ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​មហាសេដ្ឋី​វៀតណាម ស្នើ​ពង្រីក​ការ​អប់រំ​ភាសា​អង់គ្លេស​ដល់​ប្រជាជន​គ្រប់​រូប

2 ខែ មុន

ប្រទេស​វៀតណាម ៖ លោក ផា​ម ញ៉ា​ត វឿ​ង (Pham Nhat Vuong) មហាសេដ្ឋី​មាន​បំផុត​របស់​ប្រទេស​វៀតណាម…

ប្រទេស​វៀតណាម ៖ លោក ផា​ម ញ៉ា​ត វឿ​ង (Pham Nhat Vuong) មហាសេដ្ឋី​មាន​បំផុត​របស់​ប្រទេស​វៀតណាម ដែល​ជា​ប្រធាន​ក្រុមហ៊ុន Vingroup បាន​ស្នើ​ពង្រីក​ការ​អប់រំ​ភាសា​អង់គ្លេស​នៅ​ទូ​ទាំង​ប្រទេស មិន​ត្រឹមតែ​នៅ​ក្នុង​សាលារៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​ប្រទេស​វៀតណាម​ទាំងមូល​តែ​ម្តង​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៤​។

ថ្លែង​ក្នុង​សន្និសីទ​រដ្ឋាភិបាល​-​ធុរកិច្ច កាលពី​ថ្ងៃ​សៅរ៍​មុន លោក ផា​ម ញ៉ា​ត វឿ​ង បាន​ធ្វើការ​តស៊ូ​មតិ សម្រាប់​ការ​ទទួល​បាន​កាន់តែ​ច្រើន​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស ដោយ​មាន​គោលបំណង​លើកកម្ពស់​សង្គម​ពលរដ្ឋ​សកល​។ លោក​បាន​ស្នើ​ថា អាជីវកម្ម​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន Vingroup របស់​លោក​ផង​នោះ អាច​ជួយ​ដល់​គ្រូបង្រៀន ដែល​ធ្វើការ​នៅ​តាម​តំបន់​ដាច់​ស្រយាល​។ លោក​បាន​ថ្លែង​ថា «​ការ​លើកកម្ពស់​ការ​អប់រំ​ភាសា​អង់គ្លេស​ពី​តំបន់​ដាច់​ស្រយាល​រហូត​ដល់ទី​ក្រុង នឹង​បង្កើត​ឱកាស​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កុមារ រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​នៃ​តំបន់​ទាំងនេះ នា​ពេល​អនាគត​»​។

សំណើ​របស់​កំពូល​មហាសេដ្ឋី​វៀតណាម ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ត្រូវ​បាន​ប៉ាន់ស្មាន​ពី​គេហទំព័រ Bloomberg ចំនួន ៥.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក វ័យ​៥៦​ឆ្នាំ​រូប​នេះ ស្រប​នឹង​គំនិត​ផ្តួចផ្តើម​របស់​ការិយាល័យ​នយោបាយ នៅ​ក្នុង​ការ​ជំរុញ​ជំនាញ​ភាសាបរទេស​ក្នុង​ចំណោម​សិស្សានុសិស្ស និង​ធ្វើ​ឱ្យ​ភាសា​អង់គ្លេស​ជា​ភាសា​ទី​២ នៅ​ក្នុង​សាលារៀន​បន្តិច​ម្តង​ៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​បង្កើន​កូតា​បណ្តុះបណ្តាល​សម្រាប់​និស្សិត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូច​ជា ព័ត៌មានវិទ្យា និង ទិន្នន័យ​ធំ ឬ Big Data នៅ​ក្នុង​គោលបំណង​ពង្រីក​បន្ថែម​លើ​កម្លាំង​ការងារ​បច្ចេកវិទ្យា​របស់​ប្រទេស​វៀតណាម​។

បច្ចុប្បន្ន​ប្រទេស​វៀតណាម​មាន​អាជីវកម្ម​សកម្ម​ជាង ៩៣០.០០០​អាជីវកម្ម ដែល​បាន​រួមចំណែក​ប្រមាណ ៤៦% នៃ​ផលិតផល​ក្នុងស្រុក​សរុប ឬ GDP របស់​ប្រទេស​វៀតណាម និង ៣០% នៃ​ប្រាក់​ចំណូល​ជាតិ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ លោក ង្វៀ​ន ជី ឌុ​ង (Nguyen Chi Dung) រដ្ឋមន្ត្រី​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ចង្អុលបង្ហាញ​ថា ភាគច្រើន​ជា​សហគ្រាស​ធុន​តូច ឬ​មធ្យម ដែល​មានការ​ចូលរួម​នៅ​មាន​កម្រិត​នៅឡើយ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​គួរតែ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​អាច​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​ចូលរួម​គាំទ្រ​ដល់​រដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ