោះ​សន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ